ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ គ្រោងនឹងប្រើប្រាស់ថវិកាចំនួន ៦០០ លានបាត (១៦ លានដុល្លារអាមេរិក) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងរដូវកាលដើរលេងនេះ ខណៈការបញ្ចេញថវិកាសារពើពន្ធឆ្នាំ ២០២៤ រំពឹងថា នឹងពន្យារពេលរហូតដល់ខែមេសា ឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោកស្រី SudawanWangsuphakijkosol បាននិយាយថា ថវិកាដែលបានស្នើឡើង នឹងត្រូវបែងចែកទៅឱ្យអាជ្ញាធរទេសចរណ៍ថៃ (TAT) សម្រាប់ការផ្សព្វផ្សាយរបស់ខ្លួន ដោយចាប់ផ្តើមពីត្រីមាសទី ៤ ក្នុងឆ្នាំនេះ រហូតដល់ត្រីមាសទី១ ឆ្នាំ ២០២៤។
គម្រោងផ្សព្វផ្សាយទេសចរណ៍សំខាន់ៗរួមមានតាមរយៈកម្មវិធី Amazing Thailand Passport Privileges ដែលត្រូវការចំណាយ ១៥០ លានបាត ដើម្បីផ្សព្វផ្សាយប្រទេសថៃជាគោលដៅទិញទំនិញដ៏ល្អ ខណៈដែលប្រាក់ ១៥០ លានបាតផ្សេងទៀត នឹងបែងចែកសម្រាប់យុទ្ធនាការទីផ្សារ សម្រាប់ទីផ្សារអន្តរជាតិទាំងអស់។
ថវិកាប្រហែល ២០០ លានបាតនឹងរំលែកប្រើសម្រាប់យុទ្ធនាការ Thailand Festival Experience ដោយផ្សព្វផ្សាយពិធីបុណ្យធំៗនៅទូទាំងតំបន់ចំនួន៥។
លោកស្រី Sudawan បាននិយាយទៀតថា ប្រាក់ដែលនៅសល់ នឹងត្រូវប្រើសម្រាប់យុទ្ធនាការក្នុងស្រុកមួយដែលមានឈ្មោះថា «The Link Local to Global» ឬ«ភ្ជាប់ប្រជាជនក្នុងតំបន់ទៅសកល» ដែលមានបំណងជំរុញការធ្វើដំណើរឆ្លងតំបន់។
បើតាមលោកស្រីរដ្ឋមន្រ្តីគម្រោងទាំងអស់ ដែលត្រូវចំណាចនេះ អាចផ្សារភ្ជាប់ទៅនឹងពិធីបុណ្យសំខាន់ៗជាច្រើនក្នុងរដូវកាលគេដើរលេង រួមទាំងពិធីបុណ្យ Loy Krathong ការរាប់ថយក្រោយឆ្នាំថ្មី និងបុណ្យចូលឆ្នាំចិន ហើយថែមទាំងអាចបន្តដល់ថ្ងៃបុណ្យសង្រ្កាន្តចូលឆ្នាំថៃក្នុងខែមេសាផងដែរ។
គួរបញ្ជាក់ថា ថៃគឺជាប្រទេសមួយ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដើម្បីជាចរន្តសេដ្ឋកិច្ច។ការលើកស្ទួយវិស័យអាចនឹងជួយសេដ្ឋកិច្ចថៃ ឱ្យស្ទុះងើបឡើងវិញ ខណៈវិស័យមួយនេះបានដួលរលំដោយសារវិបត្តិកូវីដ១៩ មុនពេលងើបឡើងវិញក្នុងឆ្នាំនេះ៕