នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​បានសម្រេច​ផ្អាក​ការនាំចេញ​សព្វាវុធ (​ភាគ​​ច្រើន​ផលិត​នៅ​អាមេរិក​) ទៅកាន់​ប្រទេស​ថៃ និង​ទីផ្សារ​ប្រទេស​ដទៃទៀត​ក្នុង​រយៈ​ពេល ​៩០ ​ថ្ងៃ​។ ការផ្អាក​នេះ​ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ការ​គាំទ្រ​របស់ខ្លួន​ចំពោះ​ការផ្ដល់​សព្វាវុធ​ទៅកាន់​ទីផ្សារ​នានា​។​

​ការពិនិត្យ​ឡើងវិញ​នេះ​នឹងធ្វើ​ឡើងជា​បន្ទាន់​ដែល​អាចឱ្យ​នាយកដ្ឋាន​វាយតម្លៃ​កាន់តែ​មាន​ប្រសិទ្ធភាព​ឈានទៅ​កាត់​​បន្ថយ​ហានិភ័យ​នៃ​អាវុធ​ដែល​ត្រូវបាន​លក់​ចេញទៅ​កាន់​ទីផ្សារ​នានា ជាពិសេស​ធានាបាន​នូវ​ការចៀសវាង​ការរំលោភ​សិទ្ធិមនុស្ស ឬ​បង្ក​សកម្មភាព​ឧក្រិដ្ឋកម្ម​។​

​វិធានការ​នេះ​បាន​គ្របដណ្ដប់​លើ​ទីផ្សារ​ធំៗ​មួយចំនួន​ដូចជា​ថៃ ប្រេ​ស៊ី​ល និង​ប្រទេស​ក្វា​តេ​ម៉ា​ឡា ជាដើម ប៉ុន្តែ​យ៉ាងណា​ការសម្រេច​នេះ​មិន​រាប់បញ្ចូល ប្រទេស​អ៊ីស្រា​អែល អ៊ុយ​ក្រែ​ន​ និង​ប្រទេស​ប្រមាណ​ជា ​៤០​ ទៀត​ ដែលមាន​កិច្ចព្រមព្រៀង​ត្រួតពិនិត្យ​ការនាំចេញ​ពហុ​ភាគី​នោះទេ​។​

​ការផ្អាក​នេះដែរ​ក៏មាន​ទាក់​ទិន​ជាមួយនឹង​ករណី​បាញ់​សម្លាប់​រង្គាល​កាលពី​ឆ្នាំមុន​នៅពេលដែល​អតីត​ប៉ូលិស​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ ៣៥​ នាក់​ក្នុងនោះ​មាន​ក្មេង ២២ ​នាក់​។​

​ការស៊ើបអង្កេត​បានបង្ហាញ​ថា​កាំភ្លើង​ម៉ាក The Sig Sauer P365 ដែល​ត្រូវបាន​ប្រើ​ដោយ​ឃាតករ​នាពេលនោះ គឺជា​កាំ​ភ្លើង​ដែល​ផលិត និង​នាំ​ចេញពី​សហរដ្ឋអាមេរិក​។​

​ថៃ គឺជា​ទីផ្សារ​សព្វាវុធ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត​ទូទាំង​ពិភពលោក​។ ចាប់ពី​ឆ្នាំ​ ២០០៥ រហូតដល់​ឆ្នាំ ​២០២២​ ការស៊ើបអង្កេត​បានបង្ហាញ​ថា ​កាំភ្លើង​ចំនួន ៧៩៥ ០០០ ​ដើម​ត្រូវបាន​ចេញពី​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​ថៃ​៕