សង្គ្រាមពាក្យសម្តីកម្រិតកំពូលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានកើតឡើងដំបូង ប៉ុន្មានថ្ងៃបន្ទាប់ពីសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលត្រូវបានគេមើលឃើញថា បានផ្លាស់ប្តូរមុខមាត់រុស្ស៊ីលើឆាកអន្តរជាតិ ដោយភាគីទាំង ២ បានព្រលយពីការធ្វើសង្គ្រាមរវាងគ្នា និងគ្នាក្នុងបរិបទដ៏សែនតានតឹងបំផុតនេះ។
កាលពីសប្តាហ៍មុន គណៈកម្មការដែលតែងតាំងឡើងដោយសភាអាមេរិក បានផ្តល់យោបល់ឱ្យអាមេរិកធ្វើសង្គ្រាមក្នុងពេលដំណាលគ្នាជាមួយមហាអំណាចបច្ចាមិត្ត ២ គឺរុស្ស៊ី និងចិន តាមរយៈការចងសម្ព័ន្ធភាពជាមួយប្រទេសសម្ត័ន្ធមិត្ត នៅថ្ងៃអាទិត្យកន្លងទៅនេះ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី រុស្ស៊ី បានឱ្យដឹងថា សង្គ្រាមណាមួយរវាងប្រទេសទាំង ២ (អាមេរិក និងរុស្ស៊ី) គឺខុសពីកម្រិតសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ដែលខ្លួនកំពុងលុកលុយអស់រយៈពេលជិត ២ ឆ្នាំនេះ។
លោក ពូទីន ដែលនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី ១៧ និង ១៨ ខែតុលានេះ សម្រាប់ការចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» ក្នុងខួប ១០ ឆ្នាំ បាននិយាយថា កម្រិតសង្គ្រាមនឹងមានលក្ខណៈខុសគ្នាទាំងស្រុងពីសង្គ្រាមដែលកំពុងកើតមាននៅប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក ពូទីន មិនបានបញ្ជាក់អំពីភាពខុសគ្នាកម្រិតណានោះទេ ប៉ុន្តែមានការវិភាគខ្លះថា សង្គ្រាមនុយក្លេអ៊ែរនឹងកើតមានឡើង នៅពេលដែលប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២ប៉ះគ្នាដោយផ្ទាល់នោះ។
រយៈពេល ២០ ខែនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីហៅត្រឹមថា «ប្រតិបត្តិការយោធាពិសេស» សហរដ្ឋអាមេរិកមិនប្រឈមផ្ទាល់ជាមួយរុស្ស៊ីទេ ប៉ុន្តែបានចេញមុខជាចំហក្នុងការផ្គត់ផ្គង់អាវុធទំនើបៗ និងការឧបត្ថម្ភនានាដល់អ៊ុយក្រែនសម្រាប់ប្រយុទ្ធប្រឆាំងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
គណៈកម្មាធិការអាមេរិក ដែលតែងតាំងដោយសភាអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែរៀបចំសម្រាប់សង្គ្រាមក្នុងពេលដំណាលគ្នាដែលអាចកើតមានជាមួយទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ដោយពង្រីកកងកម្លាំងធម្មតារបស់ខ្លួន ពង្រឹងសម្ព័ន្ធភាព និងពង្រឹងកម្មវិធីទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ជាការឆ្លើយតបនៅថ្ងៃអាទិត្យកន្លងទៅនេះ លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការផ្តល់យោបល់រៀបចំសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី និងចិន គឺជារឿងមិនសមហេតុសមផល ហើយបានព្រមានលោកខាងលិចថា សង្គ្រាមណាមួយប្រឆាំងនឹងរុស្ស៊ីនឹងស្ថិតក្នុងកម្រិតខុសគ្នាទាំងស្រុងពីជម្លោះនៅអ៊ុយក្រែន។
លោកពូទីនបាននិយាយនៅក្នុងឃ្លីបមួយដែលត្រូវបានបង្ហោះនៅលើ Telegram ថា៖ «ខ្ញុំមិនគិតថាទាំងនេះជាគំនិតល្អនៅក្នុងចិត្តរបស់មនុស្សដែលមានសុខភាពផ្លូវចិត្តល្អទេ ពីព្រោះនិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំសង្គ្រាមជាមួយរុស្ស៊ី អ៊ីចឹងយើងទាំងអស់គ្នាកំពុងរៀបចំសង្គ្រាម ព្រោះយើងធ្វើតាមគោលការណ៍បុរាណ៖ បើអ្នកចង់បានសន្តិភាព សូមត្រៀមខ្លួនសម្រាប់សង្គ្រាម»។
លោកបានថ្លែងថា៖ «ប៉ុន្តែយើងចង់បានសន្តិភាព។ លើសពីនេះទៅទៀត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី និងចិន វាមិនសមទៅរួចទេ។ ខ្ញុំមិនគិតថា វាជាក់លាក់ទេ។ ខ្ញុំគិតថា ពួកគេគ្រាន់តែបំភ័យគ្នាទៅវិញទៅមកប៉ុណ្ណោះ»។
ស្របពេលមានការប្រជែងយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុប ប្រទេសចិន និងរុស្ស៊ី បានពង្រីកទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ដោយមហាអំណាចនុយក្លេអ៊ែរទាំង ២ អភិវឌ្ឍភូមិសាស្ត្រនយោបាយដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយលោកខាងលិចមួយកំពុងមើលដោយក្ដីតប់ប្រមល់។
តាមរ៉យទ័រ សហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួន ហើយរុស្ស៊ីជាការគំរាមកំហែងរដ្ឋដ៏ធំបំផុតរបស់ខ្លួន។
រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥ ៨៨៩ គិតត្រឹមឆ្នាំ ២០២៣ ធៀបនឹង ៥ ២៤៤ ដែលគ្រប់គ្រងដោយអាមេរិក។ រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រប្រហែល ១ ៦៧៤ គ្រាប់ ខណៈអាមេរិកមានប្រហាក់ប្រហែលគ្នាគឺ ១ ៦៧០ គ្រាប់៕