រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara នៅថ្ងៃអង្គារ បានចាប់ផ្តើមដំណើរទស្សនកិច្ចជាបន្ទាន់មួយទៅកាន់ប្រទេសកាតា និងអេហ្ស៊ីប ដែលស្និទ្ធជាមួយក្រុមហាម៉ាស់ ដើម្បីពិភាក្សាអំពីជោគវាសនារបស់ជនជាតិថៃ ២២ នាក់ ដែលក្រុមហាម៉ាស់ ចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងការវាយប្រហាររបស់ខ្លួន លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ យោងទីភ្នាក់ងារព័ត៌មានបារាំង AFP។
តាម AFPដដែល លោកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានថ្លែងកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីយកពលរដ្ឋថៃត្រឡប់មកកាន់មាតុប្រទេសវិញ។
នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃបានបញ្ជូនរដ្ឋមន្ត្រីការបរទេស Parnpree Bahiddha-Nukara ទៅជួបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតានៅថ្ងៃអង្គារ មុនពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនៅថ្ងៃពុធ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោករដ្ឋមន្ត្រី Parnpree នឹង៖«ពិភាក្សាអំពីស្ថានភាពរបស់ជនជាតិថៃដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ជាលទ្ធផលនៃអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សា»។
រដ្ឋាភិបាលថៃបានឱ្យដឹងក្នុងពេលកន្លងមកថា ជនជាតិថៃប្រហែល ៣០០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល ភាគច្រើននៅក្នុងវិស័យកសិកម្ម នៅពេលដែលជម្លោះបានផ្ទុះឡើង។
យោងតាមក្រសួងបានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិថៃចំនួន ៣២នាក់បានស្លាប់ក្នុងជម្លោះនិង ១៩ នាក់បានរងរបួស។
ក្រសួងការបរទេសនៅទីក្រុងបាងកកបាននិយាយថា ចំណាប់ខ្មាំងជាង ២៣០នាក់ ក្នុងនោះមាន២២នាក់ជាជនជាតិថៃ កំពុងត្រូវបានក្រុមហាម៉ាស់ចាប់ឃុំឃាំងនៅហ្គាហ្សា នេះបើយោងតាមតួលេខចុងក្រោយរបស់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅប្រទេសឡាវនៅថ្ងៃចន្ទថា៖«យើងប្រៀបដូចជាជនរងគ្រោះនៃសង្គ្រាម។
យើងទទួលរងផលប៉ះពាល់ច្រើនជាងព្រោះមានពលករមកពីប្រទេសថៃក្នុងប្រទេសអ៊ីស្រាអែលច្រើនជាងមកពីប្រទេសផ្សេងទៀត»។
ចាប់តាំងពិជម្លោះសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី៧រហូតដល់ដល់ពេលនេះ អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា មនុស្សជាង ១៤០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលដែលបានធ្វើឡើងដោយក្រុមហាម៉ាស៉ប៉ាឡេស្ទីន។
ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាយ៉ាងចាស់ដៃជាកន្លែងដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា មនុស្សជាង ៨៣០០ នាក់ត្រូវបានសម្លាប់ ក្នុងនោះជាង ៣០០០ នាក់ជាកុមារ៕