ប៉ូលិស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស ៦០ ​នាក់ ដែល​សង្ស័យថា ​បាន​វាយលុក​អាកាសយានដ្ឋាន​មួយ​នៅក្នុង​រដ្ឋ Dagestan​ ដែល​ភាគ​ច្រើន​មាន​ជនមូស្លីម នៅ​តំ​បន់​ Caucasus​ ជា​ប់​ប្រទេស​​អាហ្សៃបៃហ្សង់។ ប្រជាជន​​ក្នុង​រដ្ឋ​នេះ​ភាគច្រើន​ជា​​ជនមូស្លីម ហើយ​ពួកគេ​​ស្វែងរក​ការវាយប្រហារ​លើ​អ្នកដំណើរ​ជនជាតិ​ជ្វី​ហ្វ​ដែល​មកពី​ប្រទេស​អ៊ីស្រាអែល។

យោ​ងតាម​ AFP បាតុករ​រាប់សិប​នាក់ ដែល​ពួកគេ​ភាគច្រើន​បាន​ស្រែកថា «Allahu Akbar» ដែល​មាន​ន័យថា «ព្រះ​គឺ​អស្ចារ្យ​បំផុត» បាន​ទម្លុះ​ទ្វារ និង​របាំង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Makhachkala កាលពី​ថ្ងៃអាទិត្យ ដោយ​ខ្លះ​បាន​សាក​ថ្ម​នៅលើ​ផ្លូវ​រត់។

ក្រសួងមហាផ្ទៃ​បាន​និយាយថា មន្ត្រីប៉ូលិស៩នាក់​បាន​រងរបួស​ពេល​ព្យាយាម​ស្ដារ​សណ្តាប់ធ្នាប់​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ ហើយមន្ត្រី​ប៉ូលិស​២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ។

អំពើ​ហឹ​ង្សា​បាន​ជំ​រុញឱ្យ​អ៊ីស្រាអែល​អំពាវនាវ​ឱ្យ​រុស្ស៊ី​ការពារ​ពលរដ្ឋ​របស់​ខ្លួន។

វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ឧប្បត្តិ​ហេតុនេះ​គឺជា​លទ្ធផល​នៃ «ឥទ្ធិពល​​ពី​ខាងក្រៅ»។

គេហទំព័រ​តាមដាន​ជើងហោះហើរ Flightradar24 បាន​បង្ហាញថា ជើងហោះហើរ Red Wings ចេញពី​ទីក្រុង តែ​ល អាវីវ (Tel Aviv) បាន​ចុះចត​នៅ Makhachkala នៅ​ម៉ោង៧​យប់ ម៉ោង​ក្នុងស្រុក កាលពី​ថ្ងៃអាទិត្យ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ Sota របស់​រុស្ស៊ី​បាន​និយាយថា វា​ជា​ជើងហោះហើរ​ឆ្លងកាត់​ដែល​ត្រូវ​ហោះ​ឡើង​ម្ដងទៀត​សម្រាប់​ទីក្រុង​ម៉ូស្គូ​ពីរ​ម៉ោង​ក្រោយមក។

អភិបាលក្រុង Dagestan លោក Sergei Melikov បាន​សន្យាថា អ្នក​ដែល​ទទួលខុសត្រូវ​នឹងត្រូវ​ទទួលទោស ហើយ​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​បាន​និយាយថា មនុស្ស៦០​នាក់​ត្រូវបាន​ចាប់ខ្លួន។

ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា «អ្នកចូលរួម​សកម្ម​ជាងគេ​​១៥០​នាក់​នៅក្នុង​ភាពចលាចល​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ហើយ ៦០​នាក់​ត្រូវបាន​ចាប់ខ្លួន»។

វា​បាន​បន្ថែមថា៖ «អាកាសយានដ្ឋាន​ឥឡូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កងកម្លាំង​សន្តិសុខ​ទាំងស្រុង។

ទីភ្នាក់ងារ​អាកាសចរ​ណ៍​រុស្ស៊ី​ដំបូង​បាន​និយាយថា អាកាសយានដ្ឋាន​នឹង​នៅតែ​បិទ​រហូតដល់​ថ្ងៃទី ៦ខែវិច្ឆិកា ប៉ុន្តែ​បន្ទាប់មក​បានប្រកាសថា​វា​នឹង​បើក​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ។