កងទ័ព​អ៊ីស្រាអែល​ប្រដាប់​ដោយ​រថក្រោះ​បាន​វាយ​ផ្ទប់​តំបន់​ភាគ​ខាងជើង​ហ្គា​ហ្សា​ ដែលជា​ទីតាំង​ដ៏​សំខាន់​របស់​ក្រុមហាម៉ាស់​នៅ​​ហ្គា​ហ្សា​ ហើយ​បានដាក់​គោលដៅ​វាយលុក​បាញ់​ឆ្ពោះទៅ​ភាគខាងត្បូង​នៃ​តំបន់​ហ្គា​ហ្សា កាលពី​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣។

បើតាម​សម្ដី​របស់​សាក្សី​ការវាយប្រហារ​កាន់តែខ្លាំង​របស់​អ៊ីស្រាអែល​នាពេលនេះ​រឹតតែ​​ទាក់​ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​ក្នុងការ​ចូលរួម​ការពា​រ​ជីវិត​ប្រជាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន។

ទាក់ទង​នឹង​រឿងនេះ ​យោធា​អ៊ីស្រាអែល​បាន​និយាយថា ​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​សកម្មប្រយុទ្ធ​ជាង ៦០០ ទីតាំង​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ។ ក្នុងនោះ​អ៊ីស្រាអែល​ក៏បាន​ពង្រីក​ប្រតិបត្តិការ​ជើងគោក​ដែលជា​កន្លែង​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​ត្រូវការ​ប្រេងឥន្ធនៈ​អាហារ​និង​ទឹកស្អាត​ខ្លាំង​ខណៈដែល​សង្គ្រាម​ឈាន​ចូលដល់​សប្តាហ៍​ទី​បួន​ទៅហើយ។

នៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​សន្ធោសន្ធៅ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​មកនេះ មន្ត្រី​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​នៅ​ទីក្រុង​ហ្គា​ហ្សា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ មនុស្ស​ចំនួន ៨ ៣០៦ នាក់​ រួមទាំង​អ​និតិ​ជន​ចំនួន ៣ ៤៥៧ នាក់ ​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយលុក​តាម​អាកាស​ និង​ជើងគោក​រយៈពេល ៣ សប្តាហ៍​កន្លងទៅនេះ​រប​ស់​អ៊ីស្រាអែល។

ដោយសារ​ការវាយប្រហា​រ​ជា​បន្តបន្ទាប់​របស់​អ៊ីស្រាអែល​បែបនេះ​បានធ្វើឱ្យ​ឡាន​ជំនួយ​មនុស្សធម៌​តិចជាង​មុន​អាច​ចូល​ទៅដល់​តំបន់​ដែល​ប្រជាជន​កំពុងមាន​តម្រូវការ​អាហារ។មូលហេតុ​នេះ​ផងដែរ​ដែលនាំឱ្យ​ប្រជាជន​ស៊ីវិល​នាំគ្នា​សម្រុកចូល​ឃ្លាំង​ស្តុក​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ស្វែងរក​អាហារ។

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន (UNRWA) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ការ​សម្រុកចូល​របស់​ប្រជាជន​ស៊ីវិល​នោះបាន​ធ្វើឱ្យ​មជ្ឈមណ្ឌល​ចែកចាយ​ជំនួយ​របស់​អង្គការសហប្រជាជាតិ​ចំនួន​បួន​និង​កន្លែង​ស្តុក​ទុក​មួយ​រង​ការខូចខាត​យ៉ាងដំណំ​ជាពិសេស​បាន​ប៉ះពាល់​ទៅដល់​ដំណើរការ​ស្តុក​ទុក​អាហារ​បម្រុង​នៅក្នុង​ឃ្លាំង។

យ៉ាងណាមិញ​មុន​ការវាយប្រហារ​នោះ​អ៊ីស្រាអែល​បាន​ក៏បាន​ជូនដំណឹង​ទៅដល់​ជន​ស៊ីវិល​ឱ្យ​ផ្លាស់​ទី​ពី​ភាគ​ខាងជើង​នៃ​តំបន់​ហ្គា​ហ្សា ទៅកាន់​ភាគខាងត្បូង​ដើម្បី​អនុញ្ញាតឱ្យ​ខ្លួន​តាម​ចាប់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ដែល​កំពុង​លាក់ខ្លួន​ក្នុង​ផ្លូវ​រូង​ក្រោម​ដី ក្រោម​ទីក្រុង​ហ្គា​ហ្សា។

ប៉ុន្តែ​យ៉ាងណា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​នាក់​នាពេលនេះ​កំពុង​រស់នៅក្នុង​ភាពមិនប្រាកដប្រជា​ដោយ​អ្នកខ្លះ​ភ័យខ្លាច​ថា​ពួកគេ​អាច​ក្លាយជា​មនុស្ស​គ្មាន​ផ្ទះសម្បែង​ដូច​ប្រជាជន​ជំនាន់​មុន​ហើយ​ខ្លះទៀត​ព្រួយបារម្ភ​ថា​អ៊ីស្រាអែល​អាច​នឹង​វាយប្រហារ​តាមផ្លូវ​អាកាស​បន្តទៅ​ភាគខាងត្បូង​ទៀត៕