នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃអង្គារនេះ បាននិយាយថា សហរដ្ឋអាមេរិកបានព្យាយាមដាក់សម្ពាធលើម៉ាឡេស៊ី ជុំវិញជំហររបស់ម៉ាឡេស៊ីលើជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ខណៈដែលម៉ាឡេស៊ីបានបង្ហាញការគាំទ្រចំពោះភាគីប៉ាឡេស្ទីន។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Star មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រី អាន់វ៉ា បាននិយាយក្នុងអំឡុងពេលការសួរដេញដោលរបស់រដ្ឋសភាម៉ាឡេស៊ីទៅកាន់នាយករដ្ឋមន្ត្រីនៅ វិមានរដ្ឋសភា Dewan Rakyat កាលពីថ្ងៃអង្គារថា ដោយលោកនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «បេសកជនម៉ាឡេស៊ីប្រចាំសហរដ្ឋអាមេរិកត្រូវបានហៅដោយអាជ្ញាធរអាមេរិក ដែលបានចោទសួរអំពីជំហររបស់យើងចំពោះជម្លោះ ជាពិសេសអំពើហិង្សាដែលបង្កឡើងដោយអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា»។
លោកបានបន្ថែមថា៖ «ឯកអគ្គរដ្ឋទូតរបស់យើងបញ្ជាក់ជំហររបស់យើងយ៉ាងម៉ឺងម៉ាត់»។
លោកបាននិយាយថា ការណ៍នេះកើតឡើងដោយសារម៉ាឡេស៊ីបដិសេធមិនថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាស់ និងចាត់ទុកក្រុមនេះថាជាភេរវជន ដូចដែលបច្ចឹមលោកបានហៅក្នុងពេលកន្លងមកនោះទេ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមថា៖ «ក្រសួងការបរទេសបានជូនដំណឹងខ្ញុំថា ម៉ាឡេស៊ីបានទទួលការជូនដំណឹងពីស្ថានទូតអាមេរិកពីរដងគឺនៅថ្ងៃទី ១៣ ខែតុលា និងថ្ងៃទី ៣០ ខែតុលា ដែលម៉ាឡេស៊ីត្រូវបានស្នើឲ្យប្រើបណ្តាញការទូតដើម្បីជំរុញប្រទេសមួយកុំឲ្យទាញយកប្រយោជន៍ពីជម្លោះដោយប្រើប្រាស់អ្នកតំណាងក្នុងជម្លោះដែលចូលរួមជម្លោះនៅហ្គាហ្សា»។
ទោះបីលោកមិនបានបញ្ជាក់ពីប្រទេសនោះ ប៉ុន្តែគេជឿថាប្រទេសដែលអាមេរិកសំដៅទៅគឺអ៊ីរ៉ង់។
លោក អាន់វ៉ា បានរំលឹកឡើងវិញនូវជំហរឯករាជ្យរបស់ម៉ាឡេស៊ី ដោយនិយាយថា ម៉ាឡេស៊ីនឹងនៅតែរឹងមាំនៅក្នុងការពិចារណាផ្នែកមនុស្សធម៌របស់ខ្លួន និងថ្កោលទោសការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែលលើប៉ាឡេស្ទីន។
លោកបានកត់សម្គាល់ថា៖«នយោបាយ និងភាពគ្មានសណ្តាប់ធ្នាប់មិនមែនចាប់ផ្តើមតែពីខែមុនទេ ប៉ុន្តែវាបានបន្តរាប់ទសវត្សរ៍ចាប់តាំងពីឆ្នាំ ១៩៤៨»។
លោកបានបន្ថែមថា៖«ដូច្នេះ វាជារឿងមិនសមហេតុផលក្នុងការទុកឱ្យមានអំពើហិង្សា ការឈ្លានពាន និងអាណានិគមរបស់អ៊ីស្រាអែលនៅលើទឹកដីអារ៉ាប់ប៉ាឡេស្ទីន»។
លោកបាននិយាយថា ខណៈពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនត្រូវបានថ្កោលទោស វាមិនត្រូវបានធ្វើដូចគ្នានៅក្នុងការកាន់កាប់របស់អ៊ីស្រាអែលលើប៉ាឡេស្ទីន ជាពិសេសដោយប្រទេសដូចជាសហរដ្ឋអាមេរិក ទោះបីជាវាបានបន្តអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។
នៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតម៉ាឡេស៊ីសម្រាប់ប៉ាឡេស្ទីនកាលពីសប្តាហ៍មុន លោក អាន់វ៉ា បាននិយាយថា ម៉ាឡេស៊ីបានទទួលការរិះគន់ពីបណ្តាប្រទេសដែលគាំទ្រអ៊ីស្រាអែល ជាពិសេសសហរដ្ឋអាមេរិកចំពោះការអាណិតអាសូរដល់តំបន់ហ្គាហ្សា និងប៉ាឡេស្ទីន។
ក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏រន្ធត់មួយពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ខែតុលា ក្នុងអំឡុងពេលវិស្សមកាលរបស់ជនជាតិជ្វីហ្វ នៅ Simchat Torah ដោយប្រើប្រាស់រ៉ុក្កែតរាប់ពាន់គ្រាប់បាញ់សំដៅទៅលើអ៊ីស្រាអែល និង តាមមធ្យោយផ្លូវអាកាសនិងផ្លូវគោក។
ជាការឆ្លើយតប អ៊ីស្រាអែលបានសងសឹកជាមួយនឹងការវាយប្រហារតាមអាកាស និងប្រតិបត្តិការយោធា។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៨៣០៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជាង២០ថ្ងៃមកនេះ ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលមានលើសពី ១៤០០ នាក់៕