រដ្ឋអាជ្ញាតៃវ៉ាន់ បានលើកឡើងកាលពីថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ថា ពួកគេកំពុងស៊ើបអង្កេតទៅលើការចោទប្រកាន់ថា មានអ្នកបានព្យាយាមជ្រៀតជ្រែកចូលក្នុងកម្មវិធីគ្រប់គ្រងប្រតិបត្តិការនាវាមុជទឹករបស់កោះតៃវ៉ាន់ ហើយបានធ្វើឱ្យមានការបែកធ្លាយព័ត៌មានលម្អិតមួយចំនួន។ ការណ៍នេះ ត្រូវបានគេមើលឃើញថាវាមានបញ្ហាសន្តិសុខដល់កោះតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរ។
តៃវ៉ាន់បានដាក់ចេញនូវនាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដែលនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងផែនការពង្រឹងវិស័យការពារជាតិរបស់ខ្លួននិងការត្រៀមខ្លួនប្រឆាំងនឹងកងទ័ពជើងទឹករបស់ប្រទេសចិន។ យ៉ាងណាក៏ដោយ តៃវ៉ាន់នឹងមិនទាន់ដាក់ចេញឱ្យដំណើរការនាវាមុជទឹកនេះទេ រហូតដល់ទៅពីរឆ្នាំទៀត។
លោក ហួង ស៊ូកួង (Huang Shu-kuang) ដែលកំពុងដឹកនាំកម្មវិធីសាងសង់នាវាមុជទឹកនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីសប្តាហ៍មុនថា សមាជិកសភាដែលលោកមិនបានបញ្ចេញឈ្មោះ បានបង្កការលំបាកដល់ដំណើរការទិញឧបករណ៍សំខាន់។ លោកក៏បានលើកឡើងថា ក្រុមហ៊ុនម៉ៅការមួយដែលមិនបានឈ្នះក្នុងដំណើរការដេញថ្លៃលទ្ធកម្មសាធារណៈ បានបញ្ជូនព័ត៌មានអំពីនាវានេះទៅឱ្យភាគីប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ការិយាល័យរដ្ឋអាជ្ញាកំពូលរបស់តៃវ៉ាន់បានសង្កត់ធ្ងន់ថា ការចោទប្រកាន់របស់លោក ហួងបែបនេះ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីពាក់ព័ន្ធដោយសារតែវាអាចនឹងជះផលប៉ះពាល់ខ្លាំងដល់សន្តិសុខ និងវិស័យការពារជាតិ។
សេចក្តីថ្លែងការណ៍នោះ បានណែនាំព្រះរាជអាជ្ញាឱ្យបើកការស៊ើបអង្កេតករណីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារសន្តិសុខជាតិ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិត ឬឈ្មោះក្រុមហ៊ុនម៉ៅការនោះទេ។
សម្រាប់តៃវ៉ាន់ គម្រោងផលិតនាវាមុជទឹកក្នុងស្រុកដោយខ្លួនឯង ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើទំនើបកម្មយោធារបស់ខ្លួន ពោលគឺមានសារៈសំខាន់ត្រង់ថា ប្រទេសចិនតែងតែចេញធ្វើសកម្មភាពសមយុទ្ធយោធាក្នុងការបង្ហាញថាខ្លួនមានអធិបតេយ្យភាពគ្រប់គ្រងតំបន់កោះតៃវ៉ាន់។
គម្រោងផលិតនាវាមុជទឹកនេះ តៃវ៉ាន់បានទទួលបានជំនួយ និងប្រមូលផ្ដុំបច្ចេកវិទ្យាមកពីបណ្ដាប្រទេសផ្សេងៗជាច្រើន។ ទាំងអស់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់តៃវ៉ាន់ ដែលជាកោះមួយកំពុងប្រឈមមុខនឹងភាពឯកោខាងការទូត៕