សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​ បាន​គាំទ្រ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​ ដែល​កំពុង​បាញ់​គ្រាប់​រ៉ុក្កែត ​និង​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ​ទៅ​លើ​យោធា​អាមេរិក ​នៅ​មូលដ្ឋានទ័ព​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។

កាលពី​ថ្ងៃទី ២៣​ ខែតុលា ឆ្នាំ ២០២៣ ​លោក ចន ខឺ​ប៊ី (John Kirby) អ្នក​នាំពាក្យ​សេត​វិមាន​អាមេរិក​ បាន​អះអាងថា ​អាមេរិក ​នឹងធ្វើ​ការឆ្លើយ​តប​វិញដោយ​មិន​អត់ធ្មត់​ចំពោះ​ការគំរាម​កំហែង​ទាំងនេះ​ទេ។ ជាការ​កត់​សម្គាល់ ​ហេតុការណ៍​នេះ​ បានកើត​ឡើង ​បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ (Hamas)។

សហរដ្ឋអាមេរិក ​បាន​និង​កំពុង​គាំទ្រ​អ៊ីស្រាអែល​ ក្នុងការ​វាយបក​ទៅនឹង​ការវាយ​ប្រហារ​ដោយ​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃទី៧ ខែតុលា។ សហរដ្ឋអាមេរិក​បាន​លើកឡើងថា អ៊ីស្រាអែល ​មាន​សិទ្ធិ​ការពារ​ខ្លួន​ហើយ​បាន​បដិសេធ​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់។ អាមេរិក​ក៏បាន​ចោទប្រកាន់​អ៊ីរ៉ង់ ​ផងដែរ ថា​បាន​គាំទ្រ​ក្រុម​ហា​ម៉ាស់ និង​ហេស​បូ​ឡា (Hezbollah) និង​ថា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​វាយប្រហារ​ទាំង​អស់នេះ​ដើម្បី​កេងចំណេញ​ផលប្រយោជន៍ នេះ​បើ​យោងតាម​លោក ខឺ​ប៊ី ដែល​បាន​ថ្លែង​នៅ​សេត​វិមាន។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា ៖ «អាមេរិក​ដឹងថា​អ៊ីរ៉ង់​ចង់​បដិសេធ ​ដោយ​លើក​ហេតុផល​ផ្សេងៗ ប៉ុន្តែ​យើង​មិន​អនុញ្ញាត​ឱ្យ​រឿង​នេះ​កើតឡើង​នោះទេ»។

លោក​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​ទីប្រឹក្សាយោធា ​ដែលមាន​បទពិសោធ ទៅកាន់​អ៊ីស្រាអែល​ ដើម្បី​ជួយផ្ដល់​អនុសាសន៍​ក្នុងការ​អនុវត្តន៍​ប្រតិបត្តិការ​យោធា។

យ៉ាងណា​មិញ ​គេ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ភ្លាមៗពី​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅឡើយ​ទេ។

គួរ​បញ្ជាក់ថា អ៊ីរ៉ង់ ​តែងតែ​គាំទ្រ​ខាង​ផ្នែក​នយោបាយ​ទៅកាន់​ក្រុម​ហា​ម៉ាស់ ក្រុម​ហេស​បូ​ឡា និង​ក្រុម​ហ្ស៊ា (Shia) នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ ប៉ុន្តែ​ពួកគេ​មិន​ផ្តល់ជំនួយ​យោធា​ដល់​ក្រុម​ទាំងនេះ​ទេ។ ថ្មីៗនេះ មេដឹកនាំ​អ៊ីរ៉ង់​បាន​ព្រមាន​ថា ប្រសិនបើ​មានការ​វាយលុក​ពី​អ៊ីស្រាអែល​នៅ​តំបន់​ហ្កា​ហ្សា នោះ​នឹងមាន​ក្រុមផ្សេងៗទៀត​ក្នុង​តំបន់​ធ្វើការ​វាយប្រហារ​អ៊ីស្រាអែល​វិញ​ជាការ​ឆ្លើយតប។

