ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកដ៏ធំនៅវិហារអ៊ិស្លាម ១ ក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ៥៩ នាក់ កាលពីថ្ងៃសៅរ៍ ខណៈរដ្ឋាភិបាលបានប្តេជ្ញាស្វែងរកជនដៃដល់ និងបានចោទប្រកាន់ទីភ្នាក់ងារចារកម្មរបស់ឥណ្ឌាថា មានការជាប់ពាក់ព័ន្ធ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការបំផ្ទុះកាលពីថ្ងៃសុក្រ បានធ្វើឡើងលើវិហារអ៊ិស្លាម១ក្នុងទីក្រុង Mastung នៅខេត្តភាគខាងត្បូង Balochistan បន្ទាប់ពីជនដៃដល់បានបំផ្ទុះគ្រឿងផ្ទុះរបស់លោកជិតរថយន្តប៉ូលិស ដែលមានមនុស្សកំពុងប្រមូលផ្តុំគ្នាសម្រាប់ដង្ហែក្បួនប្រារព្ធខួបកំណើតរបស់ព្យាការីមូហាម៉ាដ។
ចំណែកឯ ការបំផ្ទុះភេរវកម្មមួយទៀត ដែលកើតឡើងលើវិហារអ៊ិស្លាមក្នុងខេត្តភាគខាងជើង Khyber Pakhtunkhwa កាលពីថ្ងៃសុក្រដូចគ្នា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់។
ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតទាំង២នេះ មិនមានការប្រកាសទទួលស្គាល់ពីក្រុមពាក់ព័ន្ធណាមួយនៅឡើយទេ។
មន្ត្រីប៉ាគីស្ថានបានអះអាងជាយូរមកហើយថា ឥណ្ឌាជាអ្នកផ្ដល់ជំនួយដល់ក្រុមហិង្សានៅក្នុងប្រទេសប៉ាគីស្ថាន។ ការអះអាងនេះ តែងតែរងការបដិសេធពីរដ្ឋាភិបាលឥណ្ឌា។
រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោកSarfarazBugtiបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ស៊ីវិល យោធា និងស្ថាប័នផ្សេងទៀតទាំងអស់ នឹងធ្វើការរួមគ្នាប្រឆាំងនឹងរឿងហេតុដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅMastung»។
លោកបានបន្ថែមថា៖ «RAW (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ស្រាវជ្រាវ និងវិភាគ Wing)ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារអត្តឃាត»។ យ៉ាងណាមិញ លោកមិនបានផ្តល់ព័ត៌មានលម្អិត ឬភស្តុតាងអំពីការជាប់ពាក់ព័ន្ធនោះទេ។
ក្រសួងការបរទេសនិងអ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌា មិនបានចេញប្រតិកម្មភ្លាមៗយ៉ាងណានោះទេជុំវិញបញ្ហានេះ។
គួរបញ្ជាក់ផងដែរថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថានបានកើនឡើង ហើយខណៈការបោះឆ្នោតជិតឈានមកដល់ ការវាយប្រហារភាគច្រើនកើតមានទៅលើកងកម្លាំងសន្តិសុខ។ យ៉ាងណាមិញ ក្រុមតាលីបង់ប៉ាគីស្ថាន (TTP) ដែលទទួលខុសត្រូវចំពោះការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយចំនួននៅប៉ាគីស្ថានបានបដិសេធការទទួលខុសត្រូវចំពោះការបំផ្ទុះកាលពីថ្ងៃសុក្រ៕