ទិន្នន័យនៃការស្លាប់និងរបួសក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនបានឡើងដល់ ៣២៧ ៥៩ នាក់ គិតត្រឹមរសៀលថ្ងៃទី ២៦ ខែតុលា ក្រោយផ្ទុះសង្គ្រាមជិត ២០ ថ្ងៃ។ នេះបើយោងតាមទិន្នន័យធ្វើបច្ចុប្បន្នភាពដោយបណ្តាញប្រព័ន្ធផ្សព្វផ្សាយ AL Jazeera ដែលមានមូលដ្ឋាននៅកាតា។
តាមទិន្នន័យនោះ ការស្លាប់និងរបួសបានបែកចែកជា ៣ ផ្នែកធំៗ ដែលរួមមាន ការស្លាប់ និងរបួសក្នុងប្រទេសអ៊ីស្រាអែល តំបន់វ៉េសប៊ែង និងតំបន់ហ្គាហ្សា។
សម្រាប់តំបន់ហ្គាហ្សាមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេ គឺចំនួនសរុប ២៤ ០៨៥ នាក់ ដោយអ្នកស្លាប់ចំនួន ៦ ៥៤៦ នាក់ និងអ្នករបួសចំនួន ១៧ ៤៣៩ នាក់។
ចំណែកតំបន់វ៉េសប៊ែង (West Bank) ដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន មានអ្នកស្លាប់ ១០២ នាក់ និង អ្នករងរបួស ១ ៨៣៦ នាក់។ ភាគីអ៊ីស្រាអែលមានអ្នកស្លាប់សរុបចំនួន ១ ៤០៥ នាក់ និងរងរបួស ៥ ៤៣១ នាក់។
សង្គ្រាមនេះបានផ្ទុះឡើងដោយសារក្រុមហាម៉ាស់បានវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយជាការសងសឹក អ៊ីស្រាអែលបានប្រកាសវាយកម្ទេចក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សា។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាមិនធ្លាប់មាន កម្ទេចមូលដ្ឋានអាវុធនានារបស់ក្រុមហាម៉ាស់ ដែលត្រូវបានរាយការណ៍ថា បានដាក់នៅទីតាំងនានាក្បែរសាលារៀន មន្ទីរពេទ្យ និងវិហារសាសនាជាដើម ហើយ អ៊ីស្រាអែលបានត្រៀមសម្ភារសឹកមានរថក្រោះ រថយន្ត ជាច្រើនដាក់តាមបណ្តោយព្រំដែនហ្គាហ្សាដើម្បីវាយចូលតំបន់នេះតាមផ្លូវគោក៕