មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk និងជាម្ចាស់បណ្តាញសង្គមយក្ស X ដែលបានប្តូរឈ្មោះមកពី Twitter កំពុងពិចារណាដកកម្មវិធីដែលខ្លួនទើបនឹងទិញបានចេញពីអឺរ៉ុប ជាការឆ្លើយតបទៅនឹងបទប្បញ្ញត្តិអ៊ីនធឺណិតថ្មីដែលទ្វីបអឺរ៉ុបបានកំណត់។តាមគេហទំព័រព័ត៌មាន Insider រាយការណ៍កាលពីថ្ងៃពុធ។
បើតាមមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន X បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា Elon Musk បានពិភាក្សារួចហើយអំពីការដកកម្មវិធីនេះចេញពីក្នុងតំបន់ ឬរារាំងអ្នកប្រើប្រាស់ដែលមានទីតាំងនៅក្នុងសហភាពអឺរ៉ុបមិនឱ្យចូលប្រើប្រាស់វាបាន។
សហភាពអឺរ៉ុបកាលពីខែសីហាបានអនុម័តច្បាប់សេវាកម្មឌីជីថល (DSA) ដែលកំណត់ច្បាប់សម្រាប់ការទប់ស្កាត់ការរីករាលដាលនៃមាតិកាដែលអាចបង្កគ្រោះថ្នាក់ មាតិកាដែលត្រូវបានហាមឃាត់ ឬអាចកំណត់គោលដៅអ្នកប្រើប្រាស់ជាក់លាក់ បូករួមជាមួយនឹងច្បាប់អំពីការចែករំលែកទិន្នន័យផ្ទៃក្នុងមួយចំនួនជាមួយនិយតករ និងអ្នកស្រាវជ្រាវដែលពាក់ព័ន្ធផ្សេងៗ។
មកទល់ពេលនេះ អ្នកតំណាង ឬភាគីក្រុមហ៊ុន X មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសម្រាប់ការអត្ថាធិប្បាយពីសំណាក់សារព័ត៌មានណាមួយនោះទេ។
កាលពីសប្តាហ៍មុនសហភាពអឺរ៉ុប ក៏បានប្រកាសដែរថា ខ្លួនកំពុងស៊ើបអង្កេតលើកម្មវិធី X ដោយសារការល្មើសច្បាប់បច្ចេកវិទ្យាថ្មីរបស់ខ្លួន ជុំវិញការគ្រប់គ្រងព័ត៌មានក្លែងក្លាយមិនបានល្អទាក់ទិនទៅនឹងការវាយប្រហាររបស់ហាម៉ាស់លើអ៊ីស្រាអែល។
ចំណែកឯ និយតករអូស្ត្រាលីវិញបានពិន័យកម្មវិធីបណ្តាញសង្គម X នេះចំនួន ៣៨ ម៉ឺនដុល្លារ សម្រាប់ការខកខានក្នុងការសហការជាមួយនឹងការស៊ើបអង្កេតលើការអនុវត្តគោលការណ៍ប្រឆាំងនឹងការរំលោភបំពានលើកុមារ៕