ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា តុលាការវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសសកម្មជនបរិស្ថានម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំពន្ធ។
សកម្មជនបរិស្ថានរូបនោះគឺលោកស្រី Hoang Thi Minh Hong ប្រធានក្រុមតស៊ូមតិបរិស្ថាន ដែលលោកស្រីបានចាប់ផ្តើមនៅឆ្នាំ ២០១៣ ហើយដំណើរការរហូតដល់ឆ្នាំ ២០២២រងការកាត់ទោសពីបទគេចពន្ធនៅក្នុងការកាត់ក្តីរយៈពេល១ថ្ងៃនៅទីក្រុងហូជីមិញ។ នេះបើយោងតាមកាសែតThanh Nien របស់វៀតណាម។
កាសែតបានដកស្រង់ការចោទប្រកាន់ថា លោកស្រី Hong រងការចោទប្រកាន់ពីបទគេចពីការបង់ពន្ធដែលមានតម្លៃ ៦,៧ ប៊ីលានដុង (២៧៤ ៤៨៨ ដុល្លារ)ក្នុងអំឡុងឆ្នាំ ២០១២-២០២២។
ការកាត់ទោសលោកស្រីបែបនេះ បានកើតឡើងតែ២សប្តាហ៍ប៉ុណ្ណេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលលោក និងមេដឹកនាំវៀតណាមបានមានគំនិតផ្តួចផ្តើមរួមគ្នាជាច្រើន រួមទាំងការការពារសិទ្ធិមនុស្សផងដែរ។
ជុំវិញបញ្ហានេះ លោក Ben Swanton សហនាយកនៃអង្គការសប្បុរសធម៌The 88 Project បាននិយាយថា៖ «ការផ្តន្ទាទោសនេះ គឺជាការក្លែងបន្លំទាំងស្រុង គ្មាននរណាម្នាក់គួរត្រូវបានបោកបញ្ឆោតឱ្យជឿឡើយ»។
លោកបានបន្ថែមថា៖ «នេះគឺជាឧទាហរណ៍មួយផ្សេងទៀតនៃច្បាប់ធ្វើអាវុធ ដើម្បីធ្វើទុក្ខបុកម្នេញសកម្មជនអាកាសធាតុ ដែលកំពុងប្រយុទ្ធដើម្បីសង្គ្រោះភពផែនដី»។
មេធាវីរបស់លោក ហុង មិនទាន់ចេញការប្រតិកម្មយ៉ាងណានោះទេ៕