ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលចេញដំណើរទស្សនកិច្ចក្រៅប្រទេសដ៏កម្រ នៅថ្ងៃពុធនេះ បានលើកសរសើរប្រធានាធិបតីចិន លោក ស៊ី ជីនភីង សម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងបានអញ្ជើញការវិនិយោគសកលសម្រាប់គម្រោងផ្លូវសមុទ្រភាគខាងជើង ដែលលោកបាននិយាយថា អាចធ្វើឱ្យពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងខាងកើត និងខាងលិច។
ការឡើងថ្លែងជាអន្តរជាតិដ៏កម្រនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលគេស្គាល់ជាលើកទី២របស់លោក នៅខាងក្រៅអតីតសហភាពសូវៀតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនមក លោកពូទីនបានថ្លែងអំណរគុណដល់មេដឹកនាំចិនសម្រាប់ការអញ្ជើញរូបគាត់ ហើយបាននិយាយថាប្រទេសរុស្ស៊ីអាចដើរតួយ៉ាងសំខាន់ក្នុងដំណើរការរៀបចំឡើងវិញ ក្នុងសម័យទំនើប នៃផ្លូវសូត្របុរាណរបស់ប្រទេសចិន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។
លោក ពូទីន បានសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ការនាំពិភពលោករួមគ្នា។ ក៏ប៉ុន្តែ តាមសេចក្តីរាយការណ៍នោះ មានបណ្តាគណៈប្រតិភូអឺរ៉ុបខ្លះមិនចូលរួមស្តាប់សុន្ទរកថារបស់ពូទីននោះទេ។
អ្នកយកព័ត៌មានរ៉យទ័រ បានសង្កេតឃើញថា នៅមុនបន្តិចពេល លោក ពូទីនចាប់ផ្តើមនិយាយ គណៈប្រតិភូអឺរ៉ុបមួយចំនួន តូច រួមទាំងអតីតនាយករដ្ឋមន្ត្រីបារាំង លោក Jean-Pierre Raffarin បានដើរចេញពីបន្ទប់។
លោកពូទីនបាននិយាយ៖«រុស្ស៊ី និងចិន ក៏ដូចជាប្រទេសភាគច្រើននៃពិភពលោក ចែករំលែកបំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចជាសកល និងយូរអង្វែងប្រកបដោយនិរន្តរភាព និងសុខុមាលភាពសង្គម ខណៈពេលដែលគោរពភាពចម្រុះនៃអរិយធម៌ និងសិទ្ធិនៃរដ្ឋនិមួយៗ ចំពោះគំរូអភិវឌ្ឍន៍ផ្ទាល់របស់ពួកគេ»។
លោកពូទីនបាននិយាយថា BRI ស័ក្តិសមនឹងរុស្ស៊ីដែលលោកបាននិយាយថាកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនដើម្បីឆ្លងកាត់ប្រទេសដ៏ធំបំផុតរបស់ពិភពលោកជាពិសេសពីផ្លូវសមុទ្រខាងជើងដែលរត់ពី Murmansk នៅជិតព្រំដែនរុស្ស៊ីជាមួយន័រវេសឆ្ពោះទៅកាន់ច្រកសមុទ្រ Bering នៅជិត Alaska ។
លោក ពូទីន និយាយថា៖«ចំពោះផ្លូវសមុទ្រខាងជើង រុស្ស៊ីមិនគ្រាន់តែផ្តល់ដៃគូរបស់ខ្លួនឱ្យប្រើប្រាស់សក្តានុពលដឹកជញ្ជូនរបស់ខ្លួនយ៉ាងសកម្មនោះទេ ខ្ញុំនឹងនិយាយបន្ថែមទៀត៖ យើងសូមអញ្ជើញរដ្ឋដែលចាប់អារម្មណ៍ឱ្យចូលរួមដោយផ្ទាល់នៅក្នុងការអភិវឌ្ឍន៍របស់ខ្លួន ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីផ្តល់នូវនាវា បំបែកទឹកកកដែលអាចទុកចិត្តបាន ការទំនាក់ទំនង និងការផ្គត់ផ្គង់»។
លោក បន្ថែមថា៖«ចាប់ផ្តើមនៅឆ្នាំក្រោយ ការធ្វើនាវាចរណ៍សម្រាប់កប៉ាល់ដឹកទំនិញឆ្លងកាត់ទឹកកក តាមបណ្តោយប្រវែងទាំងមូលនៃផ្លូវសមុទ្រខាងជើងនឹងក្លាយទៅជាពេញមួយឆ្នាំ»។