កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានចេញសេចក្តីប្រកាសរួមគ្នានៅថ្ងៃព្រហស្បតិ៍ដោយថ្កោលទោសកូរ៉េខាងជើង យ៉ាងដាច់អហង្ការ ចំពោះការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលគិតមកថ្ងៃនេះមានរយៈពេល ៦១១ ថ្ងៃ និងគ្មានសញ្ញាណនៃលទ្ធភាពចរចានោះទេ។
ប្រតិកម្មរបស់ត្រីសម្ព័ន្ធនៅតំបន់អាស៊ីខាងកើតនេះបានកើតឡើងជិត ១ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើហ្គេយ៍ ឡាវរ៉ូវ ទៅកាន់ទីក្រុងព្យុយ៉ាង ដែលត្រូវគេជឿថា ភាគីទាំង ២ បានជជែកគ្នារឿងអនុវត្តកិច្ចព្រមព្រៀងដោះដូរអាវុធ ក្រោយប្រមុខប្រទេសកុម្មុយនីស្តទាំង ២ បានឯកភាពគ្នាក្នុងកិច្ចប្រជុំកំពូលក្នុងប្រទេសរុស្ស៊ីកាលពីខែកញ្ញា។
ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្គត់ផ្គង់សព្វាវុធ និងបរិក្ខារយោធាដោយកូរ៉េខាងជើង ដល់ប្រទេសរុស្ស៊ី ហើយបាននិយាយថា ពួកគេបានអះអាងពីការប្រគល់អាវុធជាច្រើនប្រភេទ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា រុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធការផ្ទេរសព្វាវុធពីកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែក៏មានរបាយការណ៍ដែលថា ទីក្រុងវ៉ាស៊ីនតោន និងអ្នកស្រាវជ្រាវបានបង្ហាញពីការចល័តរបស់នាវាផ្ទុកកុងតឺន័រទំនងជាមានអាវុធរវាងកំពង់ផែនៃប្រទេសទាំង២។
ខណៈពេលដែលវាមិនអាចបញ្ជាក់ខ្លឹមសារនៃការដឹកជញ្ជូននោះ របាយការណ៍លើកឡើងថា កុងតឺន័រដែលសង្ស័យពីកូរ៉េខាងជើងត្រូវបានគេមើលឃើញថា ក្រោយមកត្រូវបានបញ្ជូនទៅកន្លែងផ្ទុកគ្រាប់របស់រុស្ស៊ី នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែនដែលមានជម្លោះ។
សេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ បាននិយាយថា៖ «សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងជប៉ុន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្តល់សម្ភារយោធា និងអាវុធដោយកូរ៉េខាងជើង ដល់សហព័ន្ធរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន»។
សេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៣ បាននិយាយថា៖ «ការចែកចាយអាវុធបែបនេះ ដែលភាគច្រើន យើងសូមបញ្ជាក់ ឥឡូវនេះថា បានបញ្ចប់ហើយនោះនឹងធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងច្រើននៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី»។
ស្របពេលមានការចោទប្រកាន់អំពីការផ្តល់អាវុធ និងសម្ភារយោធាទៅឱ្យប្រទេសរុស្ស៊ី កូរ៉េខាងជើងក៏កំពុងស្វែងរកជំនួយយោធាពីសហព័ន្ធរុស្ស៊ី ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន។
ក្រោយជំនួបកំពូលរវាងលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និងសមភាគីកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី ១៣ ខែកញ្ញា រដ្ឋសភាប្រទេសកូរ៉េខាងជើងបានសម្រេចដាក់បញ្ចូលបាវចនាជា «រដ្ឋនុយក្លេអ៊ែរ» ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
យោងតាមសារព័ត៌មាន Al Jazeera ដែលបានតាមដានយ៉ាងដិតដល់លើសង្គ្រាមក្នុងប្រទេសអ៊ុនក្រែន ក្នុងរយៈពេល ៦ ថ្ងៃចុងក្រោយ ទាហានរុស្ស៊ីស្លាប់និងរបួសប្រមាណ ២ ៥០០ នាក់ នៅពេលកងទ័ពថ្មើរជើងរុស្ស៊ីព្យាយាមដណ្ដើមចូលសមរភូមិនៅភាគខាងកើតអ៊ុយក្រែន។
ថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានបញ្ជូនប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ «ATACM» ទៅឱ្យអ៊ុយក្រែន ដែលលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ទទូចចង់បានជាយូរមកហើយសម្រាប់ការធ្វើសង្គ្រាមនេះ។
កូរ៉េខាងជើង និងរុស្ស៊ី បានសន្យាកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធនៅពេលដែលមេដឹកនាំរបស់ពួកគេបានជួបគ្នាក្នុងខែកញ្ញា នៅភាគខាងកើតរបស់រុស្ស៊ី។
តាមរយៈសេចក្តីប្រកាសចុងក្រោយ ត្រីសម្ព័ន្ធមិត្តបានបញ្ជាក់ថា៖ «យើងកំពុងតាមដានយ៉ាងដិតដល់ចំពោះសម្ភារទាំងឡាយណាដែលរុស្ស៊ីផ្តល់ដល់កូរ៉េខាងជើង ដើម្បីគាំទ្រដល់គោលដៅយោធារបស់ទីក្រុងព្យុងយ៉ាង» ដោយបន្ថែមថា ប្រតិបត្តិការអាវុធណាមួយជាមួយកូរ៉េខាងជើងបានរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទីក្រុងម៉ូស្គូខ្លួនឯងបានបោះឆ្នោតគាំទ្រនោះ៕