តាមរយៈការសិក្សាស្រាវជ្រាវ ដីសណ្ដទន្លេមេគង្គរបស់វៀតណាមអាចនឹងអស់ខ្សាច់នៅត្រឹមឆ្នាំ ២០៣៥។ ការណ៍នេះបាននាំឱ្យអ្នកជំនាញចេញមុខក្រើនរំឭកទៅដល់វៀតណាម ចំពោះសកម្មភាពជីកយករ៉ែខ្សាច់ និងការធ្វើទំនប់អគ្គិសនី ដោយហេតុថាការអស់ខ្សាច់នេះនឹងនាំឱ្យប៉ះពាល់បន្តដល់ការដាំដុះនៅក្នុងផ្ទៃប្រទេស។
ដីសណ្តដែលជាចំណុចដ៏សំខាន់នៃជីវចម្រុះ ជាកន្លែងដែលទឹកទន្លេមេគង្គហូរចូលទៅក្នុងសមុទ្រចិនខាងត្បូង។ ហើយតាមរយៈដីសណ្តនេះដែរ វាបានផ្តល់អាហារ និងទ្រទ្រង់ជីវភាពរស់នៅសម្រាប់មនុស្សរាប់សិបលាននាក់។
ប៉ុន្តែយ៉ាងណា ទំនប់វារីអគ្គិសនីដែលនៅលើទន្លេមេគង្គបច្ចុប្បន្ននេះ កំពុងតែកាត់បន្ថយលំហូរខ្សាច់ចុះក្រោម ដែលធ្វើឱ្យមានការថយចុះយ៉ាងឆាប់រហ័សនៃខ្សាច់នៅក្រោមបាតទន្លេ។ បើតាមការសិក្សាដដែលនះ ខ្សាច់ក្រោមបាតទន្លេគឺមានសារៈសំខាន់ក្នុងការធានាភាពយូរអង្វែងរបស់ដីសណ្ដ។
ទន្ទឹមនឹងនេះ ការជីកយករ៉ែខ្សាច់ដើម្បីបម្រើឱ្យវិស័យសំណង់ ដែលជាវិស័យកំពុងរីកចម្រើនរបស់ប្រទេសវៀតណាម កំពុងធ្វើឱ្យបាត់បង់ធនធានយ៉ាងឆាប់រហ័ស។ នេះបើយោងតាមរបាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF)។
របាយការណ៍របស់អង្គការដដែលនេះបានក្រើនរំឭកទៀតថា៖ «អត្រានៃការទាញយកធនធានធម្មជាតិពីទន្លេមេគង្គបច្ចុប្បន្ននេះមានទំហំពី ៣៥-៥៥ លានម៉ែត្រគុបក្នុងមួយឆ្នាំ ខណៈដែលធនធាន ដែលវៀតណាមមានបច្ចុប្បន្ននេះ អាចប្រើប្រាស់បានត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ»។
លោកវេជ្ជបណ្ឌិត Sepehr Eslami ដែលជាអ្នកចូលរួមសរសេររបាយការណ៍នេះ បានឱ្យដឹងថាប្រសិនបើខ្សាច់អស់ពិតមែន នឹងមានការប៉ះពាល់បន្ថែម ១០% ចេញពីការហូរចូលនៃអំបិល ដែលវានឹងបង្កការខូចខាតយ៉ាងធំធេងដល់ដំណាំស្រូវនៅក្នុងទន្លេមេគង្គទឹកសាប។
លោក Eslami បានបន្តទៀតថា ការថយចុះនៃខ្សាច់ក៏នឹងនាំឱ្យមានការបាក់ច្រាំងទន្លេកាន់តែច្រើន និងទឹកជោរកាន់តែខ្លាំង ដែលនឹងនាំឱ្យមានគ្រោះទឹកជំនន់ផងដែរ។
អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភគឺ បរិមាណខ្សាច់ដែលត្រូវបានទាញយកជារៀងរាល់ឆ្នាំ ទំនងជាខ្ពស់ជាងការសិក្សាដែលបានរាយការណ៍ ដោយសារតែការស្រាវជ្រាវមិនបានគណនាពីបរិមាណដែលបានជីកនៅពេលយប់ ខណៈពេលដែលក្រុមហ៊ុនបូមខ្សាច់ខុសច្បាប់ជាច្រើនកំពុងធ្វើសកម្មភាព បូមខ្សាច់នៅពេលយប់។
កាលពីខែសីហាកន្លងទៅនេះដែរ ប៉ូលិសបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងខេត្ត An Giang ជាខេត្តសម្បូណ៌ទៅដោយដីសណ្ដមេគង្គ ពីបទទទួលសំណូកចំនួន ៥ ម៉ឺនដុល្លារ ពីក្រុមហ៊ុនរុករករ៉ែមួយ។
ប៉ូលិសបាននិយាយថា ក្រុមហ៊ុន Trung Hau ៦៩ បានជីកយកខ្សាច់ជាង ៤,៧ លានម៉ែត្រគុប បើទោះបីជាមានអាជ្ញាប័ណ្ណដើម្បីទាញយកត្រឹមតែមួយភាគបីក៏ដោយ។
តាមរយៈសកម្មភាពទាំងនេះ ជារឿយៗ ផ្ទះសម្បែង និងអាជីវកម្មរបស់ប្រជាជននៅប្របនឹងដីសណ្តទន្លេមេគង្គបានបាក់ចូលទៅក្នុងសមុទ្រ ដោយសារការហូរច្រោះឆ្នេរសមុទ្រ ដែលមួយផ្នែកបណ្តាលមកពីការបាត់ខ្សាច់៕