ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានប្រកាសចោទប្រកាន់សហរដ្ឋអាមេរិកថា បានអនុញ្ញាតឱ្យមានអំពើភេរវកម្មប្រឆាំងនឹងគុយបា កើតមានឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងជើងបានបន្ថែមថា ការវាយប្រហារប្រឆាំងទៅនឹងស្ថានទូតគុយបានៅក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាលទ្ធផលនៃចេតនាប្រឆាំងនឹងប្រទេសគុយបា។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកបានធ្វេសប្រហែសក្នុងការធានានូវសុវត្ថិភាពរបស់បេសកកម្មគុយបា ប៉ុន្តែប្រសិនបើការដាក់ប្រទេសដែលខ្លួនមិនចូលចិត្ត ដូចជាគុយបាជាដើមទៅក្នុងបញ្ជីប្រទេសដែលឧបត្ថម្ភអំពើភេរវកម្មវិញ សហរដ្ឋអាមេរិកពិតជាពូកែណាស់»។
ក្រៅពីប្រទេសគុយបា កូរ៉េខាងជើង ស៊ីរី និងអ៊ីរ៉ង់ ក៏កំពុងស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងការបរទេសអាមេរិកដូចគ្នា។
កាលពីថ្ងៃទី២៤ ខែកញ្ញា មានបុគ្គលម្នាក់បានធ្វើការវាយប្រហារទៅកាន់ស្ថានទូតគុយបា ដោយប្រើប្រាស់ដបស្រាក្រឡុកចំនួន២ គប់ចូលខាងក្នុងស្ថានទូតនាពេលយប់ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួស និងខូចខាតអ្វីធ្ងន់ធ្ងរនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា នេះគឺជាការវាយប្រហារភេរវកម្មយ៉ាងធ្ងន់ធ្ងរ។ លោកក៏បានចង្អុលបង្ហាញឱ្យឃើញថា វាគឺជាហេតុការណ៍មួយស្រដៀងគ្នាទៅនឹងឧប្បត្តិហេតុដែលបានកើតមានឡើងកាលពីឆ្នាំ២០២០ ដែលកាលនោះ បុគ្គលម្នាក់បានបាញ់កាំភ្លើងរះទៅកាន់អគារស្ថានទូតនេះដូចគ្នា។យ៉ាងណាក៏ដោយ បុរសម្នាក់ដែលបានបាញ់ប្រហារនោះត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនបានភ្លាម។
អ្នកនាំពាក្យមួយរូបដែលមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានKCNA ថា៖«ឧប្បត្តិហេតុដែលបានកើតឡើងនេះ បានបង្ហាញយ៉ាងច្បាស់ថា វាគឺជាការយល់ព្រមឱ្យធ្វើដោយសម្ងាត់របស់រដ្ឋបាលសហរដ្ឋអាមេរិក»។
លោកបានពន្យល់ថា ជំនួសឱ្យការផ្ដោតទៅលើការចង្អុលឈ្មោះប្រទេសដែលឧបត្ថម្ភភេរវកម្ម សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវចំពោះឧបទ្ទវហេតុភេរវកម្មថ្មីៗ និងជាប្រវត្តិសាស្ត្រកន្លងមកជាច្រើន ហើយត្រូវស៊ើបអង្កេតស្វែងរកការពិតជាមូលដ្ឋានដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោកលោក ចេក ស៊ូលីវ៉ាន(Jake Sullivan)បាននិយាយថា សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយថាអាជ្ញាធរអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកនឹងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ ភ្នាក់ងារសម្ងាត់អាមេរិកបានឱ្យដឹងថា គិតមកទល់ពេលនេះ គ្មាននរណាម្នាក់ត្រូវបានចាប់ឃុំឃាំងនោះទេ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។
ស្ថានទូតគុយបាបានចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ២០១៥នៅពេលដែលគុយបា និងសហរដ្ឋអាមេរិកបានស្តារទំនាក់ទំនងការទូតឡើងវិញ។ រដ្ឋាភិបាលទីក្រុងហាវ៉ាណា(Havana) ប្រទេសគុយបាបាននិយាយថា វាមិនសមហេតុផលទាល់តែសោះសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងការរក្សាឈ្មោះប្រទេសគុយបានៅក្នុងបញ្ជីភេរវកម្មរបស់ខ្លួន និងរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដដែល៕