ក្រោយការបាញ់ប្រហារដែលបង្កឡើងដោយយុវជនម្នាក់អាយុ ១៤ ឆ្នាំ នៅហាងលក់ទំនិញរាយដ៏ទំនើបនៅកណ្តាលក្រុងបាងកក បណ្តាលឱ្យស្លាប់មនុស្ស ២ នាក់ ក្នុងនោះមានទេសចរចិនម្នាក់ និងជនជាតិមីយ៉ាន់់ម៉ាម្នាក់ផង រួមទាំងរបួសធ្ងន់ស្រាលចំនួន ៦ នាក់ បញ្ហាសុវត្ថិភាពភ្ញៀវទេសចរបានក្លាយជាប្រធានបទសំខាន់សម្រាប់ប្រទេសថៃដែលទើបដាក់ចេញគោលនយោបាយទាក់ទាញទេសចរបរទេសតាមរយៈការលើកលែងទិដ្ឋាការ។
១ ថ្ងៃបន្ទាប់ពីការបាញ់ប្រហារដ៏គួរឱ្យភ័យខ្លាច និងតក់ស្លុតនោះ ក្រុមមន្ត្រីទេសចរណ៍ថៃបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរបរទេស ខណៈដែលសារព័ត៌មានចិន Global Times បានផ្សាយថា ទេសចរចិនបានបង្ហាញក្តីបារម្ភជុំវិញសុវត្ថិភាពក្នុងការចូលមកទស្សនានៅប្រទេសថៃ។
យោងតាមសារព័ត៌មាន Bloomberg រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Sudawan Wangsuphakijkosol បាននិយាយថា ការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ក្នុងរដ្ឋធានីបាងកក គឺជា «ឧប្បត្តិហេតុដាច់ដោយឡែក»។
យោងការផ្សាយនោះ ភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសថៃនឹងរឹតបន្តឹងការត្រួតពិនិត្យអាវុធនៅផ្សារទំនើប និងកន្លែងទេសចរណ៍ផ្សេងៗទៀត។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលទើបចូលកាន់តំណែងជាង ១ ខែ បានដាក់ចេញគោលនយោបាយទាក់ទាញទេសចរបរទេសជាពិសេសពីប្រទេសចិនតាមរយៈការលើកលែងទិដ្ឋាការស្នាក់នៅប្រទេសថៃរយៈពេលយូរ បានចេញទៅទទួលទេសចរចិនដែលមកដល់ទឹកដីថៃដំបូងក្រោមគោលនយោបាយនេះ កាលពីថ្ងៃទី ២៥ ខែកញ្ញាដោយទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រតិបត្តិករទេសចរណ៍។
ប៉ុន្តែបញ្ហាអសន្តិសុខកើតឡើងនៅថ្ងៃទី ៣ ខែតុលានេះ បានក្លាយជារឿងមួយដែលនាយករដ្ឋមន្ត្រីចេញមុខដោយផ្ទាល់។ នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានរំឭកពីអ្នកស្លាប់ក្នុងហេតុការណ៍នោះថា អ្នកទេសចរចិនដែលបានស្លាប់ មានអាយុ ប្រហែល ៣០ ឆ្នាំ។
លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសពបន្ទាប់ពីការបាញ់ប្រហារនៅ Siam Paragon។ ខ្ញុំសូមផ្តល់ការគាំទ្រផ្នែកសីលធម៌របស់ខ្ញុំដល់ក្រុមគ្រួសារនៃអ្នកទាំងអស់ដែលបានស្លាប់ និងរបួស»។
សារព័ត៌មានចិន Global Times បានផ្សាយនៅថ្ងៃពុធថា ស្ថានទូតចិនប្រចាំប្រទេសថៃ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃបានទៅសួរសុខទុក្ខជនជាតិចិនដែលរងរបួសនៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៍បានបន្តថា ទាំងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Parnpree Bahiddha-Nukara បានទូរស័ព្ទទៅឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang ដើម្បីចូលរួមរំលែកទុក្ខដល់ជនរួមជាតិចិនដែលបានទទួលមរណភាពក្នុងនាមរដ្ឋាភិបាលថៃ។
អ្នកនិយមលេងបណ្តាញសង្គមចិនមួយចំនួនបានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីថាតើវានៅតែមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃដែរ ឬទេ ដោយចែករំលែកភាពតប់ប្រមល់របស់ពួកគេនៅបណ្តាញសង្គម Weibo របស់ចិន ដែលមានទម្រង់ដូច Twitter កាលពីថ្ងៃអង្គារ ជាមួយនឹងព័ត៌មាននៃឧប្បត្តិហេតុបាញ់ប្រហារបានទាក់ទាញអ្នកទស្សនាជាង ៣២ លានដងនៅលើបណ្តាញសង្គមនោះ។
ថៃរំពឹងយ៉ាងខ្លាំងលើការងើបឡើងវិញនៃវិស័យទេសចរណ៍ពីភ្ញៀវទេសចរចិន៕