ខណៈសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន កំពុងបន្តយ៉ាងក្តៅគគុក ហើយអន្តរជាតិបានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើសង្គ្រាមដ៏ផ្តាច់ផ្តិលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលឌីមៀ ហ្សេឡេនស្គី ដែលកំពុងដឹកនាំប្រយុទ្ធប្រឆាំងកងទ័ពរុស្ស៊ីបានបង្ហាញការព្រួយបារម្ភអំពីការថយចុះការគាំទ្រនិងការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិនៅក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន បារាំង France 2 ក៏ដូចជាការបង្ហាញនៅលើបណ្តាញសង្គម ដែលបានដកស្រង់ចុះផ្សាយដោយញូវយ៉កថែម លោក ហ្សេឡេនស្គី បានលើកឡើងពីសារៈសំខាន់នៃការបន្តការគាំទ្រពីសហរដ្ឋអាមេរិក ដែលពេលនេះកំពុងបង្វែរការគាំទ្រយ៉ាងពេញទំហឹងទៅដល់ប្រទេសអ៊ីស្រាអែលសម្រាប់ការធ្វើសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលក្រុមបស្ចឹមប្រទេសចាត់ទុកជា «ក្រុមភេរវករ»។
លោក ហ្សេឡេនស្គី និយាយថា៖ «សហគមន៍ពិភពលោកអាចនឹងមិនសូវយកចិត្តទុកដាក់ចំពោះអ៊ុយក្រែន» ដោយទទួលស្គាល់នូវលទ្ធភាពដែលព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសអ៊ីស្រាអែលអាចបង្វែរការយកចិត្តទុកដាក់ចេញពីជម្លោះអ៊ុយក្រែន។
លោក ហ្សេឡេនស្គី ដែលដឹកនាំការតស៊ូប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេល ២០ ខែរហូតដល់ពេលនេះ ក្រោមការផ្ចុងផ្តើមផ្តល់ជំនួយគ្រប់បែបយ៉ាងពីសំណាក់សហរដ្ឋអាមេរិក និងការរួមចំណែកពីតំបន់អឺរ៉ុប បានបង្ហាញក្តីសង្ឃឹមចំពោះការគាំទ្រជានិរន្តរភាពរបស់សហរដ្ឋអាមេរិក។
កញ្ចប់ជំនួយថ្មីរបស់អាមេរិកចំពោះប្រទេសអ៊ុយក្រែនមានតម្លៃ ២៤ ពាន់លានដុល្លារដែលរដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានស្នើឡើងត្រូវបានជាប់គាំងដោយសារការរារាំងរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។ កញ្ចប់ជំនួយនេះស្ថិតក្នុងអន្តរកាលនៅឡើយសម្រាប់ការពិភាក្សាគ្នាបន្ថែមរហូតដល់ថ្ងៃ ១៧ វិច្ឆិកា។
ច្បាស់ណាស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបង្វែរការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា ដោយលោកបានប្រាប់ជាចំហថា «អាមេរិកនឹងផ្តល់ឱ្យនូវអ្វីគ្រប់យ៉ាងដែលអ៊ីស្រាអែលត្រូវការ» ដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស់។
ថ្លែងទៅកាន់ពិភពលោកនៅយប់ថ្ងៃអង្គារម៉ោងនៅកម្ពុជា លោក ចូ បៃដិន បានបង្ហាញទឹកមុខស្ងួត បានថ្កោលទោសការវាយប្រហារដ៏សាហាវ ប្រឆាំងនឹងអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដោយហៅការវាយប្រហារនោះជា «ទង្វើដ៏អាក្រក់»។
សហរដ្ឋអាមេរិកដែលមានប្រជាជនរបស់ខ្លួនបានស្លាប់យ៉ាងហោចណាស់ ១៤ នាក់គិតត្រឹមថ្ងៃអង្គារ គឺជាអ្នកគាំទ្រធំបំផុតដល់ប្រទេសអ៊ីស្រាអែលសម្រាប់កម្មវិធីយោធា និងរក្សាឥទ្ធិពលរបស់ខ្លួននៅតំបន់មជ្ឈឹមបូព៌ា ដែលរដ្ឋនៅជុំវិញនោះរកតែឱកាសកម្ទេចអ៊ីស្រាអែលប៉ុណ្ណោះ។
ក្រឡេកទៅមើលប្រទេសរុស្ស៊ីឯណោះវិញ ក្រោយសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ផ្ទុះឡើង ប្រមុខដឹកនាំប្រទេសរុស្ស៊ីដែលកំពុងដឹកនាំសង្គ្រាមប្រយុទ្ធនៅប្រទេសអ៊ុយក្រែន បានជួបថ្នាក់ដឹកនាំសំខាន់ៗមកពីតំបន់អារ៉ាប់ព្រមទាំងបង្ហាញការគាំទ្រដល់ប្រទេសអារ៉ាប់ដែលនៅពីក្រោយប្រទេសប៉ាឡេស្ទីន។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានបរិហារគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលគាំទ្រអ៊ីស្រាអែលនាំទៅដល់សង្គ្រាមជាបន្តបន្ទាប់ ដោយហៅថា «ជាការបរាជ័យនយោបាយការបរទេសអាមេរិក»៕