ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីនពីង​ បាន​​ប្រាប់​នាយក​រដ្ឋ​មន្ត្រី​អេហ្ស៊ីប​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ ទី​ ១៩ ខែ​តុលា​ ថា​ ប្រទេស​ទាំង​២​​ គួរ​តែ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​នាំ​មក​នូវ​​ស្ថិរភាព​បន្ថែម​ទៀត​​ ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ ខណៈ​ដែល​ជម្លោះ​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស់របស់​ប៉ាឡេស្ទីន​​​ ​កំពុង​បង្ក​ភាព​​​អាប់​អួរ​​ក្នុង​តំបន់​។ នេះ​បើ​តាម​ការ​រាយការណ៍បន្ត​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

លោក ស៊ី​ ថ្លែង​ប្រាប់​បែប​នេះ​ នៅ​ពេល​​​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ Mostafa Madbouli​ របស់​​អេហ្ស៊ីប​ក្នុង​ទីក្រុង​ប៉េកាំង​​ ដោយលោក​​បាន​បញ្ជាក់​ នូវ​ការ​គាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​ ដំ​ណោះ​ស្រាយបង្កើត​​រដ្ឋ​​២​​​ដើម្បី​សម្រេច​បាន​នូវ​ការ​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​រវាង​​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល​។ ​

​ទូរទស្សន៍​រដ្ឋ​ចិន​ CCTV បាន​​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​ លោក​ស៊ី​ដែល​និយាយ​​​ថា​៖ «​ប្រទេស​ចិន ​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អេហ្ស៊ីប ​​និង​ចាក់​បញ្ចូល​ភាព​ប្រាកដ​ប្រជា​ និង​ស្ថិរភាព​បន្ថែម​​ទៀត​ចូល​ទៅ​ក្នុង​តំបន់​ និង​ពិភព​លោក​»​។​

លោក​ ស៊ី​ បន្ត​ថា​៖«​​​ចិន ​និង​អេហ្ស៊ីប ​គឺ​ជា​មិត្ត​ដ៏​ល្អ​ដែល​មាន​គោលដៅ​ដូច​គ្នា​ និ​ង​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជា​ដៃ​គូ​ដ៏​ល្អ​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ការ​អភិវឌ្ឍ​ និង​វិបុលភាព​រួម​»​ ហើយ​បន្ថែម​ថា​ ​ទីក្រុង​ប៉េកាំង​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ទីក្រុង​គែរ​ ដើម្បី​​រួម​គ្នា​ការពារ​ភាព​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​អន្តរជាតិ​ ព្រម​ទាំង​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ខណៈ​ដែល​ពិភព​លោក​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង»​។

ចាប់​តាំង​ពី​ជម្លោះ​អ៊ីស្រាអែល​-ហាម៉ាស់​​​​ ផ្ទុះ​​ឡើង​ ​​អេហ្ស៊ីប​ ភាគ​ច្រើន​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ជាមួយ​តំបន់​ហ្គាហ្សា​ស្ទ្រីប ​​ខណៈ​បញ្ហា​មនុស្ស​ធម៌​ក្នុង​តំបន់​តាន​តឹង​មួយ​នេះ​ កាន់​តែ​ដុន​ដាប​។ យ៉ាង​ណា​មិញ​ ​​ក្រុងគែរ​បាន​និយាយ​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​នឹង​អនុញ្ញាត​​បើក​ផ្លូវ​ជំនួយ​មនុស្ស​ធម៌​កាត់​ច្រក​​Rafah ចូល​ទៅ​កាន់​តំបន់​ហ្គាហ្សា​។លោ​ក ​ស៊ី​ បាន​សរសើរ​ចំពោះ​ជំហាន​បែប​នេះ​របស់​អេស្ស៊ីប​​ ប្រាប់​លោក​ Madbouli។

គេ​មើល​ឃើញ​ថា​ ទំនាក់​ទំ​នង​រវាង​ចិន ​និង​អេហ្ស៊ីប​ បាន​ឡើង​កម្តៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​​ៗ​នេះ​ ដោយ​ទីក្រុង​គែរ​នឹង​ក្លាយ​ជា​សមាជិក​ផ្លូវ​ការ​នៃ​ក្រុម​ BRICS ​​​នៅ​ឆ្នាំ​ក្រោយ​។​

ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ចិន​ពេល​នេះ​ ធ្វើ​ឡើង​ចំពេល​ដែល​ចិន​​ពង្រឹង​វិស័យ​ការ​ទូត​​នៅ​មជ្ឈិម​បូព៌ា​ ក្នុង​ពេល​ដែល​សហរដ្ឋ​អសកម្ម​ក្នុង​តំបន់​។ កាល​ពី​ប៉ុន្មាន​ខែ​មុន​ ចិន​បាន​សម្រប​សម្រួល​អ៊ីរ៉ង់​ និង​អារ៉ាប៊ីសាអូឌីត​​ ក្នុង​ការ​បង្កើត​​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​វិញ​ ដែល​គេ​មើល​ឃើញ​ថា​ ជា​ការ​ជោគជ័យ​ការ​ទូត​ដ៏​ធំ​មួយ​សម្រាប់​ចិន​៕