ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីនាថ្ងៃអាទិត្យនេះបានឡើងកម្ដៅយ៉ាងខ្លាំងខ្លាំងរហូតដល់រលកកំដៅនោះបង្កចេញជាភ្លើងឆេះព្រៃនិងកំពុងតែឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ ការណ៍នេះនាំឱ្យអាជ្ញាធរដាក់ចេញនូវបម្រាមក្នុងការដុតភ្លើងសម្រាប់រដ្ឋញូវសៅវែល ( New South Wales) តែម្ដង។
អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនេះបាននិយាយថាសីតុណ្ហភាពនឹងឡើង១២អង្សាសេ (៥៣,៦ អង្សាហ្វារិនហៃ) បន្ថែមទៀតដែលលើសពីសីតុណ្ហភាពមធ្យមនៅក្នុងតំបន់មួយចំនួន។
ដោយឡែកនៅឯអាកាសយានដ្ឋាន Kingsford Smith នៃទីក្រុងស៊ីដនីសីតុណ្ហភាពបានឡើងដល់២៨ អង់ស្សាសេហើយនៅម៉ោង១០ព្រឹកថ្ងៃទី១ ខែតុលា ខណៈដែលអាកាសធាតុប្រទេសអូស្ត្រាលីកំពុងស្ថិតក្នុងរដូវផ្ការីកនៅឡើយ។មានន័យថាស៊ីតុណ្ហភាពជាមធ្យមក្នុងរដូវផ្ការីកគឺចន្លោះពី១១ទៅ២៣អង់ស្សាសេប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងចំណុចនេះរដ្ឋមន្ត្រីទទួលបន្ទុកសេវាសង្គ្រោះបន្ទាន់លោកJihad Dib បាននិយាយថារលកកម្ដៅនៅក្នុងប្រទេសអូស្ត្រាលីនឹងកាន់តែអាក្រក់នៅក្នុងសប្ដាហ៍បន្ទាប់។
រដ្ឋមន្ត្រីដដែលនេះបានបន្តទៀតថា៖«អាកាសធាតុមិនត្រឹមតែក្តៅប៉ុណ្ណោះទេតែវានឹងស្ងួតមានខ្យល់បក់ខ្លាំងដែលជាលក្ខខណ្ឌអំណោយផលដល់ការឆេះរាលដាលបន្តទៀត»។
បន្ថែមពីនេះប្រទេសអូស្ត្រាលីក៏កំពុងតែជួបប្រទះនឹងព្រឹត្តិការណ៍អាកាសធាតុ El Nino ដែលអាចបង្កចេញជាភ្លើងឆេះព្រៃព្យុះស៊ីក្លូននិងគ្រោះរាំងស្ងួតជាដើម។បើតាមការព្យាករណ៍ព្រឹត្តិការណ៍នេះនឹងបន្តកើតឡើងក្នុងប្រទេសអូស្ត្រាលីរហូតដល់ដើមឆ្នាំ២០២៤។
អូស្ត្រាលីជាប្រទេសដែលប្រឈមមុខនឹងគ្រោះធម្មជាតិភ្លើងឆេះព្រៃនេះញឹកញាប់ជាងគេបំផុតដោយសារភូមិសាស្ត្រនៃទ្វីបនេះមានសភាពក្ដៅហើយស្ងួតព្រមទាំងមានខ្យល់បក់ខ្លាំង។គ្រោះធម្មជាតិភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អូស្ត្រាលីគឺមានឈ្មោះថា«The Black Saturday fires» ដែលកើតឡើងក្នុងឆ្នាំ២០០៩និងបានបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនិងផ្ទះសម្បែងក្នុងទំហំដ៏ធំធេង។
យ៉ាងណាមិញព្រឹត្តិការណ៍ El Niño ដែលជាព្រឹត្តិការណ៍ខ្យល់បក់ចេញពីមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតក៏ជាព្រឹត្តិការណ៍មួយដែលអាចជំរុញឱ្យប្រទេសអូស្ត្រាលីឡើងកម្ដៅផងដែរ។តាមរយៈព្រឹត្តិការណ៍នេះផ្ទៃទឹកមហាសមុទ្រប៉ាស៊ីហ្វិកនឹងមានសភាពក្ដៅជាងធម្មតាចរន្ដខ្យល់បក់ ក៏មិនមានភាពទៀងទាត់ដែលវានឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងឬមិនមានភ្លៀងធ្លាក់សោះ។នៅពេលមានភ្លៀងធ្លាក់ទៀតសោតគេនឹងឃើញមានរន្ទះដែលនេះក៏ជាមូលហេតុដែលបង្កឱ្យមានភ្លើងឆេះផងដែរ៕