មន្រ្តីរដ្ឋបាលតាលីបង់បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ជាង ២ ៤០០ នាក់ និងរបួសរាប់ពាន់នាក់ផ្សេងទៀត ស្របពេលដែលប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅតែបន្តដោយលំបាកក្នុងតំបន់ដាច់ស្រយាល។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក JananSayeeqអ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាននៃរដ្ឋបាលរបស់តាលីបង់ បាននិយាយប្រាប់រ៉យទ័រថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២ ៤៤៥ នាក់ហើយ។ យ៉ាងណាមិញ មន្រ្តីដដែលបន្ថយចំនួនអ្នករងរបួសមកត្រឹមជាង ២ ០០០ នាក់ ពីជាង ៩ ២០០ នាក់ ដែលលោកបាននិយាយកាលពីលើកមុន។
លោក Sayeeq ក៏បាននិយាយដែរថា ផ្ទះចំនួន ១ ៣២០ ខ្នង រងការបំផ្លិចបំផ្លាញ។ លោកបន្ថែមថា ក្រុមជួយសង្គ្រោះចំនួន ១០ ស្ថិតនៅក្នុងតំបន់រងគ្រោះ ដែលស្ថិតនៅជិតព្រំប្រទល់ប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការរញ្ជួយបានកើតឡើងជាច្រើនដងនៅចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Herat ខេត្ត Herat ភាគខាងលិចអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា កម្រិតនៃការរញ្ជួយមួយ បានហក់ទៅឡើងរហូតដល់ ៦,៣ រ៉ិចទ័រ។
គេមើលឃើញថា វាគឺជាគ្រោះរញ្ជួយដីដ៏សាហាវបំផុត ដែលកើតឡើងនៅឆ្នាំនេះ បន្ទាប់ពីការរញ្ជួយដីនៅតួកគី និងស៊ីរី ដែលសម្លាប់មនុស្សជាង ៥០ ០០០ នាក់កាលពីខែកុម្ភៈ និងការរញ្ជួយនៅម៉ារ៉ុក ដែលសម្លាប់មនុស្សប្រហែល ៣ ០០០ នាក់។
ចំនួនអ្នកស្លាប់នៅអាហ្វហ្គានីស្ថាន រំពឹងថានឹងបន្តកើនឡើង ខណៈប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តដោយលំបាកក្នុងតំបន់ដាច់ស្រយាល ដែលពិបាកធ្វើឱ្យគេធ្វើដំណើរទៅដល់ ឬប្រមូលព័ត៌មានស្ដីពីការខូតខាត ឬជនរងគ្រោះ។
ម្យ៉ាងវិញទៀត រ៉យទ័របានរាយការណ៍ផងដែរថា មន្ទីរពេទ្យដែលទទួលជនរងគ្រោះ ឱ្យសម្រាកព្យាបាលខ្វះឧបករណ៍ និងគ្រឿងវេជ្ជសាស្រ្តគ្រប់គ្រាន់ ដើម្បីធ្វើប្រតិបត្តិការ ដែលជាហេតុនាំឱ្យអ្នករងរបួសធ្ងន់ជាច្រើន ត្រូវស្លាប់នៅមន្ទីរពេទ្យបន្ថែមទៀត។
អាហ្វហ្គានីស្ថាន ស្ថិតនៅលើតំបន់ផ្លាកតិចតូនិក ដែលជាហេតុធ្វើឱ្យប្រទេសនេះ ប្រឈមមុខនឹងការរញ្ជួយដីញឹកញាប់។ កាលពីឆ្នាំមុន គ្រោះធម្មជាតិនេះ បានសម្លាប់មនុស្សជាង ១ ០០០ នាក់ នៅភាគខាងកើតរបស់ប្រទេស។
ការរញ្ជួយលើកនេះ កើតឡើងចំពេលដែលអាហ្វហ្គានីស្ថាននៅតែបន្តត្រដររស់ក្នុងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលអូសបន្លាយរាប់ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចកាលពីជាង ២ឆ្នាំមុន ហើយលំហូរជំនួយពីបរទេសត្រូវបានកាត់ផ្ដាច់៕