ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ បានប្រារព្ធខួប១ឆ្នាំនៃការកាត់ទឹកដីអ៊ុយក្រែនចំនួន ៤ តំបន់រាប់បញ្ចូលទាំងខុសច្បាប់ថា ជាទឹកដីរបស់ខ្លួន ដោយនិយាយថា ប្រជាជនក្នុងតំបន់ទាំងនោះបានសម្រេចចិត្តចូលជាមួយរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្នុងសុន្ទរកថាមួយដែលចេញផ្សាយដើម្បីប្រារព្ធខួបលើកទី១ នៃការរាប់បញ្ចូល លោក ពូទីន បានទទូចថា រុស្ស៊ីត្រូវបានអនុវត្ត «ស្របតាមបទដ្ឋានអន្តរជាតិ» ក្នុងការធ្វើប្រជាមតិកាលពី ១ ឆ្នាំមុន។
លោកក៏បានអះអាងដែរថា ប្រជាជននៃតំបន់ទាំង ៤ រួមមាន៖ ដុនណិតស្ក៍ លូហានស្ក៍ ហ្សាប៊ូរីចា និងឃើរសុន បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេម្តងទៀត ដើម្បីជាផ្នែកមួយនៃប្រទេសរុស្ស៊ី នៅក្នុងការបោះឆ្នោតមូលដ្ឋានកាលពីដើមខែកញ្ញានេះ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ីបាននិយាយថា គណបក្សកាន់អំណាចរបស់រុស្ស៊ីទទួលបានសំឡេងច្រើនជាងគេ។
កន្លងមក លោកខាងលិចបានច្រានចោលការបោះឆ្នោតទាំង២លើក ថាជាការបោកប្រាស់ ខណៈអ៊ុយក្រែនហៅវាថាឥតបានការ។ ការបោះឆ្នោតបានធ្វើឡើងខណៈអាជ្ញាធររុស្ស៊ី ព្យាយាមរឹតបន្តឹងការកាន់កាប់ទឹកដីដែលក្រុងម៉ូស្គូ បានបញ្ចូលដោយខុសច្បាប់ ខណៈកងទ័ពរុស្ស៊ីមិនគ្រប់គ្រងលើតំបន់ទាំង៤ទាំងស្រុងនោះទេ។
ការថ្លែងប្រារព្ធរបស់លោក ពូទីន បានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងជ្រើសរើសបុរសចំនួន ១៣០ ០០០ នាក់ ដើម្បីបំពេញកាតព្វកិច្ចយោធានៅរដូវស្លឹកឈើជ្រុះនេះ ចាប់ពីថ្ងៃទី ១ ខែតុលា តទៅ។ ក្រសួងបានឱ្យដឹងផងដែរថា ខ្លួនក៏នឹងចាប់ផ្តើមចុះឈ្មោះធ្វើយោធាលើប្រជាជនរស់នៅទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីកាត់យកទាំង៤តំបន់។
ខួប១ឆ្នាំនៃការកាត់ទឹកដីអ៊ុយក្រែនធ្វើឡើង ខណៈរុស្ស៊ីបន្តធ្វើការវាយប្រហារដោយមីស៊ីលរបស់ខ្លួន។ លោកYuriiMalashkoអភិបាលនៃតំបន់ហ្សាប៊ូរីចា ដែលគ្រប់គ្រងដោយអ៊ុយក្រែន បាននិយាយថា មនុស្ស៥នាក់ បានរងរបួសកាលពីថ្ងៃសៅរ៍ក្នុងការវាយប្រហារដោយមីស៊ីល២គ្រាប់។
ទ័ពអាកាសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ផងដែរថា កងការពារអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) kamikaze ដែលផលិតដោយអ៊ីរ៉ង់ចំនួន ៣០ ពីក្នុងចំណោម ៤០ គ្រឿង ដែលរុស្ស៊ីវាយប្រហារលើតំបន់អូដេសា តំបន់ Mykolaivនិងតំបន់ Vinnytsia៕