ប្រទេសចិន និងហ្វីលីពីន បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការប៉ះទង្គិច គ្នាកាលពីថ្ងៃទី ២២ ខែតុលា រវាងទូកដឹកស្បៀងអាហាររបស់ហ្វីលីពីននិងនាវាឆ្មាំសមុទ្រចិននៅតំបន់សមុទ្រចិនខាងត្បូងដែលជាដែនទឹកកំពុងមានជម្លោះ។
ការប៉ះទង្គិចគ្នានេះ គឺបណ្ដាលមកពីនាវាចិនបានបុកជាមួយ នឹងទូកហ្វីលីពីនដែលបានដឹកស្បៀងផ្គត់ផ្តង់ដល់ក្រុមយោធាប្រចាំការនៅលើខ្មោចនាវាចម្បាំង ដែលគាំងនៅកោះថ្មប៉ប្រះទឹក Second Thomas ដែលស្ថិតក្នុងប្រជុំកោះ Spratley។
ក្នុងរយៈពេលប៉ុន្មានខែកន្លង មកនេះប្រទេសទាំងពីរបានបង្កជម្លោះនឹងគ្នាជាច្រើននៅតំបន់សមុទ្រចិនខាងត្បូង ជាពិសេសតំបន់កោះថ្មប៉ប្រះទឹក Second Thomas។ ជារឿយៗហ្វីលីពីនតែងតែបានដឹកជញ្ជូនស្បៀងអាហារដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅលើខ្មោចនាវាចាស់សម័យសង្គ្រាមលោកលើកទីពីរ ដែលបានបង្កឱ្យចិនមានការមិនពេញចិត្ត ហើយបានបញ្ជូនឆ្មាំសមុទ្រទៅរំខាននិងរារាំងដល់បេសកកម្មផ្គត់ផ្គង់ ស្បៀងអាហាររបស់ហ្វីលីពីនជាច្រើនលើកទៀតផង។
នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាលើកនេះ ប្រទេសចិន បានលើកឡើងថា កប៉ាល់របស់ខ្លួនកំពុងរារាំងទូករបស់ហ្វីលីពីន មិនឱ្យធ្វើការដឹកសម្ភារសំណង់ ខុសច្បាប់ទៅកាន់ខ្មោចនាវាចម្បាំងនោះឡើយ។ ដោយឡែក ហ្វីលីពីនបានឆ្លើយតបថាសកម្មភាពរបស់ចិនគឺជាចេតនា ចង់បង្ក គ្រោះថ្នាក់ដែលខុសទៅនឹងច្បាប់ អន្តរជាតិ។ រីឯសហរដ្ឋអាមេរិកវិញ ក៏បានគាំទ្រហ្វីលីពីនជុំវិញបញ្ហានេះផងដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសហ្វីលីពីនបានថ្លែងថា៖ «សហរដ្ឋអាមេរិកគាំទ្រហ្វីលីពីន ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ ជាការកត់សម្គាល់ ហ្វីលីពីនបានពង្រឹងទំនាក់ទំនងយោធាជាមួយអាមេរិកចាប់តាំងពីប្រធានាធិបតីថ្មី លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ចូលកាន់តំណែងកាលពីឆ្នាំមុន។
អាមេរិកក៏ធ្លាប់បានអះអាងផងដែរថា ខ្លួននឹងការពារហ្វីលីពីន ប្រសិនបើឆ្មាំសមុទ្រហ្វីលីពីនត្រូវបានវាយប្រហារនៅតំបន់សមុទ្រចិនខាងត្បូង។
ប្រទេសចិនបានទាមទារចង់គ្រប់គ្រងតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង ហើយផ្នែកខ្លះបានត្រួតស៊ីគ្នាទៅនឹងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ ប៉ុន្តែ កាលពីឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្រៃ្តយ៍ បានចេញសេចក្ដីសម្រេចថា ការទាមទាររបស់ភាគីចិនមិនមានមូលដ្ឋានច្បាប់នោះទេ។ កាលពីសប្តាហ៍មុន ហ្វីលីពីន និងចិនបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីសកម្មភាពគ្រោះថ្នាក់ផ្សេងៗដែលបានកើតមានឡើងនៅតំបន់សមុទ្រចិនខាងត្បូង។
យ៉ាងណាក៏ដោយ ហ្វីលីពីនបានលើកឡើងថា ខ្លួននឹងនៅតែបន្តផ្គត់ផ្គង់ស្បៀងនិងសម្ភារផ្សេងៗទៅកាន់កងកម្លាំងរបស់ខ្លួន បើទោះជាចិនកំពុងព្យាយាមបញ្ឈប់ពួកគេក៏ដោយ។ បន្ទាប់ពីមានការបើកបុកគ្នាកាលពីម្សិលមិញ ហ្វីលីពីនបានហៅសកម្មភាពរបស់ចិនថា ជាទង្វើបង្កហេតុ និងគ្មានទំនួលខុសត្រូវ ហើយជារឿងដែលខុសទៅនឹងច្បាប់អន្តរជាតិ។
យ៉ាងណាមិញ ឆ្មាំសមុទ្រចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មូលហេតុនៃការបុកនេះគឺដោយសារតែទូកហ្វីលីពីនមិនបានអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់យើង ហើយបានបើកឆ្លងកាត់ផ្លូវរបស់កប៉ាល់ ដោយមានចេតនា បង្កបញ្ហា ទើបបានជាបណ្តាល ឱ្យមានការប៉ះទង្គិចបែបនេះ»។
សេចក្តីថ្លែងការណ៍របស់ឆ្មាំសមុទ្រចិននោះបានបន្ថែមថា «អាកប្បកិរិយារបស់ហ្វីលីពីនគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិស្តីពីការចៀសវាងការប៉ះទង្គិចគ្នានៅតំបន់សមុទ្រ និងជាការគំរាមកំហែងដល់សុវត្ថិភាពនាវាចរណ៍នៃនាវារបស់យើង»។
គួររំឭកថា ក្នុងឆ្នាំ ១៩៩៩ ហ្វីលីពីនបានបោះបង់ចោលនាវាចម្បាំងដែលមានឈ្មោះថា BRP Sierra Madre ដោយចេតនានៅកោះថ្មប៉ប្រះទឹក Second Thomas ដែលស្ថិតក្នុងប្រជុំកោះ Spratley ដើម្បីបង្ហាញថាតំបន់នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ដោយសារតែវាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដែលមានចម្ងាយប្រមាណជា ៣២១ គីឡូម៉ែត្រ ឬ ២០០ ម៉ាយពីឆ្នេរសមុទ្រហ្វីលីពីន៕