១ ​ថ្ងៃ​បន្ទាប់ពី​ប្រមុខ​អង្គការ​សហប្រជាជាតិ​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​​រត់ប្រណាំង​ខាង​អាវុធ​មហា​​ប្រល័យ​ក្នុងចំណោម​ប្រទេស​មាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ក្នុង​បរិបទ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ប្រទេស​កូរ៉េខាងជើង​បានសម្រេច​ដាក់ចូល​អាវុធ​នុយក្លេអ៊ែរ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​​ ២៨ ខែកញ្ញា​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ប្រទេស​បានកំណត់​ឋានៈ​របស់​កូរ៉េខាងជើង​ថា ជា​ប្រទេស​នុយ​ក្លេ​អ៊ែរ​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ នេះ​បើតាម​ការចុះផ្សាយ​បន្ត​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​ព្រឹត្តិការណ៍​ចុងក្រោយ​នេះ​ក៏​កើតឡើង​តែ​ជាង​ ១​ សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បញ្ចប់​ទស្សនកិច្ច​ទៅកាន់​មហាអំណាច​នុយក្លេអ៊ែរ​រុស្ស៊ី ដែល​គេ​មើលឃើញថា កូរ៉េ​ខាង​​ជើង​ទទួល​បានផ្តល់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការធ្វើ​ទំនើបកម្ម​អាវុធ​ពី​ប្រទេស​រុស្ស៊ី​។

KCNA ផ្សាយ​ថា លោក​មេ​ដឹកនាំ គីម ជុង​អ៊ុន បាន​និយាយ​ក្នុង​កិច្ចប្រជុំ​នៃ​សភា​ប្រជាជន​រដ្ឋ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​ថា​៖ «​គោលនយោបាយ​កសាង​ក​ម្លាំ​ង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវបានធ្វើ​ឡើងជា​អចិ​ន្រៃ្ត​យ៍ ស្របទៅតាម​មូលដ្ឋាន​ច្បាប់​របស់​រដ្ឋ ដែល​គ្មាន​នរណាម្នាក់​អាច​ប្រឆាំង​អ្វី​ទាំងអស់​»​។

​ការដាក់បញ្ចូល​ងារ​ជា​រដ្ឋ​នុយ​ក្លេ​អ៊ែរ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កូរ៉េ​ខាងជើង ធ្វើឱ្យ​ក្តីសង្ឃឹម​របស់​ប្រទេស​នានា​ដែល​ចង់ឱ្យ​កូរ៉េ​ខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កាន់តែ​ស្រអាប់​ទៅៗ​។

​បើតាម KCNA​ ដដែល លោក ជុង​អ៊ុន បាន​និយាយថា ការដាក់បញ្ចូល​នេះ​«​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​ផ្តល់​កម្លាំង​ន​យោ​បាយ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ការ​ពង្រឹងសមត្ថភាព​ការពារជាតិ​គួរឱ្យកត់សម្គាល់​»​។

​លោក ជុង​អ៊ុន ក៏​លើកឡើងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បាន​បង្កើត​សម្ព័ន្ធ​ភាព​យោធា​ត្រីកោណ ហើយ​ទី​បំផុត បាន​បណ្តាលឱ្យ​មានការ​​លេចចេញ​«​អង្គការ​ណា​តូ​នៅ​អាស៊ី​»​ដែលជា​មូលហេតុ​នៃ​សង្គ្រាម និង​ការឈ្លានពាន​។​

​ឋានៈ​ជា​ប្រទេស​នុយក្លេអ៊ែរ​នាពេលនេះ ធ្វើឡើង ខណៈ​កូរ៉េ​ខាងជើង​បាន​សាកល្បង​អាវុធ​ជាច្រើន​ដង​ក្នុងឆ្នាំនេះ ហើយ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ក៏មាន​ភាព​តានតឹង​ខ្លាំង និង​ចំពេល​មានការ​​ព្រួយបារម្ភ​ថា ទីក្រុង​ព្យុងយ៉ាង​អាច​នឹងធ្វើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​ក្រោយ​ខកខាន​តាំងពី​ឆ្នាំ​ ២០១៧​។ កូរ៉េខាងជើង បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ៦ ​លើក​រួចមកហើយ ចាប់​តាំង​ពី​ឆ្នាំ ​២០០៦​ មក​នោះ​។

​សភា​កូរ៉េខាងជើង​បានអនុម័ត​ច្បាប់​មួយ​កាលពី​ឆ្នាំមុន​ដែល​ប្រកាស​កូរ៉េខាងជើង​ថា ជា​រដ្ឋ​នុយក្លេអ៊ែរ ហើយ​លោក ​ជុង​អ៊ុន ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​ដើរទៅ​មុខ ដោយ​មិន​បក​ក្រោយ​ទេ​។ ច្បាប់​ថ្មី​នោះ​ក៏បាន​អនុញ្ញាតឱ្យ​មានកា​រ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទុកជាមុន​ដែរ​៕