អ្នក​ថតរូប​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP​ ម្នាក់​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​អង្គារ ​ទី ១៧ ខែតុលា ក្រុម​ប៉ូលិស​អង់គ្លេស​បាន​ចាប់ខ្លួន​អ្នកធ្វើ​យុទ្ធនាការ​អាកាសធាតុ​ជនជាតិ​ស៊ុយអែត​ដ៏​ល្បីល្បាញ​មួយរូប ​គឺកញ្ញា ​ហ្គ្រេ​តា ធុន​បឺ​ក (Greta Thunberg)​ ចេញពី​ការតវ៉ា​នៅ​ខាងក្រៅ​ការជួបជុំ​ប្រចាំឆ្នាំ​របស់​បណ្ដា​ក្រុមហ៊ុន​ថាមពល​នៅ​ទីក្រុង​ឡុងដ៍។

សកម្មជន​បរិស្ថាន​ដ៏ល្បីល្បាញ វ័យ២០​ឆ្នាំ​រូបនេះ បាន​ក្លាយជា​មុខសញ្ញា​សំខាន់​នៃ​ចលនា​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ។ កញ្ញា​ត្រូវបាន​ក្រុមប៉ូលិស​២​នាក់​បាន​ចាប់​យក​ទៅ​ដាក់​ខាងក្រោយ​ឡាន​ប៉ូលិស​នៅ​ខាងក្រៅ​វេទិកា​ជួបជុំគ្នា​របស់​ប ណ្ដា​ក្រុមហ៊ុន​ផលិត​ថាមពល​ទាំងអស់នោះ។

អំឡុងពេល​មានការ​តវ៉ា​ដ៏​ធំ​នោះ កញ្ញា ធុន​បឺ​កបាន​រិះគន់​កិច្ចព្រមព្រៀងសម្ងាត់​រវាង​អ្នកនយោបាយ និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ឥន្ធនៈ​ហ្វូ​ស៊ី​ល។ កញ្ញា​បាន​ចោទប្រកាន់​អ្នកនយោបាយ​ថា​បាន​សមគំនិត​ជាមួយ​អ្នក​បញ្ចុះបញ្ចូល​តំណាង​ក្រុមហ៊ុន​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ទាំងអស់នោះ​នៅក្រោយ​ឆាក។

ទាំងនេះ​គឺជា​អ្វីដែល​កញ្ញា ធុន​បឺ​ក បានធ្វើ​អត្ថាធិប្បាយ​នៅ​ខាងក្រៅ​កន្លែង​នៃ​កម្មវិធី​ជួបជុំ​ប្រចាំឆ្នាំ ដែល​នឹង​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

បាតុករ​រាប់រយ​នាក់​មកពី​អង្គការ​បរិស្ថាន​ឈ្មោះថា Fossil Free London និង​អង្គការ​បរិស្ថាន Greenpeace បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​សណ្ឋាគារ InterContinental London Park Lane ដែលជា​ទីតាំង​នៃ​កម្មវិធី​ជួបជុំ​នោះ ដើម្បី​ធ្វើបាតុកម្ម​ក្រោម​យុទ្ធនាការ «លុបបំបាត់​ឥទ្ធិពល​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ»ដោយបាន​បិទ​ច្រកចូល​ទៅកាន់​ទីកន្លែង​ជួបជុំ​នោះ​ទាំងអស់​ផងដែរ។

កន្លងមក ឧស្សាហកម្ម​ដែល​ពឹងផ្អែក​ខ្លាំង​លើ​កាបូន​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ដោយ​អ្នក​ស្រលាញ់​បរិស្ថាន។ ពួកគេ​បាន​លើកឡើងថា ការវិនិយោគ​ទៅលើ​វិស័យ​ឥន្ធនៈ​ហ្វូ​ស៊ី​ល បានធ្វើឱ្យ​ការប្រែប្រួល​អាកាសធាតុ​កាន់តែ​អាក្រក់ទៅៗហើយ​មិនអាច​ឈានទៅរក​ការផ្លាស់ប្តូរ​ទៅជា​ថាមពល​កកើតឡើង​វិញ​បាន​នោះទេ។

