មេដឹកនាំ​ក្រុង​ហុងកុង​ លោក​ ចន លី (John Lee)​​ និយាយ​នៅ​ថ្ងៃ​ពុធ​ ទី​ ២៥ ខែ​តុលា​នេះ​ថា​ ទីក្រុង​នឹង​​​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​​នៅ​ឆ្នាំ​ ២០២៤ ពោល​គឺជិត ​​​៤ ​ឆ្នាំ ​បន្ទាប់​ពី​ក្រុង​ប៉េកាំង​ ដាក់​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​​សម្រាប់​​ក្រុង​ពាក់​កណ្ដាល​ស្វយ័ត​នេះ​ ដោយ​បង្ក​ការ​រិះ​គន់​ថា ​ជា​ឈ្នាន់​ដើម្បីបំ​បិទ​សម្លេង​ប្រឆាំង​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

​លោក​ លី ​បាន​និយាយ​ក្នុង​អំឡុង​សុន្ទរក​ថាមួយ​​​​​នា​ថ្ងៃ​ទី២៥ ខែតុលា ​ថា​​៖ «​ប្រទេស​មួយ​ចំនួន​ កំពុង​ធ្វើ​ឱ្យ​ខូច​ដល់​ប្រទេស​ចិន​ និ​ង​ការ​អនុវត្ត​​ប្រទេស​​១​ប្រព័ន្ធ​​២​នៅ​​​ក្រុង​ហុងកុង​»​។​ មេដឹកនាំ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​លើក​បន្តុប​រូប​នេះ​ បានបន្ត​ថា​៖ «​​កង​កម្លាំង​ខាង​ក្រៅ​ នៅ​តែ​បន្ត​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​​ហុងកុង​ប៉ុន្តែ​ក្រុង​នេះ​​​​បន្ត​ការពារ​សន្តិសុខ​ជាតិ​ និង​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​នូវ​ប្រព័ន្ធ​ច្បាប់ ​និង​យន្តការ​អនុវត្ត​ច្បាប់​ពាក់​ព័ន្ធ​របស់​ខ្លួន​»​។

​លោក​ លី​ បាន​បន្ថែម​ថា​៖ ​«​រដ្ឋាភិបាល​(ក្រុង​ហុងកុង​)​កំពុង​​រុ​ល​​ទៅ​មុខ​ លើ​ការ​រៀប​ចំ​ជម្រើស​នីតិប្បញ្ញត្តិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ហើយ​នឹង​បញ្ចប់​កិច្ច​ការ​នេះ​​នៅ​ឆ្នាំ​ ២០២៤​​ដើម្បី​បំពេញ​កាតព្វកិច្ច​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​»​។

​ក្រោម​ច្បាប់​មូលដ្ឋាន​ឬ​រដ្ឋ​ធម្មនុញ្ញ​ខ្នាត​តូច​របស់​​ហុងកុង​ ក្រុង​នេះ​​​ត្រូវ​​បង្កើត​ច្បាប់សន្តិសុខ​ជាតិ​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ទាក់​ទង​នឹង​សន្តិសុខ​ចំនួន​​៧​ រួម​ទាំង​ការ​ក្បត់​ជាតិ​ និង​ចារកម្ម​។​

មក​ទល់​ពេល​នេះ​ ភារកិច្ច​របស់​រដ្ឋាភិបា​ល​​មិន​ទាន់​បាន​សម្រេច​ឡើង​នៅ​ឡើយ​ទេ​ ​ដោយបាន​​អូស​បន្លាយ​ជាង​ ២៥ មក​ហើយ​ រាប់​តាំង​ពី​ក្រុង​នេះ​​ត្រឡប់​ទៅ​ស្ថិត​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន​វិញ​។ ​ការ​ប៉ុន​ប៉ង​បង្កើត​​ច្បាប់នេះ​​​​ចុង​ក្រោយ​ ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០០៣​​ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​វិញ​​ក្រោយ​ប្រជាជន​ហុងកុង​​កន្លះ​លាន​នាក់ដើរ​តាម​ផ្លូវ​ដើម្បីបង្ហាញ​ការ​ប្រឆាំង​តវ៉ា​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គិត​មក​ត្រឹម​ដំណាច់​ខែ​កញ្ញា​ មនុស្ស​ចំនួន​ ២៨០​​ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ ៣០​ នាក់​ រង​ការ​កាត់​ទោស​​ក្រោម​ច្បាប់​សន្តិសុខជាតិ​បច្ចុប្បន្ន​ ដែល​​ចិន​ដាក់​ចេញ​ក្នុង​ឆ្នាំ​ ២០២០​។ នេះ​បើ​តាម​​ការិយាល័យ​សន្តិសុខ​របស់​ហុងកុង​។

​បាតុកម្ម​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​បាន​ផ្ទុះ​ឡើង​ក្នុង​​ក្រុង​ហុងកុង​នៅ​​ឆ្នាំ​ ២០១៩​ ​ដោយ​​មនុស្ស​រាប់​សែន​នាក់​បាន​ដើរ​​តាម​ផ្លូវ​​អំពាវនាវ​​សុំ​សិទ្ធិសេរី​ភាព​ឱ្យ​ទូលាយ​ជាង​មុន​ រួម​មាន​ទាំង​ភាព​ឯករាជ្យ​ពី​រដ្ឋាភិបាល​ចិន​។

​ជា​ការ​ឆ្លើយ​តប​ ទីក្រុង​ប៉េកាំង​បាន​ដាក់ចេញ​នូវ​​ច្បាប់​សន្តិសុខជាតិ​ ដើម្បី​ដាក់​ទោស​ឧក្រិដ្ឋកម្ម​ធំ​ៗ​ចំនួន​៤​​ រួ​ម​មាន​ ការ​បះ​បោរ ​វិទ្ធង្សនា ​អំពើ​ភេរវកម្ម​ និង​ការ​ឃុប​ឃិត​ជាមួយ​កម្លាំង​​បរទេស​ ដោយ​មាន​ទាំង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​អស់​មួយ​ជីវិត​។​ ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​​ថា​ ច្បាប់​នេះ​​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​ក្នុង​ការ​បំបិទ​​សម្លេង​ប្រឆាំង៕