ហេតុការណ៍បាញ់កាំភ្លើងនៅក្នុងផ្សារទំនើបរបស់ថៃកាលពីថ្ងៃទី ៣ ខែតុលាកន្លងទៅ បានបង្កជាការភ្ញាក់ផ្អើល និងភ័យខ្លាចជាខ្លាំង ជាពិសេសអ្នកទេសចរដែលស្វែងរកកន្លែងសុខសុវត្ថិភាព និងការសប្បាយជាមួយក្រុមគ្រួសារ មិត្តភក្ដិ ឬក៏លក្ខណៈផ្ទាល់ខ្លួនក្តី។
ក្មេងប្រុសម្នាក់ដែលមានអាយុត្រឹមតែ ១៤ ឆ្នាំនោះ បានបាញ់សម្លាប់មនុស្សចំនួន ២ នាក់ និងធ្វើឱ្យមនុស្ស ៥ នាក់ទៀតរងរបួស បង្កើតជាព្រឹត្តិការណ៍ដ៏រន្ធត់មួយពេញទីក្រុងបាងកក។
ក្នុងចំណោមអ្នករងរបួសទាំង ៥ នាក់ ស្ត្រីជនជាតិថៃម្នាក់បានចែករំលែកអំពីហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នោះ។
បើតាមការឱ្យដឹងពីស្ត្រីឈ្មោះ Anyapat Thipjirasakul ក្នុងអំឡុងពេលដែលមានការផ្អើលឈូឆរ នាងបានរត់ឡើងជណ្ដើរយន្ដ (ជណ្ដើរជើង) ដែលនាងគិតថា នឹងមានសុវត្ថិភាព ប៉ុន្តែនាងបែរជាប្រទះនឹងក្មេងប្រុស ១៤ ឆ្នាំនោះដែលកំពុងឈរនៅចុងម្ខាងទៀតនៃជណ្ដើរយន្ដ។
កំពុងសម្រាកនៅមន្ទីរពេទ្យបណ្ដើរ ស្ត្រីរូបនេះបន្តរៀបរាប់ថា៖ «គ្រាន់តែឃើញក្មេងប្រុសនោះភ្លាម ខ្ញុំប្រញាប់រត់ចុះតាមជណ្ដើរយន្ដយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានឮសំឡេងកាំភ្លើងប្រមាណជា៤គ្រាប់ហើយមាន ១ គ្រាប់ត្រូវចំស្មាខាងឆ្វេងរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ឈឺជាខ្លាំង ក៏ប៉ុន្តែខ្ញុំមិនអាចឈប់បានទេ»។
ស្ត្រីរូបនេះបន្តថា៖ «ខ្ញុំបានលោតចុះតាមជណ្ដើរយន្ដតែម្ដង ពេលនោះខ្ញុំដួលជាច្រើនត្រឡប់ ប៉ុន្តែខ្ញុំត្រូវតែរត់បន្តទៀតព្រោះខ្ញុំខ្លាចគេនឹងចុះមកក្រោមតាមខ្ញុំ»។
ហេតុការណ៍នេះបានធ្វើឱ្យស្ត្រីរូបនេះប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងដោយមិនអាចគេងបានឡើយនៅយប់ទី១ នៃហេតុការណ៍ដែលបានកើតឡើងនោះ។
Anyapat Thipjirasakul បានរៀបរាប់បន្តថា៖ «វាពិតជាស្ថានការណ៍ដ៏អាក្រក់ដែលខ្ញុំមិនអាចសូម្បីតែបិទភ្នែកគេង។ សំឡេងកាំភ្លើង និងមុខមាត់របស់ក្មេងប្រុសនោះនៅដក់ជាប់ក្នុងខួរក្បាលខ្ញុំតែម្ដង»។
ស្ត្រីរងគ្រោះម្នាក់ទៀត Penpiwan Mitthampitak កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្រីត្រូវបានបាញ់ចំនួន ៣ គ្រាប់ដោយ ១ គ្រាប់ត្រូវចំក្បាល និង ២ គ្រាប់ទៀតចំទ្រូងខាងស្ដាំ។
ចំណែកស្ត្រីជនជាតិចិនឈ្មោះ Li Sha ដែលមានអាយុ៣០ឆ្នាំ ក៏ត្រូវចំនួន ២ គ្រាប់ប៉ុន្តែស្ថានការណ៍របស់ស្ត្រីរូបនេះ គឺបានធូរស្រាលហើយ។
ស្ត្រីជនជាតិឡាវម្នាក់ទៀត ត្រូវបានបាញ់ចំស្មា និងដែលពេលនេះកំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយសារតែសរីរាង្គខាងស្ដាំរបស់ជនរងគ្រោះរូបនេះខ្សោយ និងពិបាកក្នុងការធ្វើចលនា៕