ប្រទេសចិន បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រទេសរបស់លោក «កំពុងមានសង្គ្រាម» និងត្រៀមសងសឹងក្រុមហាម៉ាស់ បន្ទាប់ពីមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។
ក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ថា ទីក្រុងប៉េកាំង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹង និងអំពើហិង្ សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍នោះបានអំពាវនាវថា៖ «គ្រប់ភាគីពាក់ព័ន្ធត្រូវបង្ហាញនូវភាពស្ងប់ស្ងាត់និងការអត់ធ្មត់វិញហើយបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ដើម្បីការពារប្រជាជនស៊ីវិល និងដើម្បីការពារស្ថានភាពកុំឱ្យកាន់តែយ៉ាប់យ៉ឺនថែមទៀត»។
ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ក្រុមហាម៉ាស់ បានបើកការវាយប្រហារទ្រង់ទ្រាយធំ មិនធ្លាប់មានដោយបាញ់ស្រោចគ្រាប់រ៉ូកែតជាង ៥ ពាន់គ្រាប់ ទៅលើទឹកដីអ៊ីស្រាអែល។ លើសពីនេះទៅទៀតក្រុមហាម៉ាស់ បានបញ្ចូនក្រុមសកម្មប្រដាប់អាវុធតាមទូកតាមឆ័ត្រយោងឬតាមផ្លូវអាកាសចូលដីអ៊ីស្រាអែល ទៅដើរបាញ់សម្លាប់មិនរើសមុខក្នុងទីក្រុង បង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំងសម្រាប់ពលរដ្ឋអ៊ីស្រាអែល។
យោងតាមប្រភពនៅតំបន់ហ្គាហ្សាក្រោយការវាយឆ្មក់របស់ក្រុមហាម៉ាស់អ៊ីស្រាអែល ក៏បានវាយបកត្រលប់ទៅវិញទាំងកំហឹងដោយបង្កឱ្យជនជាតិប៉ាឡេស្ទីនចំនួន២៣២នាក់បានបាត់បង់ជីវិត។ខណៈជនជាតិអ៊ីស្រាអែល វិញការស្លាប់បានកើនឡើងដល់ ៣០០ នាក់ គិតត្រឹមថ្ងៃសៅរិ៍ប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រសួងការបរទេសចិន បានបន្តថា ជម្លោះចុងក្រោយបំផុតនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ថាការជាប់គាំងនៃដំណើរការសន្តិភាពនិងបន្តរយៈពេលវែងថែមទៀត។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថាសហគមន៍អន្តរជាតិគួរតែជំរុញការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈចិន សន្យានឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរជាមួយសហគមន៍អន្តរជាតិរហូតដល់ទីបញ្ចប់៕