សមាជិកមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអង់គ្លេសបានរិះគន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) ជុំវិញការអត្ថាធិប្បាយរបស់លោកអំពីជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់។
អ៊ីស្រាអែលបានអំពាវនាវឱ្យលោក ហ្គុយតឺរ៉េស លាលែងចេញពីតំណែង បន្ទាប់ពីលោកបានថ្លែងក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា «ការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល មិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ»។ កាលពីថ្ងៃពុធ លោកបានបញ្ជាក់ថា ការដែលលោកព្រមទទួលស្គាល់ពីទុក្ខលំបាករបស់ប៉ាឡេស្ទីន មិនមែនមានន័យថាលោកចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាស់ថាជារឿងត្រឹមត្រូវនោះទេ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក អូលីវឺ ដូដេន (Oliver Dowden) បានអំពាវនាវឱ្យលោក ហ្គុយតឺរ៉េស ធ្វើការបកស្រាយបញ្ជាក់បន្ថែមអំពីការបញ្ចេញមតិរបស់គាត់។ រីឯនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ក៏បានគាំទ្រដល់ការអំពាវនាវរបស់ឧបនាយករដ្ឋមន្ត្រីរបស់ខ្លួនផងដែរ។
លោក ដូដេន បានប្រាប់ទៅកាន់ប៉ុស្ដិ៍វិទ្យុមួយឈ្មោះ Times Radio ថា «ខ្ញុំពិតជាមិនយល់ស្របនឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនោះទេ ដូចដែលយើងបានដឹងស្រាប់ហើយអំពីការលើកឡើងរបស់គាត់ ដែលត្រូវបានរាយការណ៍ជាបន្តបន្ទាប់»។
លោកបានបន្ថែមថា៖ «ខ្ញុំយល់ថា មានការបកស្រាយជាបន្តបន្ទាប់អំពីការលើកឡើងរបស់លោក ហ្គុយតឺរ៉េស ប៉ុន្តែយើងមិនគួរបន្ទោសនរណាម្នាក់ក្រៅពីភេរវករនៅហ្គាហ្សា ចំពោះការវាយប្រហារនេះនោះទេ។ វាអាចនឹងជួយសម្រួលស្ថានការណ៍បានខ្លះប្រសិនបើអគ្គលេខាធិការអង្គការសហប្រជាជាតិអាចបញ្ជាក់ពីរឿងនេះសាជាថ្មី»។
បន្ថែមលើនេះ នៅពេលដែលមានការសាកសួរអំពីការថ្លែងរបស់លោក ហ្គុយតេរ៉េស លោក ស៊ូណាក់ បានបញ្ជាក់យ៉ាងច្បាស់ៗថា «ក្រុមហាម៉ាស់ គឺជាក្រុមសកម្មប្រយុទ្ធតែមួយគត់ដែលត្រូវទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្ម។ ពួកគេបានប្រព្រឹត្តអំពើភេរវកម្មដ៏គួរឱ្យភ័យខ្លាច និងដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើន»។
ការលើកឡើងរបស់លោក ហ្គុយតឺរ៉េស បានបង្កឱ្យមានការបែកបាក់គ្នាក្នុងចំណោមមេដឹកនាំនៅអឺរ៉ុប។ ជាក់ស្ដែង ក្រសួងការបរទេសព័រទុយហ្គាល់បានចេញមុខគាំទ្រគោលជំហររបស់លោក ហ្គុយតឺរ៉េស ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ (Reuters) ថាទីក្រុងប៊ែរឡាំងនៅតែមានទំនុកចិត្តលើប្រមុខអង្គការសហប្រជាជាតិ។
បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាស់នៅដើមខែតុលានេះ ភាគីអ៊ីស្រាអែលបានធ្វើការវាយបកត្រលប់វិញ ជាពិសេសតាមរយៈដែនអាកាសដើម្បីសងសឹក ហើយបានដាក់តំបន់ហ្គាហ្សានៅក្រោមការឡោមព័ទ្ធទាំងស្រុង ដោយកាត់ផ្តាច់ប្រេងឥន្ធនៈ អគ្គិសនី និងទឹកសម្រាប់ប្រើប្រាស់ និងបរិភោគ៕