នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអញ្ជើញប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងពេលឆាប់ៗខាងមុខនេះ ដោយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីលទ្ធភាពថាតើ នឹងអាចទៅរួចដែរ ឬក៏យ៉ាងណា នេះបើយោងតាមប្រភពមួយបានប្រាប់ទៅកាន់សារព័ត៌មាន CNN។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នោះទេថាតើការពិភាក្សានេះ នឹងត្រូវចំណាយពេលយូរប៉ុណ្ណោះ ហើយថាតើដំណើរទស្សនកិច្ចនេះ នឹងអាចធ្វើឡើងនៅពេលណានោះទេ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ សេតវិមានអាមេរិក បានលើកឡើងថា«មិនមានគម្រោងធ្វើដំណើរថ្មីណាមួយដោយប្រធានាធិបតី ដែលត្រូវប្រកាសនោះទេ»។ បន្ថែមលើនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី អាន់ឌ្រីណេ វ៉ាតសុន (Adrienne Watson) បាននិយាយថា «យើងមិនមានការធ្វើដំណើរថ្មីណាមួយដើម្បីប្រកាសនោះទេ»។
ប្រសិនបើរឿងនេះកើតឡើងមែន នោះដំណើរទស្សនកិច្ចរបស់លោក បៃដិន នឹងបង្ហាញពីគោលជំហររបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រអ៊ីស្រាអែលកាន់តែច្បាស់ និងខ្លាំងឡើង បន្ទាប់ពីទទួលរងការវាយប្រហារដោយក្រុមហាម៉ាស់កាលពីពេលថ្មីៗនេះ។
ប៉ុន្មានថ្ងៃមកនេះ អ៊ីស្រាអែលបាននិងកំពុងផ្តល់សញ្ញាប្រាប់ថា ខ្លួនកំពុងរៀបចំសម្រាប់ការវាយលុយទៅលើតំបន់ហ្គាហ្សា បើទោះបីជានៅតំបន់ដែលស្ថិតនៅឆ្នេរប៉ាឡេស្ទីនមួយនេះកំពុងមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើងក៏ដោយ។
លោក បៃដិន បានអំពាវនាវឱ្យមានការការពារជនស៊ីវិលដែលកំពុងរងគ្រោះនៅតំបន់ជម្លោះ ហើយសហរដ្ឋអាមេរិកបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបញ្ជូនស្បៀងអាហារ ទឹក និងឧស្ម័នទៅកាន់តំបន់ទាំងនោះ។
ដំណើរទស្សនកិច្ចរបស់ លោក បៃដិន ទៅកាន់អ៊ីស្រាអែល ក៏នឹងក្លាយជាសារមួយដល់បណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួមទាំងក្រុមសកម្មប្រយុទ្ធ ហេបូឡា (Hezbollah) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ថាពួកគេមិនគួរចេះតែដើរបង្កើនជម្លោះនៅក្នុងតំបន់នោះទេ។
លោកប្រធានាធិបតីបៃដិន អាចនឹងធ្វើទស្សនកិច្ចនៅក្នុងតំបន់នេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនកែន (Antony Blinken) បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅទីនោះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ហើយលោក បៃដិន ទំនងជានឹងលើកឡើងដូចគ្នាទៅនឹងលោក ប្លីនកែន ផងដែរ ពោលគឺថាវាពិតជាមានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់ក្នុងការការពារអាយុជីវិតរបស់ជនស៊ីវិល។
កាលពីថ្ងៃសៅរ៍ លោក បៃដិន បាននិយាយតាមទូរសព្ទជាមួយលោក ណេតាន់យ៉ាហ៊ូនិងប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាមូ អាបាស (Mahmoud Abbas)។ ហើយវាគឺជាការហៅទូរសព្ទលើកទី៥ ហើយ របស់លោក បៃដិនជាមួយលោក ណេតាន់យ៉ាហ៊ូ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីចុងសប្តាហ៍មុន។
សហរដ្ឋអាមេរិកក៏បានប្រកាសកាលពីថ្ងៃសៅរ៍ថាខ្លួនកំពុងបញ្ជូនក្រុមវាយប្រហារតាមនាវាផ្ទុកយន្តហោះទីពីរទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតដើម្បីរារាំងសកម្មភាពអរិភាពទាំងឡាយណាដែលប្រឆាំងនឹងអ៊ីស្រាអែល ឬសកម្មភាពណាមួយដែលមានគោលបំណងពង្រីកស្ថានភាពសង្គ្រាមនេះឱ្យកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin)៕