មិនដល់ ១០ ថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានទទួលស្វាគមន៍ភ្ញៀវទេសចរ មកពីប្រទេសចិនក្រោមកម្មវិធីលើកលែងទិដ្ឋាការ ដ៏គគ្រឹកគគ្រេងនៅព្រលានយន្តហោះ សុវណ្ណភូមិ ភ្ញៀវទេសចរចិនម្នាក់ត្រូវបានស្លាប់ដោយសារការបាញ់ប្រហារបណ្តាលឱ្យស្លាប់ក្នុងផ្សារទំនើបកណ្តាលក្រុងបាងកក ដែលនាំដល់ក្តីកង្វល់សម្រាប់ការទាក់ទាញទេសចរចិន។
ការបាញ់ប្រហារដែលកើតឡើងដោយយុវជនម្នាក់អាយុ១៤ឆ្នាំ ដែលសមត្ថកិច្ចសង្ស័យថា មានជំងឺផ្លូវចិត្ត (Mental Illness) នៅល្ងាចថ្ងៃទី៣ខែតុលា បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងនោះ មានអ្នកទេសចរចិនម្នាក់ និង ម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា ខណៈអ្នករងរបួសមាន៦នាក់ ដោយ៥នាក់ មានសភាពធ្ងន់ធ្ងរ។នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
ក្រោយការជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានដាក់ចេញនូវគោលនយោបាយស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសទេសចរមកពីប្រទេសចិន ដោយការដាក់ឱ្យអនុវត្តនូវគោលនយោបាយលើកលែងទិដ្ឋាកាសម្រាប់ការស្នាក់នៅក្នុងប្រទេសថៃរយៈពេលវែង។
នៅក្នុងហេតុការណ៍បាញ់ប្រហារនៅល្ងាចថ្ងៃទី៣ខែតុលានេះ នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានរំឭកពីឈ្មោះរបស់ស្តី្រទេសចរចិនដែលបានស្លាប់ក្នុងហេតុការណ៍នោះ ថា មានអាយុ ប្រហែល ៣០ ឆ្នាំ។
នាយករដ្ឋមន្ត្រីថៃ បានប្រាប់អ្នកសារព័ត៌មានថា ៖«ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសពបន្ទាប់ពីការបាញ់ប្រហារនៅ Siam Paragon »។
«ខ្ញុំសូមផ្តល់ការគាំទ្រផ្នែកសីលធម៌របស់ខ្ញុំដល់ក្រុមគ្រួសារនៃអ្នកទាំងអស់ដែលបានស្លាប់ និងរបួស»។
ថ្មីៗនេះប្រទេសថៃបានផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២៤ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក។
ការលើកលែងបណ្ដោះអាសន្ននេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបន្ថែមចំនួន ៥ លាននាក់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ Sudawan Wangsuphakijkosol ។
យោងតាមទិន្នន័យចុងក្រោយរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៧ ខែកញ្ញា ប្រទេសថៃបានទទួលភ្ញៀវទេសចរណ៍ចិនជាង ២,៣៤ លាននាក់ ប្រមាណ ៣៧ ភាគរយនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