សង្គ្រាមដ៏សាហាវក្នុងសម័យបច្ចេកវិទ្យាជឿនលឿនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ទំនងធ្វើឱ្យសម្ព័ន្ធមិត្តយោធាណាតូ បែកខ្ញែកគ្នា ខណៈតួកគីដែលជាសមាជិកសំខាន់មួយក្នុងអង្គការប្រដាប់អាវុធនេះបង្ហាញជំហរគាំទ្រក្រុមហាម៉ាស់ និងដាក់ការស្តីបន្ទោសខ្លាំងមិនធ្លាប់មានចំពោះបស្ចិមប្រទេស។
ក្នុងសង្គ្រាមរយៈពេលចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលភាគច្រើនជាសមាជិករបស់អង្គការណាតូ បានហៅក្រុមហាម៉ាស់ប៉ាឡេស្ទីនជា «ក្រុមភេរវករ» ប្រធានាធិបតីតួកគី លោក រេស៊ីប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) បានច្រានចោលការហៅបែបនេះ ដោយជំនួសមកវិញថា«ក្រុមរំដោះដែលកំពុងប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួន»។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ តួកគីត្រូវបានគេមើលឃើញថាអនុវត្តជំហរអព្យាក្រឹតយ៉ាងល្អ ដោយបង្ហាញខ្លួនថា ជាសម្ព័ន្ធមិត្តរបស់ភាគីជម្លោះ ខណៈពេលដែលទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយពីទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីផង និងប្រទេសអ៊ុយក្រែន ជាពិសេសសម្ព័ន្ធមិត្តលោកខាងលិចដែលជួយជ្រោមជ្រែងផ្តល់ជំនួយដល់អ៊ុយក្រែន។
ប្រទេសតួកគី ដែលចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងឆ្នាំ ១៩៥២ បានក្លាយជាសមាជិកដ៏មានឥទ្ធិពលក្នុងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ព្រមទាំងចេញមុខជំទាស់បំណងរបស់អង្គការប្រដាប់អាវុធធំបំផុតនេះទៀតផង។
តួកគីតែ ១ ប្រទេសគត់ក្នុងចំណោម ៣០ ប្រទេស ដែលជាសមាជិករបស់អង្គការណាតូកាលពីឆ្នាំមុន បានចេញមុខជំទាស់ដោយចំហចំពោះការស្នើចូលជាសមាជិករបស់ប្រទេស ហ្វាំងឡង់ និងស៊ុយអែត ដែលនៅជាប់ប្រទេសរុស្ស៊ី និងភ័យខ្លាចការឈ្លានពានពីសំណាក់រុស្ស៊ីដូចករណីប្រទេសអ៊ុយក្រែនដែរ។
រហូតដល់មានការសម្របសម្រួលនយោបាយមួយដែលប្រើពេលជិត ១ ឆ្នាំ ទើបប្រធានាធិបតី អេរដូហ្គែន បានចុះហត្ថលេខាលើសំណើទៅរដ្ឋសភាតួកគីដើម្បីផ្តល់សច្ចាប័នលើការស្នើសុំចូលសមាជិកណាតូរបស់ស៊ុយអែតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ។
ប៉ុន្តែការប្រកាន់ជំហររបស់តួកគីលើការគាំទ្រក្រុមហាម៉ាស់ អាចធ្វើឱ្យអង្គការប្រដាប់អាវុធណាតូដែលមានឥទ្ធិពលបំផុតនេះបែកខ្ញែកគ្នា ហើយ ប្រទេសតួកគីដែលអាចនឹងងាកទៅចាប់ដៃជាមួយរុស្ស៊ីដែលមានជំហរគាំទ្ររដ្ឋអារ៉ាប់ស្រាប់នោះ ព្រមទាំងគាំទ្រប៉ាឡេស្ទីន។
កាលពីថ្ងៃអាទិត្យប្រធានា ធិបតីតួកគី រេស៊ីប តៃយីប អេរដូហ្គែន ក្នុងពេលបង្ហាញក្បួនកងទ័ពក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានបង្ហាញការប្តេជ្ញាចិត្តថានឹងក្រោកឈរឡើងប្រឆាំងនឹងកងកម្លាំង «ចក្រពត្តិនិយម» ខណៈពេលដែលលោក បានឈរនៅជាមួយកងទ័ពហាម៉ាស់ដែលលោកចាត់ទុកថា ជាក្រុមរំដោះខ្លួនប៉ុណ្ណោះពីការជិះជាន់របស់អ៊ីស្រាអែល។
យោងសារព័ត៌មាន AFP លោក អេរដូហ្គែន បានឡើងកណ្តាលវេទិកាក្នុងអំឡុងពេលព្រឹត្តិការណ៍ពេញ ១ថ្ងៃដែលទាំងបានផ្តល់កិត្តិយសដល់ស្ថាបនិកខាងលោកីយ៍របស់សាធារណរដ្ឋ និងបង្ហាញពីសមិទ្ធផលនៃគណបក្សអ៊ិស្លាមដែលមានឫសគល់របស់លោកដែលបានគ្រប់គ្រងប្រទេសតួកគីតាំងពីឆ្នាំ ២០០២។
លោក អេរដូហ្គែន បាននិយាយបន្ទាប់ពីដាក់កម្រងផ្កានៅវិមានមេទ័ព និងជារដ្ឋបុរសលោក Mustafa Kemal Ataturk ថា៖ «ប្រទេសរបស់យើងស្ថិតក្នុងដៃមានសុវត្ថិភាព អ្នកអាចសម្រាកដោយសន្តិភាព»។
លោកបានបន្ថែមនៅក្នុងសុន្ទរកថានៅល្ងាចមួយនៅទីក្រុងអ៊ីស្តង់ប៊ុលថា៖ «យើងនឹងទទួលបានជោគជ័យ និងទទួលបានជ័យជម្នះ។ គ្មានអំណាចចក្រពត្តិនិយមណាមួយអាចទប់ស្កាត់រឿងនេះបានទេ» យោងតាម JEWISH NEWS SYNDICATE ប្រទេសអ៊ីស្រាអែល បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកវិញ ក្រោយការបង្ហាញការគាំទ្រលើក្រុមហាម៉ាស់របស់រដ្ឋាភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុលក្នុងប៉ុន្មានថ្ងៃនេះ៕