អង្គការលើកលែងទោសអន្តរជាតិថ្មីៗនេះ បាននិយាយ ពួកចោរបច្ចេកវិទ្យា (Hacker) ដែលមានទំនាក់ទំនងជាមួយនឹងវៀតណាម បានព្យាយាមប្រើប្រាស់បណ្ដាញសង្គម X (អតីតធ្វីតធឺរ) និងហ្វេសប៊ុក ដើម្បីតម្លើងស្ពាយវ៉ែរលើទូរស័ព្ទរបស់ក្រុមគោលដៅវាយប្រហារ ដែលរួមមានទាំងបុគ្គលសំខាន់ៗរាប់សិបនាក់ ដូចជាសមាជិកសភាសហរដ្ឋអាមេរិក មន្ត្រីអង្គការសហប្រជាជាតិ និងអ្នកកាសែតរបស់ CNN ជាដើម។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។
ស្ពាយវ៉ែរ ដែលសំដៅលើកម្មវិធីលួចទិន្នន័យដ៏មានប្រសិទ្ធភាព និងរចនាឡើងដើម្បីលួចទិន្នន័យនៃការហៅទូរសព្ទ និងទិន្នន័យជាអក្សរពីទូរស័ព្ទ មានគោលបំណងកំណត់គោលដៅលើគណនីបណ្ដាញសង្គមដែលមានទំនាក់ទំនងជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យ លោក Gary Peters និងលោក Chris Murphy និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងជាប្រធានផ្នែកកិច្ចការបរទេសរបស់សភាលោក Michael McCaul។ នេះបើយោងតាមអ្នកស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិ។
ជាមួយគ្នានោះ អ្នកកាសែត CNN ជាច្រើននាក់ ដែលយកព័ត៌មានពីបញ្ហានៅអាស៊ីបូព៌ា ក៏រងការកំណត់គោលដៅរបស់ក្រុមហែកឃឺរនោះផងដែរ។ យ៉ាងណាមិញ អ្នកនាំពាក្យ CNN មិនបានបញ្ចេញព័ត៌មានយ៉ាងណានោះទេ ជុំវិញបញ្ហានេះ។
អ្នកស្រាវជ្រាវរបស់អង្គការលើកលែងទោសដដែល បាននិយាយថា ខ្លួនមិនបានដឹងពីការជោគជ័យណាមួយដែលក្រុមហែកឃឺរបានសម្រេចដោយប្រើស្ពាយវ៉ែរនោះទេ ប៉ុន្តែថា ការប៉ុនប៉ងសម្រុះសម្រួលសមាជិកសភាដ៏មានអំណាច នឹងបង្កើនការព្រួយបារម្ភបន្ថែមទៀតនៅអាមេរិក អំពីការរីកសាយនៃស្ពាយវ៉ែរពាណិជ្ជកម្ម។
អង្គការលើកលែងទោសអន្តរជាតិបន្តថា មានគណនីនៅលើបណ្ដាញសង្គម X បានចែកចាយនូវតំណភ្ជាប់ដែលមានផ្ទុកស្ពាយវ៉ែរ ទៅកាន់មនុស្សគោលដៅរបស់ក្រុមហែកឃឺរ ចន្លោះពីខែកុម្ភៈដល់ខែមិថុនា។ អង្គការមិនបញ្ហាពីចេតនាច្បាស់លាស់របស់ក្រុមហែកឃឺរនោះទេ ប៉ុន្តែថា ក្រុមមនុស្សគោលដៅមានព័ត៌មានសំខាន់ៗលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះវៀតណាម។
លោក Donncha Ó Cearbhaill ប្រធានផ្នែកសន្តិសុខរបស់អង្គការលើកលែងទោសអន្តរជាតិ បានប្រាប់ CNN ថា លោក និងអ្នកស៊ើបអង្កេតរបស់លោកមានទំនុកចិត្តយ៉ាងខ្លាំង អំពីទំនាក់ទំនងរវាងពួកហែកឃឺរ និងវៀតណាម ដោយលើកឡើងពីកំណត់ត្រាកិច្ចសន្យារវាងរដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយស្ពាយវ៉ែរ ដែលបណ្ដាញកិច្ចសហប្រតិបត្តិការស៊ើបអង្កេតអឺរ៉ុប (EIC) បានពិនិត្យ។
ជាមួយគ្នានោះផងដែរ ក្រុមអ្នកស្រាវជ្រាវជាមួយក្រុមវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន Google ដែលតាមដានពួកហែកឃឺរគាំទ្រដោយរដ្ឋ បានប្រាប់ CNN ថា គណនី X (ធ្វីតធឺរ) ដែលចែកចាយស្ពាយវ៉ែរ ហាក់ដូចជាមានមូលដ្ឋាននៅប្រទេសវៀតណាម។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលវៀតណាមមិនទាន់បានចេញប្រតិបត្តិការយ៉ាងណានោះទេ។
អស់ជាច្រើនឆ្នាំមកនេះ អ្នកស្រាវជ្រាវសន្តិសុខតាមអ៊ិនធឺណិត និងសកម្មជនសិទ្ធិមនុស្ស បានចងក្រងឯកសារអំពីការរីកសាយភាយនៃស្ពាយវ៉ែរ ដែលរចនាឡើងដើម្បីលួចទិន្នន័យ។ ប៉ុន្តែបញ្ហានេះ ទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំនេះ បន្ទាប់ពីការលាតត្រដាងថា បុគ្គលិកក្រសួងការបរទេសអាមេរិកប្រហែលរាប់សិបនាក់ដែលកំពុងបម្រើការនៅទ្វីបអាហ្រ្វិក រងការចូលលួចទិន្នន័យ (ហែក) តាមរយៈស្ពាយវ៉ែរដែលបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែលNSO Group ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានឆ្លើយតបនឹងបញ្ហានេះ ជាមួយនឹងបទបញ្ជាប្រតិបត្តិមួយកាលពីខែមីនា ដែលហាមឃាត់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ពីការប្រើប្រាស់ស្ពាយវ៉ែរដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ឬពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស៕