
លោក Rafael Iangareev មន្រ្តីទទួលបន្ទុកព័ត៌មានស្ថានទូតរុស្ស៊ី។ ស្ថានទូត
សង្គ្រាមនៅប្រទេសអ៊ុយក្រែនបានកន្លងផុតទៅ ៥៨២ ថ្ងៃ ឬជាង ១៩ ខែ មកទល់ពេលនេះ ប៉ុន្តែគ្មានសញ្ញាណគួរទុកចិត្តបានណាមួយដែលប្រទេសទាំង ២ អាចអង្គុយតុជាមួយគ្នា និយាយរឿងសន្តិភាពរបស់ប្រទេសបងប្អូនសត្រូវបង្ហូរឈាមទាំង ២។
ទន្ទឹមគ្នានេះមានប្រទេសដែលមានឥទ្ធិពលទាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយមួយចំនួនបានស្នើផែនការចរចាសន្តិភាពទៅឱ្យប្រទេសរុស្ស៊ី ប៉ុន្តែភាគីរុស្ស៊ីវិញបានចោទប្រកាន់ភាពជាប់គាំងនៃការចរចានេះទៅលើភាគីអ៊ុយក្រែន និងប្រទេសក្នុងបស្ចិមលោក ដែលតែងច្រានចោលលទ្ធភាពចរចាសន្តិភាពដែលស្នើឡើងដោយប្រទេសមួយចំនួន។
តាមការរៀបរាប់របស់ លោក Rafael Iangareev មន្ត្រីទទួលបន្ទុកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញនៅក្នុងការសង្ខេបព្រឹត្តិការណ៍ប្រចាំខែជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងៗដែលឆ្លុះបញ្ជាក់ពីនយោបាយការបរទេសរបស់ប្រទេសរុស្ស៊ី ប្រទេសធំៗជាច្រើនបានចូលរួមចែករំលែកទស្សនៈអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។
លោក Rafael និយាយថា៖ «យើងបានឃើញដៃគូជាច្រើនចែករំលែកទស្សនៈរបស់ពួកគេអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ឧទាហរណ៍ ពីតួកគី អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី ប្រេស៊ីល អ្រាហ្វិកខាងត្បូង»។
លោកបន្ត៖«ជាការពិត ទិដ្ឋភាពដែលបានស្នើមួយចំនួនគឺស្របនឹងការយល់ដឹងរបស់យើងអំពីស្ថានភាព។ យ៉ាងណាក៏ដោយ ដូចដែលខ្ញុំបាននិយាយ ការចាប់ផ្តើមចរចាអាស្រ័យលើអ៊ុយក្រែន និងលោកខាងលិច»។
មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងអ៊ុយក្រែន ធ្លាប់ចាប់ផ្តើមចរចាប៉ុន្មានលើកពេលសង្គ្រាមទើបចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែត្រូវអាក់ខានទៅវិញរហូតដល់សព្វថ្ងៃនេះ ដោយកាលនោះភាគីអ៊ុយក្រែនបានច្រានចោលលទ្ធភាពចរចាបន្ថែមទៀតដោយសារតែការតម្រូវលក្ខខណ្ឌទុកជាមុនរបស់មហាអំណាចរុស្ស៊ីដែលទាមទារឱ្យអ៊ុយក្រែនធ្វើតាមអ្វីដែលខ្លួនចង់បាន ដូចជាការដាក់ប្រទេសអ៊ុយក្រែនជាអព្យាក្រឹត ទទួលស្គាល់ឧបទ្វីបគ្រីមាជារបស់រុស្ស៊ី និងទទួលស្គាល់តំបន់ទាមទារបំបែកខ្លួនដុនបាសជារដ្ឋឯករាជ្យជាដើម។
បស្ចិមប្រទេសដែលសំដៅទៅដល់ប្រទេសទាំងឡាយក្នុងតំបន់អឺរ៉ុបជាពិសេសមហាអំណាចនៅអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក បានសន្យា និងបង្កើនការផ្គត់ផ្គង់អាវុធកាន់តែច្រើនឡើងៗ និងទំនើបឡើងៗដល់អ៊ុយក្រែនដើម្បីប្រយុទ្ធទប់ទល់ និងប្រទេសរុស្ស៊ី រហូតដល់មានលទ្ធភាពរុញច្រានទ័ពមហាយក្សរុស្ស៊ីឱ្យដកថយ និងដណ្តើមបានតំបន់ដែលទ័ពរុស្ស៊ីដាក់មូលដ្ឋាន និងជីកលេណដ្ឋានដ៏រឹងមាំទៀតផង។
លទ្ធភាពនៃការចរចាសន្តិភាពរវាងប្រទេសបងប្អូនសត្រូវបង្ហូរឈាមទាំង ២ កាន់តែខ្សត់ខ្សោយទៅៗនៅពេលដែលកងទ័ពអ៊ុយក្រែនទទួលបានសព្វាវុធកាន់តែទំនើបៗ និងទទួលបានការគាំទ្រផ្នែកការទូតកាន់តែច្រើនដែលរួមចំណែកទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែនដោយឥតលក្ខខណ្ឌវិញ ខណៈប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ច្រានចោលលទ្ធភាពចរចាទាំងស្រុងរហូតដល់ខ្លួនអាចរំដោះតំបន់ទាំងឡាយដែលរុស្ស៊ីកាន់កាប់ រួមទាំងឧបទ្វីបគ្រីមាដែលរុស្ស៊ីបញ្ចូលក្នុងទឹកដីរបស់ខ្លួនតាំងពីឆ្នាំ ២០១៤ តាមរយៈការធ្វើប្រជាមតិមួយ។
នៅពេលសួរថា តើអ្នកសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងមានឱកាសចរចាបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗនេះទេ?
លោក Rafael ដែលនិយាយក្នុងនាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធរុស្ស៊ី បានអានចម្លើយថា៖ «រុស្ស៊ីមិនដែលបដិសេធគំនិតនៃការចរចាជាមួយភាគីអ៊ុយក្រែនទេ»។
លោកបន្ថែមថា ត្រឡប់ទៅចុងខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីបានយល់ព្រមតាមសំណើរបស់អ៊ុយក្រែនដើម្បីចាប់ផ្តើមការចរចា ប៉ុន្តែក្រោយមក រុស្ស៊ីចោទថា បស្ចិមប្រទេសបានដាក់សម្ពាធដល់លោក ហ្សេឡេនស្គី ឱ្យសម្រេចចិត្តបញ្ឈប់ការចរចាណាមួយរវាងប្រទេសទាំង ២ ចាប់ពីខែមេសា ២០២២៕