ការរញ្ជួយដីដ៏ខ្លាំងក្លាបានវាយប្រហារនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ភាគកាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សជាង ១០០ នាក់ និងធ្វើឱ្យរបួសរាប់ពាន់នាក់ ខណៈតួលេខនេះរំពឹងថានឹងកើនឡើងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មានផ្សេងៗ ដោយស្រង់សម្ដីមន្រ្តីមូលដ្ឋានអាហ្វហ្គានីស្ថាន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចុះផ្សាយដោយស្រង់ការឱ្យដឹងរបស់ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) ថា ការរញ្ជួយបានកើតឡើងជាច្រើនដងនៅចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Herat ខេត្ត Herat ដោយមានកម្រិតនៃការរញ្ជួយមួយ បានហក់ទៅដល់ ៦,៣ រ៉ិចទ័រ។
រ៉យទ័ររាយការណ៍ដោយស្រង់សម្ដីប្រជាជនរស់នៅក្នុងក្រុង Herat ដែលបង្ហោះសារលើបណ្ដាញសង្គមថា ការរញ្ជួយបានបង្កឱ្យមានការភ័យខ្លាច ហើយធ្វើឱ្យប្រជាជនរត់ចេញទៅក្រៅផ្ទះ ដើម្បីរកកន្លែងសុវត្ថិភាព។
ប្រធានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Herat លោក MosaAshari បានប្រាប់អ្នកយកព័ត៌មានថា៖ «មានប្រជាជនជាង ១ ០០០ នាក់ដែលរងរបួស ហើយមនុស្សប្រហែល ១២០ នាក់ បានបាត់បង់ជីវិត»។ នេះបើតាមការស្រង់សម្ដីរបស់បណ្ដាញព័ត៌មាន BBC។
របាយការណ៍ពីដំបូងឡើង មានអ្នកស្លាប់ត្រឹមតែ ១៦ នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនជនរងគ្រោះទាំងស្លាប់ និងរបួសរំពឹងថានឹងកើនឡើងជាគំហុក ដោយសារតែតំបន់រងគ្រោះមួយចំនួនពិបាកក្នុងការទាក់ទង ឬធ្វើដំណើរទៅ ជាពិសេសសម្រាប់ក្រុមអ្នករុករក និងជួយសង្គ្រោះ។ បើតាម BBC របាយការណ៍ចុងក្រោយដែលមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាននៅឡើយ បានកំណត់ចំនួនអ្នកស្លាប់រហូតដល់ទៅជាង ៣០០ នាក់។
ចំណែកឯលោក Mullah Jan Sayeq អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរជាតិអាហ្វហ្គានីស្ថាន បានមាននិយាយបន្ថែមឱ្យដឹងថា ការរញ្ជួយដីចុងក្រោយនេះ ក៏ធ្វើឱ្យមានរំញ័រនៅខេត្ត Farah និងខេត្ត Badghisផងដែរ ដោយនៅទីនោះ មានសេចក្ដីរាយការណ៍ពីការខូចខាតសំណង់ផ្ទះ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីគ្រោះថ្នាក់លើមនុស្សឡើយ។
គួរបញ្ជាក់ថា តំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថាន ពិបាកធ្វើដំណើរទៅដល់ដោយសារតែបញ្ហាផ្លូវ និងភូមិដែលនៅរាយប៉ាយលើតំបន់ផ្សេងៗ។ នៅទីនោះ ផ្ទះរបស់ប្រជាជនភាគច្រើន ធ្វើពីដីភក់ ដែលបណ្ដាលឱ្យវាងាយនឹងដួលរលំនៅពេលរញ្ជួយដីកើតឡើង។
ម្យ៉ាងវិញទៀត គ្រោះរញ្ជួយដីតែងតែកើតមានជាញឹកញាប់ក្នុងប្រទេសនេះ ដោយសារតែវាស្ថិតនៅលើផ្លាកតិចតូនិករបស់ផែនដី។ កាលពីខែមិថុនាឆ្នាំមុន គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបានកើតឡើងនៅភាគខាងកើតរបស់ប្រទេស ដោយសម្លាប់មនុស្សជាង ១ ០០០ នាក់ និងរបួសរាប់រយនាក់៕