កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ បេសកជនអ៊ីស្រាអែលប្រចាំនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានលើកឡើងថា តៃវ៉ាន់គឺជាសម្ព័ន្ធមិត្តដ៏មានតម្លៃរបស់អ៊ីស្រាអែល ដោយបានកោតសរសើរចំពោះការគាំទ្ររបស់តៃវ៉ាន់ ជុំវិញបញ្ហាសង្គ្រាមនៅហ្គាហ្សាផងដែរ។ ដោយឡែក អ៊ីស្រាអែលបានយល់ឃើញថា ការឆ្លើយតបរបស់ចិនចំពោះការវាយប្រហាររបស់ពួកហាម៉ាស់ គឺជារឿងដែលមិនសមហេតុផល។
អ៊ីស្រាអែល ក៏ដូចជាប្រទេសភាគច្រើនដទៃទៀតដែរ ពោលគឺមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដែលតែងតែត្រូវបានចិន ដីគោកទាមទារដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ។ ប៉ុន្តែតៃវ៉ាន់ បានចាត់ទុកអ៊ីស្រាអែលជាដៃគូប្រជាធិបតេយ្យដ៏សំខាន់មួយនៅលើពិភពលោក។
គួររំឭកថា រដ្ឋាភិបាលក្រុងតៃប៉ិបានចេញមុខថ្កោលទោសការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែលដោយពួកសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ហើយបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់តៃវ៉ាន់ ក៏ដូចជាក្ដីអាណិតអាសូរដល់អ៊ីស្រាអែលផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ បេសកជនរបស់អ៊ីស្រាអែល ឬអាចហៅបានថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅតៃវ៉ាន់ អ្នកស្រី ម៉ាយ៉ា យ៉ារ៉ុន (Maya Yaron) បានលើកសរសើរការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលតៃវ៉ាន់ រួមទាំងពីប្រធានាធិបតី សៃ អ៊ីងវេន (Tsai Ing-wen)។
លោកស្រី សៃ អ៊ីងវេន បាននិយាយថា «តៃវ៉ាន់គឺជាមិត្តដ៏ល្អសម្រាប់អ៊ីស្រាអែល ហើយយើងពិតជាពេញចិត្តចំពោះអ្វីគ្រប់យ៉ាងដែលយើងទទួលបាន។ ខ្ញុំកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេស ដូច្នេះខ្ញុំដឹងថាប្រជាជនមានការព្រួយបារម្ភខ្លាំង»។
ចិន បានរិះគន់អំពើហិង្សា និងការវាយប្រហារលើជនស៊ីវិលក្នុងជម្លោះសង្គ្រាមមួយនេះ ហើយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា «សកម្មភាពរបស់អ៊ីស្រាអែលត្រូវបានចាត់ទុកថាហួសពីវិសាលភាពនៃគោលការណ៍ការពារខ្លួនហើយ» ប៉ុន្តែលោកមិនបានប្រើប្រាស់ពាក្យថា ក្រុមហាម៉ាស់ នៅក្នុងការអត្ថាធិប្បាយរបស់លោកនោះទេ។
កាលពីថ្ងៃពុធ ប្រទេសចិន និងប្រទេសរុស្ស៊ី បានធ្វើការវេតូទៅលើសំណើរបស់សហរដ្ឋអាមេរិក ដែលបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើសកម្មភាពអំពាវនាវឱ្យផ្អាកការប្រយុទ្ធគ្នា ដើម្បីអនុញ្ញាតឱ្យក្រុមរងគ្រោះអាចទទួលបានជំនួយមនុស្សធម៌ ការការពារជនស៊ីវិល និងបញ្ឈប់ការផ្ដល់អាវុធដល់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។
អ្នកស្រី យ៉ារ៉ុន បានសម្តែងការមិនពេញចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះប្រទេសចិន ដែលមិនបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើជនស៊ីវិល។ ដូច្នេះហើយ អ្នកស្រីបានលើកឡើងថា «យើងអាចមើលឃើញពីគោលជំហររបស់ចិនលើបញ្ហានេះហើយ»៕