កញ្ញា ធុន​បឺ​កបាន​បន្ថែមថា៖ «ពិភពលោក​កំពុង​លិចលង់​ក្នុង​អន្ទាក់​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល។ ក្តីសង្ឃឹម និង​ក្តី​សុបិន និង​ជីវិត​របស់​យើង​កំពុង​វិនាស​បន្តិចម្ដងៗ ដោយសារតែ​គម្រោង​បៃតង​ភូតកុហក​និង​ការបោកប្រាស់។

អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ឧស្សាហកម្ម​ឥន្ធនៈ​ហ្វូ​ស៊ី​ល​បានទទួល​ស្គាល់​អំពី​គ្រោះថ្នាក់​ដែល​ពួកគេ​កំពុង​បង្ក ប៉ុន្តែ​ពួកគេ​បែរជា​មិន​ធ្វើ​អ្វី​សោះ។ ផ្ទុយទៅវិញ ពួកគេ​បានធ្វើការ​ពន្យារពេល បង្វែរ​ការយកចិត្តទុកដាក់ និង​បាន​បដិសេធថា​វិបត្តិ​អាកាសធាតុ​កើតមានឡើង​ដោយសារ​ពួកគេ»។

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ឥស្សរជនសំខាន់ៗមកពី​ឧស្សាហកម្ម​ដូចជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Shell លោក វែ​ល សា​វ៉ាន (WaelSawan)នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TotalEnergiesលោក ផា​ទ្រី​ក ភូ​យ៉េន (Patrick Pouyanne)និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Saudi Aramco លោក អាមីន ណា​សេ (Amin Nasser)ក៏បាន​ឡើង​ថ្លែង​សន្ទរកថា​នៅក្នុង​វេទិកា​ជំនួប​នោះ​ផងដែរ។

ទន្ទឹមនឹងនោះ នៅ​ផ្នែក​ខាងក្រៅ​នៃ​វេទិកា​ជួបជុំ​ឯណោះ​វិញ ក្រុមអ្នកតវ៉ា​អាកាសធាតុ​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​នូវ​ពាក្យស្លោក​ជាច្រើន រួមមាន​ដូចជា «ត្រូវ​បញ្ឈប់​ការផលិត​ប្រេងឥន្ធនៈ បញ្ឈប់​ការផលិត​ឧស្ម័ន​ពុល» និង «យើង​ជា​ក្រុម​បរិស្ថាន​ដែល​គ្មាន​អ្នកណា​អាច​បញ្ឈប់​សកម្មភាពរ​បស់​យើង​បាន​នោះទេ» ក៏ដូចជា​ឃ្លា «ការបង្កើត​ពិភពលោក​មួយ​ដែល​ស្រស់បំព្រង គឺ​យើង​អាចធ្វើ​ទៅបាន» ជាដើម។

អ្នក​តវ៉ា​ម្នា​ក់បាន​និយាយថា ខ្លួន​មាន​សុបិន​អាក្រក់​អំពី​អនាគតចៅៗរបស់ខ្លួន ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ។ បន្ថែម​លើ​នេះ សកម្មជន​បរិស្ថាន​ដទៃ​ជាច្រើន​ទៀត​បាន​អះអាងថា ឧស្សាហកម្ម​ឥន្ធនៈ​ហ្វូ​ស៊ី​ល​កំពុង​វិនិយោគ​ប្រាក់ចំណេញ​របស់​ពួកគេ​ទៅក្នុង​ថាមពល​កខ្វក់ ជំនួស​ឱ្យ​ថាមពលបៃតង។

ប៉ូលិស​ក្រុង​ក្នុង​តំបន់​បាន​លើកឡើងថា អ្នកចូលរួម​វេទិកា​ជួបជុំ​ជាច្រើន​នាក់ មិនអាច​ចូលទៅ​កាន់​កម្មវិធី​ខាងក្នុង​បាន​នោះទេ​នៅ​ព្រឹក​នេះ ដោយសារ​តែមាន​ការបិទ​ផ្លូវ​ច្រកចូល​ដោយ​ក្រុម​តវ៉ា។ ដោយឡែក បាតុករ​ចំនួន ៥នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​សង្ស័យថា​បានធ្វើ​ការរារាំង បិទ​ផ្លូវធំ​សម្រាប់​ធ្វើដំណើរ៕