មន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិ បានប៉ះសម្តីជាមួយអ្នកការទូតអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ដែលរហូតពេលនេះមានប្រជាជនប៉ាឡេស្ទីនជិត ៦ ០០០ នាក់ និងជាង ១ ៤០០ នៅភាគីអ៊ីស្រាអែលបានបាត់បង់ជីវិត។
សហគមន៍អន្តរជាតិនានាជាពិសេសក្រុមសម្ព័ន្ធរដ្ឋអារ៉ាប់ដែលមានសមាជិក ២២ ប្រទេស និងអគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំងមហាអំណាចចិន និងរុស្ស៊ីផង បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយនៅក្នុងសង្គ្រាមនោះ ប៉ុន្តែភាគីអ៊ីស្រាអែលបន្តបាញ់ស្រោចមីស៊ីលតាមផ្លូវអាកាសចូលតំបន់ហ្គាហ្សាយ៉ាងខ្លាំង និងត្រៀមវាយលុកតាមផ្លូវគោកដើម្បីចូលទៅបោសសម្អាតក្រុមហាម៉ាស់។
ទីភ្នាក់ងារព័ត៌មានបារាំងបានផ្សាយថា លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានចោទប្រកាន់ថា បានរំលោភច្បាប់អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា និងបានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសុន្ទរកថាដែលបានធ្វើឱ្យអ៊ីស្រាអែលខឹងសម្បា។
ថ្លែងពេលបើកសម័យប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សានេះ លោក ហ្គុយតឺរ៉េស ដោយមិនបានលើកចំៗចំពោះឈ្មោះប្រទេសអ៊ីស្រាអែល បាននិយាយថាមិនមានលេសសម្រាប់អំពើហិង្សាដ៏ «គួរឱ្យរន្ធត់» ដោយពួកសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា រួចប្រើ «ការដាក់ទណ្ឌកម្មសមូហភាព» លើប្រជាជនប៉ាឡេស្ទីននោះទេ។
តាមការដកស្រង់សម្តី លោកនិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភយ៉ាងច្បាស់នៃច្បាប់មនុស្សធម៌អន្តរជាតិដែលយើងកំពុងធ្វើជាសាក្សីនៅហ្គាហ្សា។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ចំណុចនេះ គឺថា គ្មានភាគីជម្លោះប្រដាប់អាវុធណាមួយស្ថិតនៅពីលើច្បាប់មនុស្សធម៌អន្តរជាតិទេ»។
លោក ហ្គុយតឺរ៉េស បានរំឭកថា ការវាយប្រហាររបស់ក្រុមហាម៉ាស់ «មិនបានកើតឡើងនៅក្នុងលម្ហដែរ នៅពេលដែលប៉ាឡេស្ទីន «ត្រូវបានទទួលរងនូវការកាន់កាប់ដោយការខ្ទប់ដង្ហើមអស់រយៈពេល ៥៦ ឆ្នាំ»។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយចោទសួរថា៖ «លោកអគ្គលេខាធិការ តើអ្នករស់នៅលើលោកនេះទេ?»។
ចំណែកឯឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានស្នើឱ្យលោក ហ្គុយតឺរេសលាលែងពីតំណែងនេះ៕