
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិន កំពុងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពិភពលោក តាមរយៈការបិទបាំងព័ត៌មាន ការប្រមូលទិន្នន័យ និងការទិញភាគហ៊ុននៃបណ្តាញព័ត៌មានបរទេសដោយសម្ងាត់។ អាមេរិកព្រមានថានិន្នាការនេះអាចនាំឱ្យមានការធ្លាក់ចុះខ្លាំង នៃសេរីភាពការបញ្ចេញមតិសកល។
នៅក្នុងរបាយការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងប៉េកាំងបានចំណាយប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំលើកិច្ចខិតខំប្រឹងប្រែងរៀបចំព័ត៌មាន តាមរយៈការទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបរទេសតាមមធ្យោបាយបើកចំហ និងបិទបាំងជាច្រើន បូករួមទាំងការឧបត្ថម្ភទៅដល់អ្នកបង្កើតមាតិកាលើអ៊ីនធឺណិត (influencers) ដោយភ្ជាប់ជាមួយកិច្ចព្រមព្រៀងដើម្បីធានាថាខ្លឹមសារការផ្សព្វផ្សាយគឺដើម្បីលើករដ្ឋាភិបាលចិន។ ទោះយ៉ាងណាមកទល់ពេលនេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួររំឭកថា កាលពីខែកក្កដា ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ណាតូដោយចោទប្រកាន់ថា ខ្លួនមានគោលនយោបាយបង្ខិតបង្ខំ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចិនបាននិយាយថាសេចក្តីថ្លែងការណ៍នោះមិនមានមូលដ្ឋាន តែមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះចិន និងបំភ្លៃគោលនយោបាយរបស់ខ្លួន។
ដោយលើកឡើងពីរបាយការណ៍សាធារណៈ និងព័ត៌មានរដ្ឋាភិបាលដែលទើបទទួលបានថ្មី មជ្ឈមណ្ឌលទំនាក់ទំនងសកលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងប៉េកាំង បានបង្កើតប្រព័ន្ធអេកូព័ត៌មានផ្ទាល់ខ្លួន ដោយសហការជ្រើសរើសយកតែឥស្សរជននយោបាយបរទេស និងអ្នកសារព័ត៌មានបរទេស។
មជ្ឈមណ្ឌលដដែលនេះបានបន្ថែមថា ចិនក៏បានវិនិយោគលើបណ្តាញផ្កាយរណប និងសេវាកម្មទូរទស្សន៍ឌីជីថលនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍មួយ ដែលផ្តល់អាទិភាពដល់ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋរបស់ចិន។
លើសពីនេះការប្រមូលទិន្នន័យរបស់ចិននៅក្រៅប្រទេស បានអនុញ្ញាតឱ្យទីក្រុងប៉េកាំងកែសម្រួល ត្រួតពិនិត្យជាសកលដោយអាចកំណត់បុគ្គលណាម្នាក់ និងអង្គការណាមួយយ៉ាងជាក់លាក់។
របាយការណ៍នោះបញ្ជាក់ទៀតថា៖ «បើមិនបានពិនិត្យដិតដល់ទេ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំងអាចនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង សេរីភាពនៃការបញ្ចេញមតិជាសកល»៕