អ្នកការទូត​កំពូល​របស់​រុស្ស៊ី​ លោក សឺហ្គេ​យ ឡាវ​រ៉ូ​វ (Sergey Lavrov) បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បី​ត្រៀម​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) មកកាន់​ប្រទេស​ចិន ​ក្នុង​ដំណើរ​​ទៅ​អន្តរជាតិ​ដ៏​កម្រ​​​ ដើម្បី​ចូលរួម​​វេទិកា​​​«ខ្សែ​ក្រវ៉ាត់និង​ផ្លូវ» ខួប ១០ ឆ្នាំ ​នៅ​ថ្ងៃ​១៧ ​និង​១៨​ ខែ​តុលា នេះ។

ដំណើរ​ទស្សនកិច្ច​លើក​នេះ​ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​តំណាង​មកពី​ប្រទេស​ចំនួន ១៣០ ដែល​ទំនងជា​នឹង​ផ្ដោតលើ​ការពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​នៅ​តំបន់​ហ្គាហ្សា។

ដំណើរ​ទស្សនកិច្ច​ទៅកាន់​មហាអំណាច​ចិន​លើក​នេះ គឺជា​លើកដំបូង​របស់​លោកពូ​ទីន រាប់​ចាប់តាំងពី​ការឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន​ មក។ ក្រសួងការបរទេស​រុស្ស៊ី​ បានប្រកាស​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​X ដែល​ពីមុន​មាន​ឈ្មោះថា​Twitter ថា «លោក ឡាវ​រ៉ូ​វ បានធ្វើ​ដំណើរ​ទៅដល់​រដ្ឋធានី​របស់​ប្រទេស​ចិន ​ហើយ»។

ទីក្រុង​ប៉េកាំង​កំពុង​ដើរតួ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ ដែលមាន​តំណាង​ប្រទេស​ចំនួន ១៣០ ចូលរួម ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​អង្គារ រហូតដល់​ថ្ងៃ​ពុធ ដើម្បី​ប្រារព្ធ​ខួប​មួយ​ទសវត្សរ៍​នៃ​យុទ្ធសាស្ត្រ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) ដែលជា​គម្រោង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង (Xi Jinping) ដើម្បី​ពង្រីក​វិសាល​ភាពជា​សកល​របស់​ប្រទេស​ចិន។

ប៉ុន្តែ​គ្រប់ភាគី​ទាំងអស់​ហាក់ដូចជា​ផ្ដោត​ការចាប់អារម្មណ៍​ទៅលើ​វត្តមាន​របស់លោក ពូ​ទីន ដែល​កាលពី​ខែ​មុន លោក​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​ទីក្រុង​ស៊ាន​ផេ​ថឺ​ស្បឺ​ក (Saint Petersburg) ថា​លោក​នឹង​ទទួល​ការអញ្ជើញ​របស់លោក ស៊ី ដោយ​ក្ដី​រីករាយ​ក្នុងការ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​អំពី BRI។

ចាប់តាំងពី​ការឈ្លានពាន​អ៊ុយ​ក្រែ​ន និង​ការប្រឈមមុខ​ជាមួយ​ភាព​ឯកោ​នៅលើ​ឆាក​អន្តរជាតិ លោក ពូ​ទីន កាន់តែ​ពឹងផ្អែក​ទៅលើ​ប្រទេស​ចិន។ កាលពី​សប្តាហ៍​មុន លោក​ក៏បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការកើនឡើង​ចំនួន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​និង​រងរបួស​នៅ​អ៊ីស្រាអែល និង​តំបន់ហ្គាហ្សា។

ឯកអគ្គរដ្ឋទូត​វិមាន​ក្រឹម​ឡាំង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ ក៏បាន​អំពាវនាវ​ឱ្យមាន​ការផ្អាក​ជម្លោះ​រវាង​ក្រុម​ហ៉ា​ម៉ាស់​នៅ​ហ្កា​ហ្សា និង​អ៊ីស្រាអែល និង​បាន​ស្ដីបន្ទោស​សហរដ្ឋអាមេរិក​ថា​ជា​អ្នក​រួមចំណែក​នៅក្នុង​ជម្លោះ​នេះ។ គួរ​កត់សម្គាល់ថា ការទិញ​ប្រេង​របស់​ចិន ​ពី​រុស្ស៊ី​ បាន​កើនឡើង​យ៉ាងច្រើន ដែលជា​កត្តា​ជួយ​ដល់​រុស្ស៊ី ​ក្នុងអំឡុង​ពេលដែល​លោកខាងលិច​បាននិងកំពុង​ដាក់ទណ្ឌកម្ម។

ប្រទេស​ចិន​ បាន​បដិសេធ​មិន​ថ្កោលទោស​សង្គ្រាម​ដែល​រុស្ស៊ី ​បាន​បង្កឡើង​នៅ​អ៊ុយ​ក្រែ​ន ហើយ​បាន​ព្យាយាម​បង្ហាញថា ​ខ្លួន​ជា​ភាគី​អព្យាក្រឹត ខណៈដែល​កំពុងផ្តល់​ការគាំទ្រ​ផ្នែក​ការទូត និង​ហិរញ្ញវត្ថុ​ដល់ទី​ក្រុង​ម៉ូស្គូ។

រុស្ស៊ី និង​ចិន គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ ពីព្រោះ​ពួកគេ​ទាំងពីរ​ត្រូវការ​គ្នា​ទៅវិញទៅមក ដើម្បី​ប្រឆាំងនឹង​ការត្រួតត្រា​របស់លោក​ខាងលិច។ លោក ពូ​ទីន បាន​និយាយថា ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​រឹងមាំ ហើយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន ​គឺ​ល្អ​ខ្លាំងណាស់​សម្រាប់​ប្រទេស​ទាំងពីរ។

ប្រធានាធិបតី​រុស្ស៊ី​ រូបនេះ ​បាន​បន្ថែមថា ពិភពលោក​កំពុង​ឈាន​ឆ្ពោះទៅរក​ប្រព័ន្ធ​ពហុ​ប៉ូល ដែលមាន​ប្រទេស​មហាអំណាច​ជាច្រើន ហើយ​គំនិត​របស់លោក​ប្រធានាធិបតី ស៊ី​ជីន ពីង គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់។ លោក​ក៏បាន​រំលេច​ថា «លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ជា​មេដឹកនាំ​ដែលមាន​ការទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ និង​ជា​មេដឹកនាំ​ពិភពលោក​ដ៏​ពិតប្រាកដ»។

លោកពូ​ទីន ​ក៏បាន​លើកឡើង​អំពី​ពេលវេលាល្អៗដែល​លោក​ធ្លាប់មាន​ជាមួយ​ប្រធានាធិបតី ស៊ី ហើយ​លោក​សង្ឃឹមថា ​ពួកគេ​ទាំងពីរ​ នឹង​បន្ត​មាន​ទំនាក់ទំនង​ល្ អ​នៅពេលដែល​ពួកគេ​ជួបគ្នា​នៅ​ប្រទេស​ចិន​ នាពេល​ខាងមុខនេះ។

មេដឹកនាំ​ជាច្រើន​ផ្សេងទៀត​បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង​រួចហើយ​សម្រាប់​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ រួមមាន​នាយករដ្ឋមន្ត្រី​ហុង​គ្រី ប្រធានាធិបតី​ឈី​លី ប្រធានាធិបតី​កេ​ន​យ៉ា និង​នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី​ជាដើម៕