អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃទី ១៥ ខែតុលាថា ប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ខ្លួនពីភាគខាងជើងនៃតំបន់ហ្គាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន បន្តតានតឹងចូលដល់សប្ដាហ៍ទី ២ ហើយមានការព្រមានថា សង្គ្រាមអាចនឹងរីករាលដាលដល់ក្នុងតំបន់ទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
UN បាននិយាយថា ការបង្ខំឱ្យចាកចេញពីផ្ទះខ្លួនឯងរបស់ប្រជាជនប៉ាឡេស្ទីនដ៏សន្ធឹកសន្ធាប់នេះ កើតមានឡើងចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមវិធានការទម្លាក់គ្រាប់បែកប្រឆាំងនឹងក្រុមហាម៉ាស់ទូទាំងតំបន់ហ្គាហ្សា ក្រោយក្រុមប្រដាប់អាវុធនេះបើកការវាយប្រហារជាប្រវត្តិសាស្ត្រលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។
មនុស្សជិត ១ លាននាក់នេះ ស្ទើរតែស្មើនឹងពាក់កណ្ដាលនៃចំនួនប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាសរុបទាំងអស់។
ខណៈដែលស្ថានភាពជម្លោះនៅតែបន្តតានតឹង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស បានអំពាវនាវកាលពីថ្ងៃអាទិត្យ ឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងប្រមាណ ១៥០ នាក់ពីអ៊ីស្រាអែល ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
បន្ថែមពីនេះ លោកបានទទូចភាគីអ៊ីស្រាអែលឱ្យបើកផ្លូវជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយលើកឡើងថា តំបន់នេះជិតធ្លាក់ទៅក្នុង «មហន្តរាយដ៏ធ្ងន់ធ្ងរជាទីបំផុត» ហើយកត់សម្គាល់ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ហ្គាហ្សាកំពុងអស់ទឹក អគ្គិសនី និងការផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀត» ដោយសារការកាត់ផ្ដាច់របស់អ៊ីស្រាអែល ដែលទើបតែបើកទឹកឱ្យប្រើប្រាស់នៅតំបន់ភាគខាងត្បូងហ្គាហ្សាវិញកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ការទាមទាររបស់មន្ត្រីជាន់ខ្ពស់ UN នេះ ធ្វើឡើងចំពេលដែលមេដឹកនាំអ៊ីស្រាអែល បានប្ដេជ្ញារំលាយក្រុមហាម៉ាស់បន្ទាប់ពីព្រមានឱ្យប្រជាជនប៉ាឡេស្ទីនដែលរស់នៅភាគខាងជើងតំបន់ហ្គាហ្សារាប់លាននាក់ផ្លាស់ទីទៅភាគខាងត្បូងដើម្បីត្រៀមខ្លួនពង្រាយទ័ពចូលវាយតំបន់ហ្គាហ្សាដោយផ្ទាល់។ ការណ៍នេះ បង្កការលើកឡើងពីសម្ព័ន្ធអារ៉ាប់ និងសហភាពអ្រាហ្វិកថា ការលុកលុយតំបន់ហ្គាហ្សាអាចនាំឱ្យមាន «ការប្រល័យពូជសាសន៍ក្នុងសមាមាត្រដែលមិនធ្លាប់មានពីមុនមក» ពីសំណាក់កងកម្លាំងអីុស្រាអែល។
ក្រុមគាំទ្រប៉ាឡេស្ទីន ហៅសកម្មភាពរបស់អ៊ីស្រាអែលបច្ចុប្បន្នថា ជា «អំពើប្រល័យពូជសាសន៍» និង «ឧក្រិដ្ឋកម្មសង្គ្រាម» ជាអ្វីដែលអ៊ីស្រាអែលច្រានចោល។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ក៏បានព្រមានពីការរីករាលដាលសង្គ្រាមក្នុងតំបន់ទាំងមូល បើអ៊ីស្រាអែលវាយចូលតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន៕