ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានទៅដល់ទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធ និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ឱ្យអ៊ីស្រាអែល នូវអ្វីគ្រប់យ៉ាង ដែលអ៊ីស្រាអែល ត្រូវការដើម្បីការពារខ្លួន ខណៈដែលអ៊ីស្រាអែល កំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ដែលបានផ្តើមបាញ់រុក្កែតរាប់ពាន់គ្រាប់ និងវាយតាមផ្លូវគោក និងផ្លុវទឹកចូលក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលានេះ។
មានសេចក្តីរាយការណ៍ ដំណើរទៅកាន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកលើកនេះ មានការប្រែប្រួលខ្លាំងដោយសារ លោកបានលុបចោលការធ្វើដំណើរ ដែលបានគ្រោងទុកទៅកាន់ប្រទេស ហ្ស៊កដានី ដោយសារតែការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យបណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ ៥០០ នាក់ នៅក្នុងទឹកហ្គាហ្សា។
ទោះបីយ៉ាងណា លោក បៃដិន មិនបានលុបចោលដំណើរទស្សនកិច្ចគាំទ្រទៅកាន់អ៊ីស្រាអែល ឡើយ ដោយលោកបានទៅដល់ប្រទេសអ៊ីស្រាអែល និងបានជួបនាយករដ្ឋមន្ត្រី Benjamin Netanyahu ។
ប្រធានាធិបតីអាមេរិក បាននិយាយថា ក្រុមហាម៉ាស់គឺអាក្រក់ជាងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចំពោះការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យមានការកើនឡើងចុងក្រោយនៃអំពើហិង្សាអ៊ីស្រាអែល-ប៉ាឡេស្ទីន។
លោក បៃដិន បាននិយាយថា លោក «សោកសៅ និងខឹងសម្បារ» ចំពោះការផ្ទុះនៅមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ដែលក្រុមហាម៉ាស់បាននិយាយថា បានសម្លាប់មនុស្សរាប់រយនាក់។
ប៉ុន្តែលោកបានបន្ថែមថា វាហាក់ដូចជា «ក្រុមផ្សេងទៀត» ទទួលខុសត្រូវ ដោយយោងទៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
លោក បៃដិន បាននិយាយថា ជនជាតិអាមេរិកចំនួន ៣១ នាក់ ស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែល ជាង ១៤០០ នាក់ ដែលបានស្លាប់នៅក្នុងការវាយប្រហារថ្ងៃទី ៧ខែតុលា របស់ក្រុមហាម៉ាស។
ចាប់តាំងពីការវាយលុកនោះ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់នោះ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣០០០ នាក់ ត្រូវបានសម្លាប់ជាលទ្ធផលនៃប្រតិបត្តិការយោធាអ៊ីស្រាអែល៕