តុលាការក្រុងម៉ូស្គូ កាលពីថ្ងៃពុធបានកាត់ទោសកំបាំងមុខអតីតអ្នកកាសែតរបស់ទូរទស្សន៍រដ្ឋម្នាក់ឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំ កន្លះចំពោះការតវ៉ាប្រឆាំងរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះគឺជាការបង្ក្រាបចុងក្រោយបង្អស់របស់រុស្ស៊ី ទៅលើក្រុមប្រឆាំង រាប់ចាប់តាំងពីការឈ្លានពានអស់រយៈពេលជាង ២០ ខែ មកនេះ។
អ្នកស្រី ម៉ារីណា អូវស្យានីកូវ៉ា (Marina Ovsyannikova) ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ីដែលជាបទល្មើសព្រហ្មទណ្ឌក្រោមច្បាប់ដែលបានអនុម័តភ្លាមៗបន្ទាប់ពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បានបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនបន្ថែមទៀត។
គួររំឭកថា អ្នកស្រីធ្លាប់បានធ្វើការតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅជិតវិមានក្រឹមឡាំងកាលពីខែកក្កដាឆ្នាំ២០២២ដោយបានឈរលើកផ្ទាំងបដាដែលមានសរសេរថា «ពូទីនជាឃាតករ។ទាហានរបស់គាត់គឺជាពួកហ្វាស៊ីស។កុមារ ៣៥២ នាក់ ត្រូវបានសម្លាប់។តើនឹងត្រូវឱ្យកុមារប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ដើម្បីឱ្យលោកឯងបញ្ឈប់សង្គ្រាមមួយនេះ?»
បន្ទាប់ពីបាតុកម្មប្រឆាំងនោះមក អ្នកស្រីត្រូវបានចាប់ឃុំខ្លួននិងដាក់ឱ្យនៅក្នុងផ្ទះមិនអាចចេញក្រៅបានប៉ុន្តែអ្នកស្រីបានលួចរត់គេចខ្លួនទៅកាន់ប្រទេសបារាំងជាមួយនឹងកូនស្រីរបស់អ្នកស្រី។អាជ្ញាធររុស្ស៊ីបានដាក់ឈ្មោះអ្នកស្រីទៅក្នុងបញ្ជីឧក្រិដ្ឋជនហើយបានកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារដោយកំបាំងមុខ។
អ្នកស្រី អូវស្យានីកូវ៉ា ធ្លាប់ធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍រដ្ឋមួយឈ្មោះថា Channel One ដែលជាស្ថានីយ៍ទូរទស្សន៍ជាតិដ៏ពេញនិយមបំផុតមួយរបស់រុស្ស៊ី។អ្នកស្រីបានធ្វើការផ្សាយព័ត៌មានទៅកាន់អន្តរជាតិមួយកាលពីខែមីនាឆ្នាំ២០២២ ក្រោមចំណងជើងថា«បញ្ឈប់សង្គ្រាមកុំជឿការឃោសនាពួកគេកំពុងកុហកអ្នកទាំងអស់គ្នា»។
ក្រោយមក អ្នកស្រីបានលាឈប់ពីការងារនៅប៉ុស្តិ៍ទូរទស្សន៍មួយនេះ និងត្រូវបានចោទប្រកាន់ពីបទប្រមាថដល់កងកម្លាំងយោធារុស្ស៊ីនិងពិន័យជាប្រាក់ចំនួន ២៧០ ដុល្លារអាមេរិក ភ្លាមៗនៅពេលនោះ។
ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានជនជាតិរុស្សីជិត៨០០០នាក់បានប្រឈមមុខនឹងការចោទប្រកាន់ពីបទមជ្ឈិមហើយមនុស្សជាង ៧០០ នាក់ ត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងក្តីព្រហ្មទណ្ឌជុំវិញការនិយាយជាសាធារណៈក្នុងការតវ៉ាប្រឆាំងនឹងរុស្ស៊ីនេះបើយោងតាមអង្គការសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ OVD Info ។
រដ្ឋាភិបាលរុស្ស៊ីតែងតែបានប្រើប្រាស់ច្បាប់ប្រឆាំងការរិះគន់ប្រតិបត្តិការយោធា ចាប់ខ្លួនក្រុមប្រឆាំងសកម្មជនសិទ្ធិមនុស្សនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន។ក្រុមអ្នករិះគន់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអង្គការសិទ្ធិមនុស្សត្រូវបានបង្ខំឱ្យបិទគេហទំព័រព័ត៌មានឯករាជ្យក៏ត្រូវបានបិទហើយអ្នកកាសែតមួយចំនួនបានសម្រេចចាកចេញពីប្រទេសដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ។
រហូតមកទល់ពេលនេះ អ្នកដែលនិរទេសខ្លួនទៅក្រៅប្រទេសរុស្ស៊ីជាច្រើនរូបមកហើយដែលត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ។ ការបង្ក្រាបទ្រង់ទ្រាយធំរបស់រុស្ស៊ីលើកនេះ គឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសរុស្ស៊ី រាប់ចាប់តាំងពីការដួលរលំសហភាពសូវៀត៕