ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីដើមសប្ដាហ៍នេះថា សង្គ្រាមរយៈពេល ៦ ខែ រវាងយោធាស៊ូដង់ និងក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បានសម្លាប់មនុស្សដល់ទៅ ៩ ០០០ នាក់ ហើយបង្កើតជាការភ័យខ្លាចផ្នែកមនុស្សធម៌ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យថ្មីនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ Martin Griffiths បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រារព្ធខួប ៦ ខែ នៃសង្គ្រាមកាលពីថ្ងៃអាទិត្យ ថា៖«អស់រយៈពេល ៦ ខែ ជនស៊ីវិល មិនបានស្រាកស្រាន្តពីការបង្ហូរឈាម និងការភ័យខ្លាចឡើយ។ លោកបន្តថា៖ «របាយការណ៍ដ៏គួរឲ្យរន្ធត់ពីការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ នៅតែបន្តកើតមាន»។
ប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីពាក់កណ្តាលខែមេសា នៅពេលដែលភាពតានតឹងរវាងក្រុមយោធា និងកងកម្លាំងគាំទ្ររហ័ស ដែលជាទាហានប៉ារ៉ា របស់ប្រទេស បានផ្ទុះទៅជាសង្គ្រាមដោយបើកចំហ។
ការប្រយុទ្ធគ្នាដំបូង បានផ្តោតលើទីក្រុងខាទុំ ដែលជារដ្ឋធានី ប៉ុន្តែក្រោយមកបានរីករាលដាលយ៉ាងឆាប់រហ័ស ទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស រួមទាំងតំបន់ Darfur ដែលរងការបំផ្លិចបំផ្លាញដោយសារជម្លោះរួចទៅហើយនោះ។
លោក Griffiths បាននិយាយថា ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សដល់ទៅ ៩០០០ នាក់ ហើយបង្ខំឱ្យមនុស្សរាប់លាននាក់ឱ្យចាកចេញពីផ្ទះរបស់ពួកគេ ទាំងទៅកាន់តំបន់ដែលមានសុវត្ថិភាពក្នុងប្រទេសស៊ូដង់ និងប្រទេសជិតខាង។
យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ មនុស្សជាង ៤,៥ លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសស៊ូដង់ ខណៈជាង ១.២ លាននាក់ផ្សេងទៀត បានស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង។
ជាមួយគ្នានេះ លោក Griffiths បាននិយាយផងដែរថា ការប្រយុទ្ធគ្នា ក៏បានធ្វើឱ្យមនុស្ស ២៥ លាននាក់ ពោលគឺច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេស ត្រូវការជំនួយមនុស្សធម៌។ បន្ថែមទៅលើភ្លើងជម្លោះដែលមានស្រាប់ លោកនិយាយថា មានការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងរដ្ឋធានីខាទុំ និងតំបន់ផ្សេងទៀតក្នុងប្រទេស ដោយមានករណីសង្ស័យជាង ១០០០ ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងខាទុំ ខេត្ត Kordofan និងខេត្ត Qadarif៕