គណៈកម្មការសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានសម្រេចបង្កកជំនួយអភិវឌ្ឍន៍ភ្លាមៗទៅកាន់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល ដោយបណ្តាលឱ្យមានអ្នកស្លាប់កើនដល់ជាង ១ ០០០ នាក់។
បើតាមសហភាពអឺរ៉ុបជំនួយសរុបដែលខ្លួនកំពុងផ្ដល់ទៅឱ្យប៉ាឡេស្ទីនមានចំនួន៦៩១លានអឺរ៉ូដែលស្មើនឹង៧២៩ដុល្លារអាមេរិក។
ជាមួយគ្នានេះអាល្លឺម៉ង់និងអូទ្រីសក៏កំពុងតែផ្អាកជំនួយអភិវឌ្ឍន៍ទ្វេភាគីដល់ប៉ាឡេស្ទីន ខណៈដែលប្រទេសផ្សេងទៀតដូចជាអ៊ីតាលីយល់ថាការដកជំនួយមិនមែនជាដំណោះស្រាយចំពោះបញ្ហានេះទេ។
យ៉ាងណាមិញសហភាពអឺរ៉ុបគឺជាអ្នកផ្ដល់ជំនួយសំខាន់ដល់ទឹកដីប៉ាឡេស្ទីនដែលបច្ចុប្បន្នកាន់កាប់ដោយអ៊ីស្រាអែល។ កាលពីពេលកន្លងទៅអង្គការសហប្រជាជាតិធ្លាប់បានប៉ានប្រមាណថាប្រជាជនប៉ាឡេស្ទីនប្រមាណជា២,១លាននាក់ដែលរស់នៅលើទឹកដីអ៊ីស្រាអែលកំពុងត្រូវការជំនួយមនុស្សធម៌ក្នុងនោះមាន១លាននាក់ជាកុមារ។
លោក Oliver Varhelyi មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា សំណើថវិកាថ្មីៗទាំងអស់សម្រាប់ជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីននឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម។
ក្នុងន័យនេះលោកបានបញ្ជាក់ថា៖«មូលដ្ឋាននៃសន្តិភាពសម្រាប់ការរស់នៅនាពេលនេះគឺត្រូវតែដោះស្រាយ ម្យ៉ាងទៀតការញុះញង់ឱ្យមានការស្អប់ អំពើហិង្សានិងការលើកតម្កើងអំពើភេរវកម្មបានពង្វក់ចិត្តមនុស្សច្រើនពេក ដែលទាមទារឱ្យយើងត្រូវតែគិតគូ»។
ទាក់ទិននឹងបញ្ហានេះដែរក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីស្ថានភាពនានារួមទាំងការពិនិត្យឡើងវិញនូវទិដ្ឋភាពនៃជំនួយអភិវឌ្ឍន៍ផងដែរ។
តាមរយៈការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែលគិតមកដល់ពេលនេះមានមនុស្សប្រមាណជា១៥០០នាក់បានបាត់បង់ជីវិតក្នុងនោះមានប្រជាជនអ៊ីស្រាអែលចំនួន៩០០នាក់។
ក្រុមសកម្មប្រយុទ្ធហាម៉ាស់ធ្លាប់បានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់រយនាក់ នៅក្នុងការលុកលុយយ៉ាងសាហាវបំផុតចាប់តាំងពីសង្គ្រាម Yom Kippur កាលពី៥០ឆ្នាំមុន។ការណ៍នេះបានជំរុញឱ្យអ៊ីស្រាអែលមានគំនុំចង់សងសឹកជាតាមរយៈការទម្លាក់គ្រាប់បែកដ៏ធ្ងន់បំផុតមិនធ្លាប់មានទៅលើតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្សជាង៤០០នាក់។ការរស់នៅរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលតែងតែប៉ះពាល់គ្នាជារឿយៗដោយសារជម្លោះសាសនានិងទឹកដី៕