អង្គការវិបត្តិអន្តរជាតិ (ICG) បានចេញរបាយការណ៍ កាលពីថ្ងៃទី ២៧ ខែតុលា ដោយបានលើកឡើងថា ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជាឱកាសមួយដើម្បីបន្តកិច្ចសន្ទនារវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង កាត់បន្ថយភាពតានតឹង និងកាត់បន្ថយហានិភ័យនៃជម្លោះរវាងភាគីទាំងពីរ។
របាយការណ៍នោះបានបន្ថែមថា សង្គ្រាមលើកោះតៃវ៉ាន់គឺជារឿងដែលអាចជៀសរួច ប៉ុន្តែស្ថានការណ៍បច្ចុប្បន្នគឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។
បច្ចុប្បន្ននេះ តៃវ៉ាន់ត្រូវបានគេចាត់ទុកថាជាតំបន់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាងក្ដៅគគុករវាងចិន និងអាមេរិកដែលតែងតែចេញមុខគាំទ្រដល់តៃវ៉ាន់។ របាយការណ៍នេះផងដែរ បានអំពាវនាវឱ្យភាគីទាំងអស់បោះជំហានថយក្រោយទាំងសងខាង និងកសាងទំនុកចិត្តរវាងគ្នាឡើងវិញ។
កន្លងមក រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង (Xi Jinping) បានចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ហើយបានទទូចថាចិននឹងបង្រួបបង្រួមគ្នាឡើងវិញ។ ចិនបានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបានគ្រប់គ្រងកោះមួយនេះដោយសន្តិវិធី ប៉ុន្តែចិនក៏បានអះអាងថា ខ្លួនអាចនឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់។
ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់ដឹកនាំដោយលោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen)បានបញ្ជាក់ជាច្រើនដងមកហើយថា តៃវ៉ាន់មានឯករាជ្យភាព ហើយប្រជាជនតៃវ៉ាន់បានបដិសេធការចូលមកគ្រប់គ្រងរបស់ចិន។ ជាក់ស្ដែង ការស្ទង់មតិថ្មីៗនេះបានរកឃើញថា ៨៥,៣%នៃប្រជាជនតៃវ៉ាន់ទាំងអស់ ប្រឆាំងនឹងសំណើរបស់ចិនដែលចង់ឱ្យតៃវ៉ាន់អនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។
បន្ទាប់ពីលោកស្រី សៃត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០១៦ ទីក្រុងប៉េកាំងបានផ្ដាច់កិច្ចសន្ទនាជាមួយក្រុងតៃប៉ិដោយសារតែជំហររបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់លោកស្រី មាននិន្នាការប្រឆាំងចិន។ ចាប់តាំងពីពេលនោះមក ចិនបានព្យាយាមផ្តាច់តៃវ៉ាន់ចេញពីឆាកអន្តរជាតិ និងគាបសង្កត់ផ្នែកសេដ្ឋកិច្ច។ ការណ៍នេះបានធ្វើឱ្យប្រជាជនតៃវ៉ាន់កាន់តែប្រឆាំងនឹងការបង្រួបបង្រួម បង្កឱ្យភាគីទាំងពីរស្ថិតក្នុងស្ថានភាពកាន់តែយ៉ាប់យ៉ឺន។
លោកស្រីប្រធានាធិបតីនឹងចុះចេញពីដំណែងនៅឆ្នាំក្រោយ ហើយនេះអាចជាឱកាសសម្រាប់តៃវ៉ាន់ និងចិនអាចបើកកិច្ចសន្ទនាគ្នាម្តងទៀត។ របាយការណ៍របស់ ICG ខាងលើបានផ្ដល់ជាអនុសាសន៍ថា ប្រសិនបើបក្សកាន់អំណាចឈ្នះ តៃវ៉ាន់ និងចិនគួរតែរកវិធីដើម្បីសម្រុះសម្រួលគ្នា។
ប្រសិនបើតៃវ៉ាន់ និងចិនមិនអាចបើកកិច្ចសន្ទនាគ្នាបានភ្លាមៗទាំងស្រុងនោះទេ តៃវ៉ាន់អាចចាប់ផ្តើមជជែកជាមួយចិនអំពីរឿងផ្សេងទៀត ដូចជាពាណិជ្ជកម្ម ឬបរិស្ថានជាដើម។ ទន្ទឹមនឹងនោះ តៃវ៉ាន់ត្រូវខិតខំពង្រឹងវិស័យយោធារបស់ខ្លួន ដើម្បីឲ្យចិនដឹងថា ការវាយប្រហារតៃវ៉ាន់នឹងត្រូវខាតបង់ចំណាយច្រើនលើសលុប នេះបើយោងតាមរបាយការណ៍ដដែល។
អស់រយៈពេលជាច្រើនខែមកនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួនបំពានទៅលើតៃវ៉ាន់ រួមទាំងបានធ្វើសមយុទ្ធរបៀបវាយប្រហារតៃវ៉ាន់ វាយប្រហារតាមអ៊ីនធឺណិត និងបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ទៀតផង។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្តហោះរបស់ចិនបានហោះជុំវិញកោះរបស់ខ្លួនជាច្រើនដង។
របាយការណ៍ខាងលើបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកដែលផ្តល់ជំនួយគ្រឿងសព្វាវុធដល់តៃវ៉ាន់ដើម្បីការពារខ្លួន ក៏ត្រូវទទួលខុសត្រូវផងដែរចំពោះការកាត់បន្ថយភាពតានតឹង ហើយត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀតអំពីរបៀបដែលខ្លួនគាំទ្រតៃវ៉ាន់ ព្រោះសកម្មភាពរបស់អាមេរិកអាចនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់។ របាយការណ៍ក៏បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសតែមួយគត់ដែលពាក់ព័ន្ធនឹងស្ថានភាពនេះទេ ពោលគឺប្រទេសផ្សេងទៀតក៏មានទំនួលខុសត្រូវក្នុងការកាត់បន្ថយភាពតានតឹងផងដែរ។
អ្នកស្រី អាម៉ាន់ដា ស៊ាវ (Amanda Hsiao)អ្នកវិភាគជាន់ខ្ពស់របស់អង្គការវិបត្តិអន្តរជាតិ បានលើកឡើងថា ៖ «ដើ ម្បីអាចដោះស្រាយបញ្ហានេះបាន ចិន សហរដ្ឋអាមេរិក និងតៃវ៉ាន់ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីបញ្ចៀសជម្លោះ។ ទីក្រុងវ៉ាស៊ីនតោនគួរតែបង្ហាញជំហរទៅកាន់ទីក្រុងប៉េកាំងថា ខ្លួនមិនមានគោលបំណងបំបែកតៃវ៉ាន់ពីចិនជាអចិន្ត្រៃយ៍នោះទេ ហើយក្រុងតៃប៉ិគួរតែបង្ហាញជំហរប្រាប់ទីក្រុងប៉េកាំងថា ខ្លួននឹងមិនស្វែងរកឯករាជ្យភាពជាផ្លូវការនោះឡើយ»។
លោកស្រីបន្តថា ៖ «រីឯទីក្រុងប៉េកាំងវិញគួរតែបញ្ជាក់ប្រាប់ទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិឡើងវិញថា ខ្លួននឹងមិនប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើការបង្រួបបង្រួមតៃវ៉ាន់មកវិញនោះទេ»។