តុលាការកំពូលវៀតណាមបានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ពីបទទទួលប្រាក់សំណូកជាង ២,២៥ លានដុល្លារ ដើម្បីចេញការអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុក ១ លក់ឧបករណ៍ធ្វើតេស្តកូវីដ ១៩ របស់ខ្លួនក្នុងតម្លៃខ្ពស់។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ VnExpress ពីថ្ងៃសុក្រ។
អ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីទទួលសំណូកនេះ រួមមានអតីតលេខារបស់លោក Long គឺលោក Nguyen Huynh អតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុង Hai Duong លោក Pham Duy Tuyen អតីតប្រធាននាយកដ្ឋានបរិក្ខារ និងការងារ លោក Nguyen Minh Tuan អតីតប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ លោក Nguyen Nam Lien អតីតប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោកTrinh Thanh Hung ជាដើម។
លោក Pham XuanThang អតីតលេខាបក្សកុម្មុយនីស្តក្រុង Hai Duong រងការចោទប្រកាន់ពីបទរំលោភអំណាច។ ជាមួយគ្នានោះ លោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុន Viet A ដែលជាក្រុមហ៊ុនពាក់ព័ន្ធក្នុងរឿងអាស្រូវ ក៏ដូចជាមន្ត្រីក្រោមឱវាទរបស់លោក លោក Vu Dinh Hiep ក៏រងការចោទប្រកាន់ពីបទផ្តល់សំណូក និងការរំលោភលើការដាក់ថ្លៃផ្សេងៗទៀត នាំផលវិបាកធ្ងន់ធ្ងរ។
ចំណែក លោក Chu Ngoc Anh អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលោក Pham Cong Tac អនុរដ្ឋមន្ត្រី រងការចោទប្រកាន់ពីបទរំលោភលើការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលនាំឱ្យបាត់បង់។
លើសពីនេះ មនុស្ស ២៥ នាក់ផ្សេងទៀត ក៏រងការចោទប្រកាន់ពីបទរំលោភលើការដាក់ថ្លៃ និងការរំលោភបំពានអំណាចដែរ។
នៅពេលការរាតត្បាតនៃជំងឺកូវីដ ១៩ កំពុងរាលដាលខ្លាំងនៅដើមឆ្នាំ ២០២០ លោក Viet ដែលជាអគ្គនាយកក្រុមហ៊ុន Viet A បានណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើតការផលិត និងស្វែងរកការអនុញ្ញាតឱ្យមានការចែកចាយឧបករណ៍ធ្វើតេស្តកូវីដ ១៩។
លោក Viet រងការចោទប្រកាន់ពីបទផ្តល់សំណូកសរុបដល់ទៅ ៤,៣៦ លានដុល្លារ ដល់មន្ត្រីមួយចំនួន ដោយអតីតរដ្ឋមន្ត្រីសុខាភិបាលលោក Long ទទួលបានប្រាក់សំណូកច្រើនជាងគេ។
ក្នុងឆ្នាំ ២០២០ និង ២០២១ ក្រុមហ៊ុន Viet A បានផលិតឧបករណ៍ធ្វើតេស្តកូវីដ ១៩ ចំនួន ៨,៧ លានឧបករណ៍ ហើយលក់ចេញបាន ៨,៣ លានឧបករណ៍។ រដ្ឋវៀតណាមបានបង់ប្រាក់ជូនក្រុមហ៊ុននេះចំនួន ២,២៥ ពាន់ពាន់លានដុង ហើយក្រុមហ៊ុនបានរងការចោទប្រកាន់ថា បានទទួលលុយដោយខុសច្បាប់ចំនួន ១,២៣ ពាន់ពាន់លានដុល្លារ៕