អគ្គស្នងការនគរបាលជាតិថៃ លោក Torsak Sukvimol កាលពីថ្ងៃទី ១៧ ខែតុលា បានទាមទារឱ្យមន្ទីរពេទ្យទូទៅប៉ូលីស (PGH) ក្រុងបាងកក បញ្ជូនរបាយការណ៍ស្តីពីការព្យាបាលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលសម្រាកព្យាបាលជំងឺរបស់លោកក្រៅពន្ធនាគារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការរិះគន់កាលពីសប្ដាហ៍មុន ចំពោះរូបថតមួយសន្លឹក ដែលគេចែកចាយលើបណ្ដាញសង្គម បង្ហាញពីលោក ថាក់ស៊ីន ដែលស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺ ពាក់ម៉ាស់ និងនៅលើគ្រែពេទ្យ ត្រូវបានគេអូសយកទៅធ្វើការស្កេនកុំព្យូទ័រ (CT)និងស្កែនរូបភាពអនុភាពម៉ាញេទិក (MRI)។ អ្នករិះគន់លើកឡើងថា លោក ថាក់ស៊ីន ជាអ្នកទោសដែលទទួលបានឯកសិទ្ធិ និងការព្យាបាលពិសេស។
មានការចោទប្រកាន់ថែមទៀតថា រូបថតនេះត្រូវបានគេរៀបចំថត និងចែកចាយដោយចេតនា ដែលក្រុមអ្នករិះគន់បាននិយាយថា ក្នុងគោលបំណងផ្តល់ចំណាប់អារម្មណ៍ថា លោក ថាក់ស៊ីន នៅតែឈឺធ្ងន់ ហើយត្រូវការការព្យាបាលបន្ថែមទៀតនៅមន្ទីរពេទ្យក្រៅពន្ធនាគារ ខណៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគាររបស់លោក ថាក់ស៊ីន រយៈពេល ៩០ ថ្ងៃ ត្រូវផុតកំណត់នាថ្ងៃសុក្រនេះ។
ជុំវិញបញ្ហានេះផងដែរ លោក Torsak បាននិយាយទទួលស្គាល់កាលពីថ្ងៃអង្គារថា លោកបានដឹងតិចតួចពីបញ្ហាចូលមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន ដោយសារតែលោកទើបតែត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិថ្មីៗនេះ។
លោក ថាក់ស៊ីន ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកែប្រែថៃ ដែលស្នើឱ្យប៉ូលិសជួយផ្តល់សន្តិសុខដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ។ លោកបានត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា ក្រោយពីនិរទេសខ្លួន ១៥ ឆ្នាំ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសរុប ៨ ឆ្នាំ ក្នុងសំណុំរឿង ៣ ករណី។
ទោះយ៉ាងណាក៏ដោយ លោកត្រូវបានគេបញ្ជូនពីពន្ធនាគារបាងកក ទៅកាន់ PGH នៅយប់ថ្ងៃដំបូងនោះ ដោយសារហេតុផលសុខភាព ហើយបន្តនៅទីនោះតាំងពីពេលនោះមក។
ក្រោយពីបានសុំការលើកលែងទោសពីព្រះមហាក្សត្រលោក ថាក់ស៊ីន ត្រូវបានបន្ធូរបន្ថយទោសជាប់ពន្ធនាគារត្រឹមតែរយៈពេល១ឆ្នាំវិញ៕