ខណៈភាពតានតឹងក្នុងដែនសមុទ្ររបស់ខ្លួនកាន់តែកើនឡើងជាមួយប្រទេសចិនដែលបានរារាំងទូកនេសាទហ្វីលីពីនទៅកាន់កោះដែលមានជម្លោះ ប្រទេសហ្វីលីពីន និងសម្ព័ន្ធមិត្តរបស់ខ្លួនចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករយៈពេល ២ សប្តាហ៍ ដោយមានកងទ័ពចូលរួមរហូតដល់ ១ ៨០០ នាក់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កងកម្លាំងមកពីទីក្រុងម៉ានីល ចក្រភពអង់គ្លេស កាណាដា ជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមលំហាត់សមយុទ្ធកាលពីថ្ងៃចន្ទ សម្រាប់រយៈពេល ២ សប្តាហ៍ក្នុងដែនទឹកហ្វីលីពីនជា «ការបង្ហាញកម្លាំង» រួមគ្នា ចំពេលមានភាពតានតឹងក្នុងតំបន់ទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន។
សមយុទ្ធយោធានៃកងទ័ពជើងទឹករួមគ្នា ៥ ប្រទេស មានជាង ១ ៨០០ នាក់ បានរៀបចំឡើងក្រោយរយៈពេលតែ ២ សប្តាហ៍ប៉ុណ្ណោះ ក្រោយកងទ័ពជើងទឹករបស់មហាយក្សចិនបានរារាំងទូកនេសាទរបស់ហ្វីលីពីនចូលទៅកាន់ដែនកោះ Scarborough Shoal ដែលមានជម្លោះ និងដែលពួកគេធ្លាប់ទៅស្នាក់លើទីនោះ។
សកម្មភាពរារាំងនោះក្រុមយោធាជើងទឹកចិនបានដាក់ពង្រាយពោងបណ្តែតទឹកប្រវែងប្រហែល ៣០០ ម៉ែត្រ ដើម្បីកុំឱ្យទូកនេសាទរបស់ហ្វីលីពីនចូលទៅកាន់កោះនោះបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលចេញផ្សាយកាលពីពេលនោះ។
ប៉ុន្តែក្រោយការតវ៉ារបស់ភាគីហ្វីលីពីន កងទ័ពចិនក៏បានដកពោងនោះខ្លះចេញ ហើយក្រោយមកនាវារបស់ហ្វីលីពីនក៏បានប្រមូលចំណែកដែលនៅសេសសល់ចេញអស់ពីផ្ទៃទឹក។
កងទ័ពជើងទឹកហ្វីលីពីនបាននិយាយថា សមយុទ្ធដែលឱ្យឈ្មោះថា «Sama Sama» មានន័យថា «រួមគ្នា» ឆ្នាំ ២០២៣ កំពុងត្រូវបានធ្វើឡើងនៅតំបន់ភាគខាងត្បូងនៃកោះ Luzon ដែលមានសមយុទ្ធកងទ័ពជើងទឹកនៅក្នុងតំបន់ដូចជា សង្គ្រាមប្រឆាំងនាវាមុជទឹក ការការពារដែនអាកាស និងការស្វែងរក និងជួយសង្គ្រោះ។
មេទ័ពជើងទឹកហ្វីលីពីន លោកឧត្តមនាវីទោ Toribio Adaci បាននិយាយនៅក្នុងពិធីបើកថា «ជាមួយនឹងការបង្ហាញពីកម្លាំង និងការចូលរួមយ៉ាងសកម្មរបស់សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ភាពលេចធ្លោលើសពីការរួមគ្នាគឺសមយុទ្ធយោធា»។
លោកបានបញ្ជាក់ថា៖ «វាគឺជានិមិត្តសញ្ញានៃភាពជាដៃគូយូរអង្វែងរបស់យើង និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
នៅក្នុងសុន្ទរកថារបស់លោក អនុឧត្តមនាវីឯក Karl Thomas មេបញ្ជាការកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា៖«វាមានសារៈសំខាន់ដែលប្រជាជាតិទាំងអស់មានសិទ្ធិក្នុងការធ្វើនាវាចរ និងប្រតិបត្តិការនៅសមុទ្រហ្វីលីពីនខាងលិច ដោយគ្មានការបង្ខិតបង្ខំ ដោយមិនមានការគំរាមកំហែង»។
សមុទ្រហ្វីលីពីនខាងលិច សំដៅលើផ្នែកនៃសមុទ្រចិនខាងត្បូង ដែលទាមទារដោយទីក្រុងម៉ានីល ប៉ុន្តែប្រទេសចិនបានបង្ហាញការជំទាស់ចំពោះការទាមទារទាំងឡាយពីប្រទេសហ្វីលីពីនតាមរយៈការល្បាតកងទ័ពជើងទឹកនៅតំបន់កោះដែលមានជម្លោះ និងរារាំងសកម្មភាពដែលធ្លាប់បានធ្វើក្នុងពេលកន្លងមក។
ក្នុងការធ្វើសមយុទ្ធរួមគ្នានោះ មាននាវាចំនួន ៥ គ្រឿង ដោយ ២ គ្រឿងមកពីសហរដ្ឋអាមេរិក និង ១ គ្រឿងមកពីអង់គ្លេស កាណាដា និងជប៉ុន បានចូលរួមសមយុទ្ធ និងដំណើរការរហូតដល់ថ្ងៃទី ១៣ ខែតុលា។
សេចក្តីរាយការណ៍ឱ្យដឹងថាកងទ័ពជើងទឹកនៃប្រទេសអូស្ត្រាលី បារាំង ឥណ្ឌូនេស៊ី និងនូវែលសេឡង់ក៏បានចូលរួមតាមរយៈការបញ្ជូនអ្នកសង្កេតការណ៍ និងអ្នកជំនាញ។
ប្រទេសចិនទើបបញ្ចេញផែនទីស្តង់ដាថ្មីមួយកាលពីថ្ងៃ ២៤ សីហា ដែលបង្ហាញពីការក្រសោបយកតំបន់ជម្លោះក្នុងសមុទ្រចិន៕