ប្រទេសកូរ៉េខាងជើងដែលទើបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចេញមុខរិះគន់ចំពោះសហរដ្ឋអាមេរិកដែលផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ។
កូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តស្លាប់រស់របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី ២១ ខែតុលា បានថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ឈ្មោះ ATACMS ទៅឱ្យអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារណាមួយលើប្រទេសរុស្ស៊ីដោយប្រើអាវុធប្រភេទនេះនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការថ្កោលទោសពីសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់រុស្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបាននិយាយថា ខ្លួនបានប្រើប្រាស់ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើអាកាសយានដ្ឋានចំនួន ២ នៅក្នុងតំបន់អ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់។
លោក Sin Hong Chol ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ថា៖ «ទីបំផុត សហរដ្ឋអាមេរិកបានប្រគល់ប្រព័ន្ធបាញ់មីស៊ីលពីដី ATACMS ដល់អ៊ុយក្រែន បើទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិក៏ដោយ»។
លោកបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «រាល់ការវាយប្រហារនៅផ្នែកខាងក្នុងនៃប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ នឹងមិនជួយឱ្យស្ថានការណ៍អ៊ុយក្រែនបញ្ចប់ ឬមានដំណោះស្រាយដោយសន្តិវិធី ដូចដែលអ្នកតស៊ូមតិរបស់សហរដ្ឋអាមេរិកនិយាយនោះទេ ប៉ុន្តែនឹងដើរតួជាកាតាលីករសម្រាប់ដាក់អឺរ៉ុបទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់គ្មានទីបញ្ចប់ និងសង្គ្រាមអូសបន្លាយ»។
ប្រភេទនៃ ATACMS អាចផ្ទុកគ្រាប់បែកចង្កោមហើយប្រព័ន្ធនេះ អាចមានសមត្ថភាពបាញ់មីស៊ីលរហូតដល់រយៈចម្ងាយ ៣០០ គីឡូម៉ែត្រ។
កន្លងមក អ៊ុយក្រែនបានទទូចឱ្យសហរដ្ឋអាមេរិកផ្តល់មីស៊ីលដែលមានរយៈចម្ងាយឆ្ងាយជាងអ្វីដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងពេលកន្លងមក ប៉ុន្តែរដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានច្រានចោលអស់រយៈពេលជាច្រើនខែ ដោយព្រួយបារម្ភថា ទីក្រុងកៀវអាចប្រើប្រាស់សព្វាវុធប្រភេទនេះ វាយប្រហារចូលក្នុងទឹកដីរុស្ស៊ីដោយកំហឹង ដែលធ្វើឱ្យជម្លោះកាន់តែតានតឹង។
ការថ្កោលទោសសហរដ្ឋអាមេរិករបស់កូរ៉េខាងជើងនាពេលនេះ ធ្វើឡើងបន្ទាប់ពីសេតវិមានបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានដឹកជញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ីនាពេលថ្មីៗនេះ ដោយហៅការណ៍នេះថា ជាការវិវឌ្ឍដ៏តានតឹង និងបង្កើនការព្រួយបារម្ភអំពីទំនាក់ទំនងយោធារវាងប្រទេសកុម្មុយនីស្តទាំង ២ នេះ៕