មេដឹកនាំ​អ៊ីរ៉ង់ លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​ណី (Ayatollah Ali Khamenei) បាន​ព្រមាន​ថា «ប្រសិនបើ​សកម្មភាព​របស់​អ៊ីស្រាអែល​ នៅតែ​បន្ត ជនជាតិ​មូស្លីម និង​ក្រុម​កម្លាំង​តស៊ូ​ផ្សេងទៀត​អាច​នឹង​ទ្រាំ​មិនបាន នៅពេលនោះ គ្មាន​នរណា​អាច​បញ្ឈប់​ពួកគេ​បាន​នោះទេ»។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការទម្លាក់​គ្រាប់បែក​នៅ​តំបន់​ហ្កា​ហ្សា​ជាបន្ទាន់។ មុនពេល​ផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហា​ម៉ាស់ រដ្ឋបាល​របស់លោក បៃ​ដិ​ន ធ្លាប់បាន​សរសើរ​អ៊ីស្រាអែល ​ថា ​អាច​រក្សា​សន្តិភាព​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​បាន។

ដោយឡែក ចាប់តាំងពី​ថ្ងៃ​ពុធ​មក មានការ​វាយប្រហារ​ជាច្រើនលើក​ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅលើ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ចំនួន​បី​កន្លែង​នៅ​មជ្ឈិមបូព៌ា។ មូលដ្ឋាន​ទាំងនេះ សុទ្ធតែ​បានទទួល​ទាហាន​អាមេរិក​ដែលជា​ផ្នែក​មួយ​នៃ​ក្រុមចម្រុះ​អន្តរជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​អាយ​ស៊ី​ស (ISIS)។

កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ហូ​សេន អា​មី​រ៉ា​ដូ​ឡា​ហ៊ាន (Hossein Amirabdollahian) បាន​និយាយថា ៖ «ទីក្រុង​តេ​ហេ​រ៉ង់​មិនបាន​បញ្ជា​ឱ្យ​ក្រុម​តស៊ូ​ក្នុង​តំបន់​ទាំងនោះ​ធ្វើការ​វាយប្រហារ​នោះទេ ហើយក៏​មិនបាន​រារាំង​ពួកគេ​ពី​ការសម្រេចចិត្ត​ធ្វើ​ដូច្នោះ​ដែរ ព្រោះ​វា​គឺ​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ»។

លោក អា​មី​រ៉ា​ដូ​ឡា​ហ៊ាន ​បានឱ្យដឹង​ផងដែរ​ថា សហរដ្ឋអាមេរិក ​បាន​ផ្ញើ​សារ​មកកាន់​អ៊ីរ៉ង់​ ថា អាមេរិក​មិន​ចង់ឱ្យ​ជម្លោះ​កើតឡើង​នោះទេ។ ពួកគេ​ចង់ឱ្យ​ទីក្រុង​តេ​ហេ​រ៉ង់ មានការ​ប្រុងប្រយ័ត្ន និង​ណែនាំ​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​ដែល​កំពុង​ពិចារណា​លើ​ការវាយប្រហារ ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​ជាបន្ទាន់។

លោក អា​មី​រ៉ា​ដូ​ឡា​ហ៊ាន បាន​រិះគន់​លោក​ប្រធានាធិបតី បៃ​ដិ​ន​វិញ​ថា ៖ «លោក បៃ​ដិ​ន អើយ!គួរតែបញ្ឈប់​ការ​លាក់ពុត​របស់​អ្នកឯង។ តើ​នេះ​ជា​យុទ្ធនាការ​បោះឆ្នោត​របស់​អ្នក​មែន​ទេ ដែល​ខំប្រឹង​មក​សន្យា​គាំទ្រ​សិទ្ធិមនុស្ស​ទូទាំង​ពិភពលោក​បែបនេះ?»។

ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ សហរដ្ឋអាមេរិក បាន​ផ្តល់​ការគាំទ្រ​ផ្នែក​យោធា​ជើង​ទឹក រួមទាំង​នាវា​ផ្ទុក​យន្តហោះ នាវាចម្បាំង និង​កង​ម៉ា​រី​ន ដល់​អ៊ីស្រាអែល ហើយ​ក៏បាន​សន្យា​ផ្តល់ជំនួយ​ផ្នែក​ការពារជាតិ​យ៉ាងច្រើន​បន្ថែមទៀត​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​ក្រុម​ហា​ម៉ាស់ ដែល​បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ និង​របួស​ជាង ១៤០០ នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល។

នៅ​តំបន់​ហ្កា​ហ្សា​វិញ ក្រសួងសុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ា​ស់បាន​និយាយថា មនុស្ស​ជាង ៥០០០នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​ការ​វាយឆ្មក់​តាម​អាកាស​របស់​អ៊ីស្រាអែល ដោយបាន​បំផ្លាញ​តំបន់​នេះ​ទាំងមូល៕